ចិនប្រឆាំងដាច់ខាតការលក់អាវុធរបស់អាម៉េរិកទៅឱ្យតៃវ៉ាន់

AKP ភ្នំពេញ ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៨ — អ្នកនាំពាក្យយោធាចិនបាននិយាយពីថ្ងៃអង្គារថា ចិនមានការមិនពេញចិត្តយ៉ាងខ្លាំង ព្រមទាំង ជំទាស់យ៉ាងដាច់ខាតចំពោះការលក់អាវុធរបស់អាម៉េរិក ដែលបានគ្រោងទុកទៅឱ្យតៃវ៉ាន់ ។

លោក Ren Guoqiang អ្នកនាំពាក្យក្រសួងការពារជាតិរបស់ប្រទេសចិនបាននិយាយថា យោធាបាន ធ្វើការតវ៉ាជាឧឡារិកដល់ភាគីអាម៉េរិកចំពោះទង្វើនេះ ។ អត្ថាធិប្បាយរបស់លោក Ren ធ្វើឡើងបន្ទាប់ពីរដ្ឋាភិបាលអាម៉េរិកបានជូនដំណឹងដល់សភាពីការ សម្រេចចិត្តរបស់ខ្លួន ដើម្បីលក់គ្រឿងសព្វាវុធ ដែលមានតម្លៃប្រហែល ៣៣០លានដុល្លារ ទៅឱ្យតៃវ៉ាន់ កាលពីថ្ងៃអង្គារនេះ ។

លោក Ren បាននិយាយថា តៃវ៉ាន់ គឺជាផ្នែកមួយនៃប្រទេសចិន ហើយគោលការណ៍ចិនមួយ គឺជាគ្រិះនយោបាយនៃទំនាក់ទំនងចិន-អាម៉េរិក ។ ទង្វើរបស់អាម៉េរិកបានរំលោភយ៉ាងធ្ងន់ធ្ងរ ដល់គោលការណ៍ចិនមួយ ព្រមទាំងបទបញ្ជានៃសេចក្តី ថ្លែងការណ៍រួមចិន-អាម៉េរិកចំនួនបី, ចូលជ្រៀតជ្រែកកិច្ចការក្នុងស្រុករបស់ចិននឹងធ្វើឱ្យមានគ្រោះថ្នាក់ ដល់អធិបតេយ្យភាពនិងផលប្រយោជន៍សន្តិសុខរបស់ចិន ហើយនឹងធ្វើឱ្យខូចខាតយ៉ាងធ្ងន់ធ្ងរដល់ចំណងទាក់ទងចិន-អាម៉េរិក, ទំនាក់ទំនងរវាងយោធាទាំងពីក៏ដូចជាសន្តិភាព និងស្ថិរភាពឆ្លងកាត់ច្រក សមុទ្រ តៃវ៉ាន់ ។

ការតាំងចិត្តនិងឆន្ទៈរបស់យោធាចិន ដើម្បីការពារអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់ចិន គឺខ្ជាប់ខ្ជួននិងមិនផ្លាស់ប្តូរឡើយ ។ យើងទទូចយ៉ាងខ្លាំងក្លាដល់ភាគីអាម៉េរិក ឱ្យគោរពតាមគោលការណ៍ចិនមួយ ហើយនឹងបទបញ្ជា នៃសេចក្តីថ្លែងការណ៍រួមចិន-អាម៉េរិកទាំង៣, ដកយកមកវិញជាបន្ទាន់ការលក់អាវុធទៅឱ្យតៃវ៉ាន់ ព្រមទាំង បញ្ឈប់ការទាក់ទងយោធាជាមួយតៃវ៉ាន់ ដែលរួមបញ្ចូលទាំងការលក់អាវុធផង ដើម្បីកុំឱ្យមានការខូចខាត ថែមទៀតដល់ចំណងទាក់ទងចិន-អាម៉េរិក, ទំនាក់ទំនងរវាងយោធាទាំងពីរក៏ដូច ជាសន្តិភាពនិងស្ថិរភាព ឆ្លងកាត់ច្រកសមុទ្រតៃវ៉ាន់ ៕

( ប្រភព ស៊ីនហួ បកប្រែដោយលោក ប៉ិន មឿន )