រាជរដ្ឋាភិបាលត្រៀមរៀបចំបទបញ្ញត្តិផ្សេងៗដើម្បីគ្រប់គ្រងសេដ្ឋកិច្ចតាមប្រព័ន្ធបច្ចេកវិទ្យា

AKP ភ្នំពេញ ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៨ — រាជរដ្ឋាភិបាលកម្ពុជាបានរៀបចំ និងកែសម្រួលគោលនយោបាយ និងបទបញ្ញត្តិពាក់ព័ន្ធ ផ្សេងៗដើម្បីគ្រប់គ្រងសេដ្ឋកិច្ចតាមប្រព័ន្ធបច្ចេកវិទ្យា ស្របពេលដែលបច្ចុប្បន្នកម្ពុជាមាន ការផ្លាស់ប្តូរពីការធើ្វពាណិជ្ជកម្មតាមបែបប្រពៃណី មកប្រតិបត្តិការពាណិជ្ជកម្មតាមបណ្តាញ អ៊ិនធឺណែត ។ 
ក្នុងកិច្ចប្រជុំពិនិត្យលទ្ធផលនៃការសិក្សាស្តីអំពីសារពើពន្ធអេឡិចត្រូនិច (E-tax) កាលពីថ្ងៃទី ២៥ ខែ កញ្ញា ឆ្នាំ ២០១៨ នាទីស្តីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ឯកឧត្តមអគ្គបណ្ឌិត សភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានមាន ប្រសាសន៍ថា ក្នុងបរិបទថ្មីសម័យសេដ្ឋកិច្ចឌីជីថលតម្រូវឱ្យរាជរដ្ឋាភិបាលត្រូវរៀបចំ និងកែ សម្រួលគោលនយោបាយ និងបទបញ្ញត្តិពាក់ព័ន្ធផ្សេងៗ ឱ្យស្របទៅតាមនិន្នាការនេះ ដើម្បី ចាប់យកឱកាស ជំរុញការរីកចម្រើននៃទីផ្សារធុរកិច្ចបច្ចេកវិទ្យា គ្រប់គ្រងបរិស្ថានធុរកិច្ច ក៏ដូច ជាកាត់បន្ថយនូវហានិភ័យដែលអាចកើតឡើងជាយថាហេតុដោយបច្ចេកវិទ្យាទាំងនេះ។

ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យបានបន្ដថា បច្ចុប្បន្ន ក្នុងប្រទេសកម្ពុជា និន្នាការសេដ្ឋកិច្ច ឌីជីថលនេះ បានលេចរូបរាងជាបណ្តើរៗ និងបានបង្កើតបានជាសកម្មភាពធុរកិច្ចថ្មីៗ តាម ប្រព័ន្ធអ៊ិនធឺណែត ស្របពេលដែលអតិថិជនកំពុងសម្របខ្លួនជាបណ្តើរៗក្នុងការប្រើប្រាស់នូវ បច្ចេកវិទ្យានានា។ ឯកឧត្ដមបានបន្ដទៀតថា ស្ថិតក្នុងបរិបទនេះ កម្ពុជាមិនទាន់មានយន្ត ការជាក់លាក់ក្នុងការប្រមូលចំណូលសារពើពន្ធពីប្រតិបត្តិការពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកនៅឡើយ ហើយបញ្ហានេះកំពុងតែត្រូវបានគិតគូរ ទាំងក្នុងក្របខ័ណ្ឌសកលលោក និង តំបន់។

