អ្នកសារព័ត៌មានកម្ពុជា ចុះកម្មសិក្សាដោយផ្ទាល់ ទៅដល់ទីតាំង​​ស្តុប​ទឹកបញ្ជៀសការជន់ លិច នៅក្នុងទីក្រុងហូជីមិញ

AKP ហូជីមិញ, វៀតណាម ថ្ងៃទី ២៦ ខែកញ្ញា ឆ្នាំ ២០១៨ — សិក្ខាកាមជាអ្នកសារព័ត៌មានកម្ពុជាចំនួន៣០រូប បានចុះកម្មសិក្សាដោយផ្ទាល់ ទៅដល់ ទីតាំង​ទំនប់ស្តុបទឹក ដើម្បីបញ្ជៀសការជន់លិច​ទីក្រុង​ហូជីមិញ បន្ទាប់ពីបាន​សិក្សាទ្រឹស្តី​​អស់​រយៈ​ពេល​៣ថ្ងៃរួមមក។

ក្រោយឆ្លងកាត់រយៈពេលបីថ្ងៃនៃវគ្គបំប៉ន សមត្ថភាព ធ្វើកាសែតអំពី​ព្រឹត្តិការណ៍ធំៗ នៅក្នុងទីក្រុងហូជីមិញ ប្រទេសវៀតណាមរួចមក សិក្ខាកាមអ្នកសារព័ត៌មាន កម្ពុជាទាំង៣០​រូប ត្រូវបានភាគីវៀតណាម ផ្ដល់ឱកាសឱ្យចុះទៅ​យកព័ត៌មានជាក់ស្ដែង​ដល់ទីតាំង​គម្រោង​ស្ថាបនា ទំនប់ស្តុបទឹកបញ្ជៀសការជន់លេចក្នុងទីក្រុងដ៏ធំមួយ ស្របពេល​ដែល​ប្រធានបទនេះ កំពុង​ទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង​ពីសំណាក់បណ្ដាសារព័ត៌ មាន​​ទាំងក្នុងស្រុក និងបរទេស ដោយសារការសាងសងទំនប់ទឹកនេះ ត្រូវបានផ្អាក មិន​ដំណើរការអស់រយៈពេល៥ខែមកហើយ។

ថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មានកម្ពុជា ដែលបានអញ្ជើញទៅដល់ទីតាំងទំនប់​ទឹកនោះ នាព្រឹកថ្ងៃទី​២៦ ខែកញ្ញា ឆ្នាំ២០១៨នេះ លោក Nguyen Tam Tien អគ្គនាយកក្រុមហ៊ុន TrungNam Group ដែលជា​ក្រុមហ៊ុនទទួលបន្ទុក ស្ថាបនាទំនប់បញ្ជៀសទឹកនេះ បានឱ្យ ដឹងថា ការផ្អាកបណ្ដោះ​អាសន្ននេះ គឺបណ្ដាលមកពីក្រុមហ៊ុនជូបនឹងបញ្ហាហិរញ្ញវត្ថុខ្លះៗ។ ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយ លោកបានអះអាងថា គម្រោងនេះនឹងអាចចាប់ផ្តើមដំណើរ ការឡើងវិញ នាពាក់កណ្ដាល​ខែតុលា​ឆ្នាំ២០១៨ខាងមុខនេះ បន្ទាប់ពីក្រុមហ៊ុន​ទទួលបានកម្ចី ឥណទានក្នុងអត្រា​ការប្រាក់​ទាប ពីធនាគារ​រដ្ឋរបស់វៀតណាម។


លោក ឡេ​ ស៊ុនជ្រុង ជាគ្រូវបង្គោលក្នុងវគ្គបណ្ដុះបណ្ដាលនេះ បានលើកឡើងថា ការ​ផ្តល់ឱកាសឱ្យសិក្ខាកាមជាអ្នកសារព័ត៌មានកម្ពុជា បានចុះទៅដល់ទីតាំង​ដោយ​ផ្ទាល់​​​​នាពេល នេះ គឺដើម្បីបង្ហាញឱ្យឃើញពីទិដ្ឋភាពជាក់​ស្ដែង នៃព្រឹត្តិការណ៍​ព័ត៌មាន ដែលបានកើតឡើង ដើម្បីងាយស្រួលប្រមូលព័ត៌មាន ផ្សព្វផ្សាយជាសាធារណៈ ដល់មហាជនបានគ្រប់​ជ្រុង ជ្រោយ ជៀសវាងការសរសេរព័ត៌មាន ដែលមិនពិត ឬគ្មាន​ប្រភព និងទីតាំង​កើតហេតុច្បាស់​លាស់។

លោកបន្ថែមថា អ្នករាយការណ៍ព័ត៌មាន ត្រូវចេះឈ្វេងយល់ពីចំណុចសំខាន់​នៃ ព័ត៌មាន ឱ្យបានច្បាស់លាស់ ត្រូវដឹងថា ព័ត៌មានណា ដែលសំខាន់សម្រាប់ប្រជាពលរដ្ឋ ទូទៅ ដែលជាប្រភេទព័ត៌មានថ្មី ប្លែក និងបម្រើដល់ប្រយោជន៍ជាសាធារណៈ។

គួរបញ្ជាក់ថា វគ្គបណ្ដុះបណ្ដាលបំប៉នសមត្ថភាព ធ្វើកាសែតអំពីព្រឹត្តិការណ៍ធំៗ ដែលរៀបចំឡើង​នៅទីក្រុងហូជីមិញនេះ មានរយៈពេល៥ថ្ងៃ ចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៨៕

ដោយ ម៉ៅ ចរិយា