កងទ័ពនីហ្សេរីយ៉ាសម្លាប់ពួកបូកូហារ៉ាម១៤នាក់ នឹងរំដោះចំណាប់ខ្មាំង១៤៦នាក់

AKP ភ្នំពេញ ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៨ — អ្នកនាំពាក្យយោធាលោក​ Texas Chukwu បាននិយាយពីថ្ងៃអង្គារថា កងទ័ពនីហ្សេរីយ៉ា បានសម្លាប់ពួកយុទ្ធជនបូកូហារ៉ាម ១៤នាក់នៅក្នុងប្រតិបត្តិការមួយ ដែលមានបំណងបោសសំអាតពួកដែលនៅសេសសល់នៃក្រុមភេរវជន នៅក្នុងតំបន់ភាគឦសាននេះ ។

នៅក្នុងសេចក្តីថ្លែងការណ៍មួយ លោក Chukwu បាននិយាយថា ចំណាប់ខ្មាំងបូកូហារ៉ាម ១៤៦នាក់ក៏ត្រូវបានគេរំដោះផងដែរក្នុងអំឡុងប្រតិបត្តិការយោធានៅក្នុងតំបន់ Gwoza នៃរដ្ឋប័រណូ នៅភាគខាងជើងកាលពីថ្ងៃអាទិត្យ និងថ្ងៃចន្ទ ។ អ្នកនាំពាក្យយោធាបានបញ្ជាក់អះអាងថា ទាហានម្នាក់បានរងរបួសក្នុងអំឡុងប្រតិបត្តិការនោះ ។

លោកបាននិយាយថា មនុស្សដែលបានជួយសង្គ្រោះទាំងនោះ ត្រូវបានគេរៀបចំឯកសារសម្រាប់ការប្រគល់ទៅឱ្យទីភ្នាក់ងារដែលសមស្រប ។ កាលពីថ្ងៃទី ៦ ខែកញ្ញា ពួកយុទ្ធជនបូកូហារ៉ាម ១៤នាក់ បានស្លាប់នៅក្នុងប្រតិបត្តិការដូចគ្នាមួយ ធ្វើឡើងដោយកងកម្លាំងរដ្ឋាភិបាលនៅក្នុងសង្កាត់ដូចគ្នានៅភាគឦសានរបស់ Gwoza ។

មនុស្សប្រហែល ២១នាក់ដែលបានចាប់ជាចំណាប់ខ្មាំងដោយក្រុមភេរវជនបូកូហារ៉ាម ក៏ត្រូវបានគេរំដោះផងដែរក្នុងអំឡុងប្រតិបត្តិការនោះ ។ ពួកបូកូហារ៉ាម បាននឹងកំពុងព្យាយាមចាប់តាំងពីឆ្នាំ ២០០៩ មក ដើម្បីបង្កើតរដ្ឋអ៊ីស្លាមមួយក្នុងប្រទេសនីហ្សេរីយ៉ា ភាគឦសាន ដែលសម្លាប់ប្រជាជនប្រហែល ២០.០០០នាក់នឹងបង្ខំឱ្យធ្វើការផ្លាស់ប្តូរទីកន្លែងរាប់លាននាក់ទៀត ។

តាម អ.ស.ប ឱ្យដឹងថា ការងើបឡើងវិញ ក្រុមឧទ្ទាម បូកូហារ៉ាម នៅក្នុងតំបន់ដីសណ្ត Lake Chad ចាប់តាំងពីឆ្នាំ ២០០៩ មកបានបង្កឱ្យមានការប្រកួតប្រជែងខាងសន្តិសុខ , មនុស្សធម៌ និងអភិបាលកិច្ចដ៏ធំសម្បើប ។ ប្រទេស ៤ ដែលបានជាប់ទាក់ទិននៅក្នុងឧទ្ទាមកម្មនោះ គឺប្រទេសកាមឺរូន , ឆាដ , នីហ្សេ និង នីហ្សេរីយ៉ា ។ អ.ស.ប បាននិយាយថា​ ពួកបូកូហារ៉ាម បានឱ្យមនុស្សជិត ២,៤ លានានាក់នៅក្នុងអនុតំបន់ Lake Chad ផ្លាស់ប្តូរទីកន្លែង ៕

( ប្រភព ស៊ីនហួ បកប្រែដោយលោក ប៉ិន មឿន )