មេដឹកនាំកូរ៉េខាងត្បូង និងជប៉ុនធ្វើកិច្ចប្រជុំកំពូលស្តីអំពី​ ចំណងទាក់ទងទ្វេភាគី និងបញ្ហាកូរ៉េខាងជើង

AKP ភ្នំពេញ ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៨ — ប្រធានាធិបតីកូរ៉េខាងត្បូងលោក មូន ចា-អ៊ីន និងនាយករដ្ឋមន្រ្តីជប៉ុន លោក ស៊ីនសូ អាបេ បានជួបប្រជុំគ្នាកាលពីថ្ងៃអង្គារ នៅទីក្រុងញ៉ូវយ៉ក សម្រាប់កិច្ចចរចាស្តីអំពីមធ្យោបាយ នានាក្នុងការពង្រឹងចំណងទាក់ទង​នៃប្រទេសរបស់ពួកគេនិងការធ្វើឱ្យប្រសើរឡើង​នូវកិច្ចខិតខំប្រឹងប្រែងរួមគ្នារបស់ពួកគេ ដើម្បីនាំ កូរ៉េខាងជើងឱ្យលប់បំបាត់អាវុធនុយក្លេអ៊ែរេបស់ខ្លួន​។

កិច្ចប្រជុំនេះ បានធ្វើឡើងតែរយៈពេល៥ថ្ងៃបន្ទាប់ពី លោក​ មូន បានវិលត្រឡប់ពី​ដំណើរ​ទស្សនកិច្ចចំនួន៣ថ្ងៃ ទៅកាន់ប្រទេសកូរ៉េខាងជើង កន្លែងដែលលោក និងមេដឹកនាំ​កូរ៉េ​ខាងជើងលោក គីម ជុង-អ៊ុន បានអះអាងពីការអនុវត្តរបស់ពួកគេ​ក្នុងការធ្វើមិនឱ្យមាន​នុយ​ក្លេអ៊ែរ​នៅឧបទ្វីបកូរ៉េយ៉ាងពេញលេញនោះ។

លោក មូន បានគូសបញ្ជាក់ពីសារៈសំខាន់នៃកិច្ចទំនាក់ទំនង ដែលបានកាន់តែប្រសើរ​ឡើង​រវាងប្រទេសជប៉ុន និងកូរ៉េខាងជើង ក្នុងការបង្កើនល្បឿនបន្ថែមទៀត សម្រាប់ដំណើរការ​ការធ្វើមិនឱ្យមាននុយក្លេអ៊ែររបស់កូរ៉េខាងជើង។

លោកបានប្រាប់លោក អាបេ ថា ខ្ញុំជឿជាក់ថា ការធ្វើឱ្យទៅជាធម្មតាឡើងវិញ នៃកិច្ច​ទំនាក់​ទំនង កូរ៉េខាងជើង-ជប៉ុន គឺបានតម្រូវឱ្យមានដំណើរការនៃការស្ថាបនានូវសន្តិភាព នៅ​លើ​ឧបទ្វីបកូរ៉េ ហើយខ្ញុំនឹងគាំទ្រ និងធ្វើកិច្ចសហប្រតិបត្តិការយ៉ាងសកម្ម ដូចជាការធ្វើកិច្ចប្រជុំ​កំពូលកូរ៉េខាងជើង-ជប៉ុនមួយ នឹងត្រូវបានធ្វើឡើងនាពេលឆាប់ៗនេះផងដែរ។

លោក មូន បាននិយាយបន្ថែមទៀតថា លោកបានផ្ញើសារមួយរបស់មេដឹកនាំជប៉ុន​ជូនដល់មេដឹកនាំកូរ៉េខាងជើងផងដែរ។
លោក អាបេ បានថ្លែងអំណរគុណដល់ប្រធានាធិបតី​កូរ៉េខាងត្បូងសម្រាប់ការលើក​ឡើង​នូវបញ្ហានៃបណ្តាពលរដ្ឋជប៉ុន​ ដែលបានចាប់ឃុំឃាំង​ដោយ​កូរ៉េ​ខាងជើង នៅក្នុងកិច្ច​ប្រជុំ​នាពេលបន្ទាប់ទៀត​ជាមួយលោក គីម ៕​

( ប្រភព យន់ហាប់ បកប្រែដោយលោក មាស សំអុល )