ADB ព្យាករណ៍ថា កម្ពុជាបន្តរក្សាកំណើនសេដ្ឋកិច្ចរឹងមាំ ដែលគំាទ្រដោយការនាំចេញ និងតម្រូវការក្នុងស្រុក

AKP ភ្នំពេញ ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៨ — ធនាគារអភិវឌ្ឍន៍អាស៊ី ហៅកាត់ថា (ADB) ព្យាករណ៍ថា ផលិតផលក្នុងស្រុកសរុប (ផ.ស.ស) របស់ប្រទេសកម្ពុជា នឹងបន្តរក្សាកំណើនរឹងមាំ ក្នុងឆ្នាំ២០១៨ ជាមួយនឹង​ការរំពឹ​ង​ទុ​​កថា ការនាំចេញ និងការប្រើប្រាស់ក្នុងស្រុកនឹងមានលទ្ធផលល្អប្រសើរ។


សេចក្ដីប្រកាសព័ត៌មានដែលចេញផ្សាយនាថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៨ ដោយធនា គារ​អភិ​វឌ្ឍន៍អាស៊ី(ADB)បានឱ្យដឹងថា ក្នុងការធ្វើបច្ចុប្បន្នភាពរបាយការណ៍ពិសេសរបស់ខ្លួន​ដែ​ល​មានឈ្មោះថា ទស្សនៈវិស័យអភិវឌ្ឍន៍អាស៊ី (ADO) ឆ្នាំ ២០១៨ ADB ព្យាករណ៍ថា ប្រ​ទេស​កម្ពុជានឹងមានកំណើនសេដ្ឋកិច្ចប្រមាណ ៧,០ភាគរយ សម្រាប់ឆ្នាំ ២០១៨ និង ២០១៩ ខណៈ​​ដែលសេដ្ឋកិច្ចរបស់ប្រទេសកំពុងអភិវឌ្ឍន៍ភាគច្រើននៅអាស៊ី នៅបន្តកំណើនថេរ ហើយ​ប្រ​ទេស​ឧស្សាហកម្មធំៗមានភាពរឹងមាំកម្រិតមធ្យម។

លោកស្រី Sunniya Durrani-Jamal នាយក ADB ប្រចាំប្រទេសកម្ពុជា មាន​ប្រសា​ស​ន៍​ថា​ “សេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា បន្តកើនឡើង ក្នុងល្បឿនដ៏រឹងមាំ ដោយសារតែមានការ​ជំរុ​ញ​​ពីកំណើនការនាំចេញដ៏រឹងមាំ ការកើនឡើងនៃចំនួនភ្ញៀវទេសចរ តម្រូវការក្នុងស្រុក​មា​ន​សន្ទុះខ្លាំងក្លា និងការពង្រីកគោលនយោបាយសារពើពន្ធ។ ប៉ុន្តែ កំណើនប្រាក់ឈ្នួល​ដ៏​ឆាប់រ​ហ័​ស ដោយពុំមានកំណើនផលិតភាព អាចបង្កឱ្យមានហានិភ័យក្នុងស្រុកចម្បងមួយ ដែល​អាច​ប៉ះពាល់ដល់សមត្ថភាពប្រកួតប្រជែងរបស់ប្រទេសកម្ពុជា ជាមួយនឹងប្រទេសដទៃទៀត ដែ​លបន្តពឹងអាស្រ័យលើកម្លាំងពលកម្មដែលមានថ្លៃឈ្នួលទាប”។ ការនាំចេញទំនិញ កើន​ឡើ​ង ១៣,៣ភាគរយ ហើយការនាំចូលទំនិញ កើនឡើង ២៥,៧ភាគរយ ដោយសារតម្រូវការ ក្នុងស្រុក​ខ្ព​ស់​​ក្នុងឆមាសទីមួយ នៃឆ្នាំ ២០១៨។

ឱនភាពគណនីចរន្ត ដោយមិនរាប់បញ្ចូល ជំនួយ​ឥត​សំ​ណ​ង​ពីបរទេស ត្រូវបានរំពឹងថានឹងកើនឡើងដល់ ១២,១ភាគរយ នៃ ផ.ស.ស នៅឆ្នាំនេះ ពោល​គឺ​កើន​ពី ១០,៩ភាគរយ ក្នុងឆ្នាំ ២០១៧ ប៉ុន្តែគេរំពឹងថា ឱនភាពនេះ នឹងថយចុះមកវិញ នៅឆ្នាំ​ក្រោ​យ​។​ ទោះយ៉ាងណា ការព្យាករណ៍ចុងក្រោយនេះ នៅតែលើស កម្រិតព្យាករណ៍ក្នុងរបាយការណ៍ ADO កាលពីខែមេសា ដែលបានប៉ាន់ប្រមាណ ឱនភាពគណនីចរន្ត ក្នុងកម្រិត ១១,១ភាគរយ នៃ ផ.ស.ស ក្នុងឆ្នាំ ២០១៨ និង ១០,៨ភាគរយ ក្នុងឆ្នាំ២០១៩។ វិស័យទេសចរណ៍ បានបន្តកើនឡើង ដែ​លមួយផ្នែកធំដោយសារកំណើន ចំនួនភ្ញៀវទេសចរមកពីសាធារណរដ្ឋប្រជាមានិតចិន។ ជ​ញ្ជី​ងទូទាត់ជារួម នឹងនៅបន្តរក្សាអតិរេក ដោយសារតែលំហូររឹងមាំនៃការវិនិយោគ​ដោយ​ផ្ទា​ល់​ពី​បរទេស ដែលនាំឱ្យមានការបន្តការកើនឡើងនូវទុនបម្រុងបរទេសបន្ថែមទៀត គឺពី៩,១ ពាន់​​លាន​ដុ​ល្លារក្នុងខែកក្កដា ឆ្នាំ ២០១៨ រហូតដល់ប្រមាណជា ១០ ពាន់លានដុល្លារ នៅចុងឆ្នាំ ២០​១៨ ដែលអាចរ៉ាប់រងចំណាយសម្រាប់ការនាំចូលបានរយៈពេល ៦ ខែ។

