នាយករដ្ឋមន្ត្រីប្រទេសម៉ាឡេស៊ីអបអរសាទរចំពោះសម្តេចតេជោ ជាមេដឹកនាំបន្តទៀត

វិទ្យុជាតិកម្ពុជា៖ ដោយ លោក ហោ សេងគ្រី៖

ក្នុងឱកាស អបអរសាទរចំពោះជ័យជម្នះរបស់គណបក្សប្រជាជនកម្ពុជា ក្នុងការបោះឆ្នោតសកលនីតិកាលទី៦របស់កម្ពុជា ឯកឧត្ដម នាយករដ្ឋមន្ត្រីប្រទេសម៉ាឡេស៊ីបានចាត់ទុកថាសំលេងគាំទ្រដ៏ច្រើនលើសលប់របស់ប្រជាជនកម្ពុជាដែលបានបោះឆ្នោតជ្រើសរើសសម្តេចតេជោ ជាមេដឹកនាំបន្តទៀត គឺជាសក្ខីភាពនៃជំនឿ និងទំនុកចិត្តដែលពួកគេនៅតែមានចំពោះសម្តេចតេជោ។

ក្នុងសារលិខិតផ្ញើជូនសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែននាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាឯកឧត្ដមបណ្ឌិត មហាធា ប៊ិន មហាម៉ាត់នាយករដ្ឋមន្ត្រីប្រទេសម៉ាឡេស៊ីមានជំនឿជឿជាក់ថា នេះជាឱកាសដ៏ប្រពៃសម្រាប់ម៉ាឡេស៊ី និងកម្ពុជាបន្តពង្រឹងទំនាក់ទំនងរបស់យើង។

ឯកឧត្ដម នាយករដ្ឋមន្ត្រីប្រទេសម៉ាឡេស៊ីបានបន្តថាបើមើលទៅអតីតកាលវិញ ពួកយើងបានរួមដំណើរមកជាមួយគ្នាយ៉ាងវែងឆ្ងាយក្នុងអាស៊ាន។ ជាការច្បាស់ណាស់ថា អនាគតក្នុងតំបន់របស់ពួកយើង ពឹងផ្អែកទៅលើការបេ្តជ្ញាចិត្តរបស់យើងក្នុងការប្រកាន់នូវគោលការណ៍សន្តិភាព សេរីភាព និងអព្យាក្រឹត្យភាព។

ឯកឧត្ដមបណ្ឌិតមហាធា ប៊ិន មហាម៉ាត់ជឿថា ទាំងម៉ាឡេស៊ី ទាំងកម្ពុជា និងបណ្តាប្រទេសសមាជិកអាស៊ានទាំងអស់នឹងបន្តការប្តេជ្ញាចិត្តរបស់យើងជាថ្មី ចំពោះគោលការណ៍ទាំងនេះ។

ឯកឧត្ដម បានប្រសិទ្ធិពរជ័យជូន សម្តេចតេជោ ក្នុងការបន្តដឹកនាំកម្ពុជាឆ្ពោះទៅរកវឌ្ឍនភាព និងវិបុលភាពកាន់តែប្រសើរឡើង៕