ក្រសួងទេសចរណ៍គ្រោងបង្កើតសាលាបណ្តុះបណ្តាល វិជ្ជាជីវៈម្ហូបអាហារនិងបដិសណ្ឋារកិច្ចចំនួន៤កន្លែងបន្ថែមទៀត

វិទ្យុជាតិកម្ពុជា៖ ដោយ លោកស្រី ធីណា ឌីណេ ៖

ក្រសួងទេសចរណ៍សហការជាមួយវិស័យឯកជន គ្រោងបង្កើតសាលាបណ្តុះបណ្តាល វិជ្ជាជីវៈម្ហូបអាហារនិងបដិសណ្ឋារកិច្ចចំនួន៤កន្លែងបន្ថែមទៀត ដើម្បីបង្កើនធនធានមនុស្ស វិស័យនេះអោយបានកាន់តែច្រើនដើម្បីឆ្លើយតបទៅនឹងកំណើតភ្ញៀវទេសចរ ដែលមានការកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ។

ឯកឧត្តម ប៉ាក់ សុខុម រដ្ឋលេខាធិការក្រសួងទេសចរណ៍ បានអោយដឹងថា សាលាបណ្តុះបណ្តាល វិជ្ជាជីវៈម្ហូបអាហារនិងបដិសណ្ឋារកិច្ចទំាង៤កន្លែងនេះ គ្រោងបង្កើតឡើងនៅ ខេត្តព្រះសីហនុ កែប កំពត នឹងខេត្តសៀមរាប ដោយសារតែតំបន់ទាំងនោះ ជាតំបន់ដែលមានការទាក់ទាញភ្ញៀវទេសចរជាតិនិងអន្តរជាតិ ជាច្រើន។ ឯឧ.បានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាចាំបាច់ណាស់ត្រូវតែបង្កើតសាលាជំនាញវិជ្ជាជីវៈទេសចរណ៍នេះអោយបានកាន់តែច្រើនដោយ មិនត្រឹមតែជួយអោយយុវជនមានជំនាញច្បាស់លាស់ជាមួយនឹងប្រាក់បៀវត្សខ្ពស់ឆ្លើយតបទៅនឹងកំណើនភ្ញៀវទេសចរប៉ុណ្ណោះទេ ថែមទំាងអាចចលត័ការងារនៅក្នុងតំបន់ឬកាត់បន្ថយអ្នកជំនាញមកពីបរទេសផងដែរ។

លោក លូ ម៉េង ប្រធានសហព័ន្ធទេសចរណ៍កម្ពុជាបានអោយដឹងដែរថា ការបង្កើតសាលាជំនាញវិជ្ជាជីវៈម្ហូបអាហារនិងបដិសណ្ឋារកិច្ចនេះពិតជាមានសារៈសំខាន់ណាស់ ខណៈចាប់ពីពេលនេះទៅកម្ពុជាត្រូវការធនធានមនុស្សជំនាញប្រភេទនេះចាប់ពីជាង៥ពាន់នាក់ទៅ៧ពាន់នាក់ជារៀងរាល់ឆ្នាំដើម្បីឈានទៅបំពេញ សេចក្តីត្រូវការរបស់ភ្ញៀវទេសចរអន្តរជាតិរហូតដល់ជាង៧លាននាក់ព្រមទំាងភ្ញៀវ ក្នុងស្រុកជាច្រើនលាននាក់ថែមទៀតនៅឆ្នាំ២០២០ខាងមុខ។លោកបានទទួលស្គាល់ថា បច្ចុប្បន្នសណ្ឋាគារ និងភោជ្ជនីយដ្ឋានបានកើតឡើងច្រើន តែនៅខ្វះបុគ្គលិកជំនាញជាច្រើន ដោយពេលខ្លះត្រូវបង្ខំចិត្តបំពេញជំនួសដោយអ្នកជំនាញមកពីបរទេស។

សូមបញ្ជាក់ថា បច្ចុប្បន្ននេះកម្ពុជាសាលាបណ្តុះបណ្តាល វិជ្ជាជីវៈទេសចរណ៍ម្ហូបអាហារ បដិសណ្ឋារកិច្ច មានចំនួន ១៧កន្លែង ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលនិងវិស័យឯកជនតាមស្តង់ដារអាស៊ាន ដែលស្តីពីអំពីវិស័យទេសចរណ៍៕