រដ្ឋបាលរាជធានីភ្នំពេញ បានបន្តដាក់ឱ្យដំណើរការភ្លើងស្តុបថ្មីចំនួន ៦កន្លែងទៀតនៅផ្លូវជាតិលេខ១

AKP ភ្នំពេញ ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៨​ — នៅព្រឹកថ្ងៃពុធ ២រោច ខែភទ្របទ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៨នេះ រដ្ឋបាលរាជធានីភ្នំពេញ បានបន្តដាក់ឱ្យដំណើរការភ្លើងស្តុបថ្មីចំនួន ៦កន្លែងទៀតនៅផ្លូវជាតិលេខ១ ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ហើយនេះក៏ជាការបញ្ចប់ គម្រោងនៃការដំឡើងភ្លើងស្តុបថ្មីនៅលើផ្លូវជាតិលេខ១នេះផងដែរ។

លោក ម៉េត មាសភក្កី អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញបានឱ្យដឹងថា ក្រោមកិច្ច សហប្រត្តិការពីទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុនJICA រដ្ឋបាលរាជធានីភ្នំពេញ បាន និងកំពុងដំឡើងភ្លើងស្តុបថ្មីចំនួន១១៥ទីតាំង រួមនិងការបំពាក់កាមេរ៉ាសុវត្ថិភាព នៅតាម ភ្លើង ស្តុបនីមួយៗផងដែរ ដើម្បីត្រួតពិនិត្យបទល្មើសចរាចរណ៍ ឬបទល្មើសផ្សេងៗ និងកាត់ បន្ថយការកកស្ទះចរាចរណ៍ ដែលជាបញ្ហាប្រឈមរបស់រាជធានីភ្នំពេញនាពេលបច្ចុប្បន្ន។

លោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ បានបញ្ជាក់ថា នៅរាជធានីភ្នំពេញ បច្ចុប្បន្ននេះ មានភ្លើងស្តុបសរុបចំនួន១៦០ទីតាំង កំពុងដំណើរការរាល់ថ្ងៃ ដើម្បីជួយសម្រួលដល់ការធ្វើចរាចរណ៍របស់ប្រជាពលរដ្ឋ ជាពិសេសកាត់បន្ថយបានច្រើននូវបញ្ហាកកស្ទះចរាចរណ៍ ហើយការដាក់ឱ្យ ដំណើរការភ្លើងស្តុបប្រភេទថ្មីនេះ មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ ក៏គ្រោងផលិតស្ពតវីដេអូ ដើម្បីពន្យល់ពីរបៀបប្រើប្រាស់ផងដែរ ព្រោះភ្លើងស្តុបថ្មីនេះ មានលក្ខណៈទំនើបពិសេស ខុសប្លែកពីភ្លើងស្តុបចាស់។

សូមបញ្ជាក់ថា ភ្លើងស្តុបថ្មីចំនួន៦កន្លែងនៅផ្លូវជាតិលេខ១ ដែលបានដាក់ឱ្យ ដំណើរការនេះរួមមាន៖ ១-ភ្លើងស្តុបប្រសព្វរវាងផ្លូវជាតិលេខ១ និងផ្លូវលេខ៣៦៣ ផ្សារច្បារអំពៅ។ ២-ភ្លើងស្តុប ប្រសព្វរវាងផ្លូវជាតិលេខ១ និងផ្លូវលេខ៦២៨។ ៣-ភ្លើងស្តុប ប្រសព្វរវាងផ្លូវជាតិលេខ១ និងផ្លូវលេខ៣៥១ វត្តនិរោធន៍។ ៤-ភ្លើងស្តុប ប្រសព្វរវាងផ្លូវជាតិលេខ ១ និងផ្លូវទូរទស្សន៍បាយ័ន។ ៥-ភ្លើងស្តុប ប្រសព្វរវាងផ្លូវជាតិលេខ១ និងផ្លូវចូលបុរី ប៉េង ហួត បឹងស្នោរ។ ៦-ភ្លើងស្តុប ប្រសព្វរវាងផ្លូវជាតិលេខ ១ និងផ្លូវចូលមន្ទីរពេទ្យចារីយ៍៕

ដោយសួស សំរិត