សម្តេចអគ្គមហាពញាចក្រី ហេង សំរិន អញ្ជើញគោរពវិញ្ញាណក្ខន្ធ សពឯកឧត្តម ត្រាន់ ដាយក្វាង ប្រធានរដ្ឋនៃសាធារណរដ្ឋសង្គមនិយមវៀតណាម

AKP ភ្នំពេញ ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៨ — សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នាព្រឹកថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៨នេះ បានដឹកនាំគណៈប្រតិភូអញ្ជើញទៅកាន់ស្ថានទូតសាធារណរដ្ឋសង្គមនិយម វៀតណាមប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ដើម្បីគោរពវិញ្ញាណក្ខន្ធសព ឯកឧត្តម ត្រាន់ ដាយក្វាង ប្រធានរដ្ឋនៃសាធារណរដ្ឋសង្គមនិយមវៀតណាម ដែលបានទទួលមរណភាព កាលពីថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៨។

គណៈប្រតិភូ មានសេចក្តីរន្ធត់ក្តុកក្តួលក្រៀមក្រំ និងសោកស្តាយជាទីបំផុតចំពោះមរណភាពរបស់ឯកឧត្តម ត្រាន់ ដាយក្វាង សមា ជិកការិយាល័យនយោបាយមជ្ឈិមបក្សកុម្មុយនីស្តវៀតណាម និងជាប្រធានរដ្ឋនៃ សាធារណរដ្ឋសង្គមនិយមវៀតណាម។

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានចាត់ទុកមរណភាពរបស់ឯកឧត្តម ត្រាន់ ដាយក្វាង គឺជាការបាត់បង់ថ្នាក់ដឹកនាំដ៏សំខាន់មួយរូបរបស់បក្សរដ្ឋ និងប្រជាជនវៀតណាម។


តាងនាមប្រធានរដ្ឋសភា សម្តេចអគ្គមហាពញាចក្រី ហេង សំរិន សូមចូលរួមរំលែកទុក្ខ យ៉ាងក្រៀមក្រំបំផុតជាមួយបក្ស រដ្ឋ និងប្រជាជនវៀតណាមជា បងប្អូនព្រមទាំង ក្រុមគ្រួសារ នៃសព។ ក្នុងឱកាសនោះសម្តេចអគ្គមហាពញាចក្រី ហេង សំរិន និងគណៈប្រតិភូទាំងអស់ បានលំឱនកាយគោរពវិញ្ញាណក្ខន្ធឯកឧត្តម ត្រាន់ ដាយក្វាង និងបួងសួងសូមឱ្យវិញ្ញាណក្ខន្ធ របស់ឯកឧត្តមបានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ៕

ដោយ ប៉ាល់ សុង