សេចក្ដីប្រកាសព័ត៌មានបានឱ្យដឹងទៀតថា បើទោះជាកំណើនសេដ្ឋកិច្ចមានភាពរឹងមាំ​ក៏​ដោយ អត្រាអតិផរណាបានថមថយមកវិញ ដោយគិតជាមធ្យមស្ថិតក្នុងកម្រិត ២,៤ភាគរយ នៅ​ក្នុង​​រយៈពេល ៦ខែដំបូង ក្នុងឆ្នាំ២០១៨ គឺថយចុះពី ៣,៤ភាគរយ រយៈពេលដូចគ្នាកាលពីឆ្នាំមុន ដោ​យ​សារតែកំណើនក្នុងកម្រិតទាបនៃតម្លៃស្បៀងអាហារ។ មានការព្យាករណ៍ថា អត្រាអតិផរ​ណា​គិតជាមធ្យម នឹងមានកម្រិត ២,៦ភាគរយ នៅឆ្នាំនេះ ហើយនឹងកើនឡើងដល់ប្រមាណ ៣,០ភាគរយ នៅ​ឆ្នាំក្រោយ។ ការកើនឡើងនៃចំណាយរបស់រដ្ឋាភិបាល ដោយសារការបង្កើនការវិនិយោគ សាធារណៈ និងបៀវត្សរ៍សម្រាប់វិស័យសាធារណៈ ក៏បានជួយរុញច្រានកំណើនសេដ្ឋកិច្ចក្នុ​ង​ឆ្នាំ​ ២០១៨ផងដែរ។ ចំណូលក្នុងរយៈពេល ប្រំាមួយខែដំបូង ក្នុងឆ្នាំ ២០១៨ ស្មើនឹង ៥៣,៣ភាគរយ នៃផែនការថវិកា សម្រាប់ឆ្នាំនេះ។

ក្នុងពេលជាមួយគ្នា ចំណាយមានត្រឹមតែ ៣៤,៥ភាគរយ តែ​ប៉ុ​ណ្ណោះ​។ យ៉ាងណាក៏ដោយ បទពិសោធន៍កន្លងមកបង្ហាញថា ចំណាយ មានការកើនឡើង​នៅ​ចុ​ង​ឆ្នាំ។ គេរំពឹងថា ឱនភាពសារពើពន្ធនៅឆ្នាំនេះ នឹងកៀកទៅនឹងផែនការថវិកា ពោលគឺប្រ​ហាក់​​ប្រហែលនឹង ៥,១ភាគរយ នៃ ផ.ស.ស។ ធនាគារអភិវឌ្ឍន៍អាស៊ីប្តេជ្ញានំាមកនូវវិបុលភាព បរិ​យា​ប័ន្ន​ ភាពធន់ និងនិរន្តរភាព សម្រាប់តំបន់អាស៊ី និងប៉ាស៊ីហ្វិក ហើយក្នុងពេលជាមួយគ្នា នឹង​បន្តរក្សាចីរភាពនៃកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួន ក្នុងការលុបបំបាត់ភាពក្រីក្រធ្ងន់ធ្ងរ។

គួរបញ្ជាក់ដែរថា ដោយបង្កើតឡើងក្នុងឆ្នាំ ១៩៦៦ ធនាគារនេះ គឺជាកម្មសិទ្ធិរបស់​ប្រ​ទេ​សជាសមាជិកចំនួន ៦៨ ដែលក្នុងនោះមាន ៤៩ ប្រទេស មកពីតំបន់នេះ។ ក្នុងឆ្នាំ ២០១៧ ប្រតិបត្តិការរបស់ធនាគារអភិវឌ្ឍន៍អាស៊ី មានទឹកប្រាក់សរុប ៣២,២ ពាន់លានដុល្លារ ដែល​ក្នុង​នោះ មាន១១,៩ ពាន់លានដុល្លារជាសហហិរញ្ញប្បទាន៕

ដោយ ជឹម ណារី