ជាមួយគ្នានេះ តាមរយៈលទ្ធផលនៃការសិក្សាបឋមកម្ពុជាកំពុងស្ថិតនៅក្នុងដំណាក់ កាលដំបូង ឬដំណើរចាប់ផ្តើម នៃការរៀបចំខ្លួនចាប់យកឱកាសពីសេដ្ឋកិច្ចឌីជីថល ដែលនឹង តម្រូវឱ្យរាជរដ្ឋាភិបាលកម្ពុជាត្រូវគិតគូរជាចម្បងនូវការជួយជំរុញសកម្មភាពពាណិជ្ជកម្មអេឡិចត្រូនិកឱ្យកាន់តែរីកចម្រើនថែមទៀត ឱ្យឈានដល់ ដំណាក់កាលរីកចម្រើន ស្របនឹង និន្នាការរបស់ប្រទេសផ្សេងៗក្នុងតំបន់។ ឯកឧត្តមបានបន្ថែមថា ប្រជាជនកម្ពុជាជាច្រើន ក៏បាននិងកំពុងតែទទួលផលពីការរីកចម្រើននៃបច្ចេកវិទ្យាឌីជីថលនេះ ដូច្នេះកម្ពុជាត្រូវបង្កើត ជាបរិស្ថានអំណោយផល ជាប្រព័ន្ធអេកូឡូហ្សីដែលគាំទ្រដល់ការរីកចម្រើន ដែលរួមមានការ វិនិយោគទៅលើហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ទាំងផ្នែករឹង ផ្នែកទន់ និងផ្នែកឌីជីថល រួមទាំង ការវិនិយោគលើធនធានមនុស្ស និងជំនាញឱ្យស្របតាមតម្រូវការទីផ្សារក្នុងប្រទេស និងតំបន់ ស្របជាមួយគ្នានឹងការគិតគូរអំពីយន្តការផ្សេងៗបន្ថែមទៀតដើម្បីពង្រឹងការប្រមូលចំណូលពីវិស័យនេះផងដែរ ។


ឯកឧត្តមបានគូសបញ្ជាក់ទៀតថា ដើម្បីជួយជំរុញឱ្យមានការរីកចម្រើននៃសហគ្រាស ធុនតូច និងមធ្យម និងធុរកិច្ចថ្មីស្របតាម សេដ្ឋកិច្ចឌីជីថល ក្រោមការយកចិត្តទុកដាក់ ដ៏ខ្ពង់ខ្ពស់ និងចក្ខុវិស័យវែងឆ្ងាយរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន “មជ្ឈម ណ្ឌលបណ្តុះធុរកិច្ចថ្មី តេជោ” (Techo Startup Centre) ត្រូវបានបង្កើតឡើង ដើម្បីផ្សារភ្ជាប់ រវាងអនាគតរបស់ការងារយុវជន និងចក្ខុវិស័យក្នុងយុគសម័យបច្ចេកវិទ្យា។ ទន្ទឹមនេះ មជ្ឈមណ្ឌល មានទីតាំងនៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ និងផ្តោតលើការពង្រឹងសហគ្រិន ភាពតាមរយៈការបង្កើត និងបណ្តុះធុរកិច្ចថ្មីៗផ្អែកលើថ្នាលបច្ចេកវិទ្យា ការផ្សារភ្ជាប់បណ្តាញ ការងារ ការសិក្សាស្រាវជ្រាវ និងពិគ្រោះយោបល់លើបំណិនសហគ្រិន ។

ក្រៅពីនេះ មជ្ឈមណ្ឌលនឹងជួយជំរុញដល់ការលូតលាស់របស់សហគ្រាសធុនតូច និងមធ្យម ដើម្បីអាចមានឱកាសចាប់យកវិស័យសេដ្ឋកិច្ចថ្មីៗ ពិសេសគាំទ្រដល់យុវជន កម្ពុជា ដែលមាននិន្នការចាប់យកបច្ចេកវិទ្យា ឱ្យមានកន្លែងធ្វើការ និងសិក្សាស្រាវជ្រាវជាក្រុម ដែលស្របនឹងគោលនយោបាយរបស់រាជរដ្ឋាភិបាល ដើម្បីធានានូវកំណើនសេដ្ឋកិច្ចប្រកប ដោយចីរភាព និងបរិយាប័ន្ន។

ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ បានលើកឡើងថា ស្របតាមគោលនយោបាយរបស់រា ជរដ្ឋាភិបាល ជាពិសេស យុទ្ធសាស្រ្តចតុកោណដំណាក់កាលទី ៤ ស្តីពីការរៀបចំខ្លួនរបស់ កម្ពុជាសម្រាប់សេដ្ឋកិច្ចឌីជីថល និងឆ្លើយតបនឹងបដិវត្តន៍ឧស្សាហកម្មទី៤។ សម្រាប់បណ្តាញ និងបច្ចេកវិទ្យាឌីជីថល បានបង្កើតឱ្យមានវិសាលភាពនិងស្ថានភាពសេដ្ឋកិច្ច និងសង្គមថ្មីមួយ ខុសពីមុន ដែលធ្វើឱ្យមានការផ្លាស់ប្តូរពីការធើ្វពាណិជ្ជកម្មតាមបែបប្រពៃណី មកប្រតិបត្តិការ ពាណិជ្ជកម្មតាមបណ្តាញអ៊ិនធឺណែត ៕

ដោយ គង់ សិរីរ័ត្ន