ឯកឧត្តម យន្ត មីន ចុះពិនិត្យស្ថានភាពផ្លូវ អូរ ប្រឡាយនានាក្នុងក្រុងព្រះសីហនុ

AKP ព្រះសីហនុ ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៨ –កាលពីថ្ងៃអង្គារ ១រោច ខែភទ្របទ ឆ្នាំច សំរឹទ្ធស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៨ ឯកឧត្តម យន្ត មីន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ ដឹកនាំក្រុមការងារចុះពិនិត្យស្ថានភាពផ្លូវ អូរ ប្រឡាយនានានៅក្នុងក្រុងព្រះសីហនុ ។


    ឯកឧត្តម យន្ត មីន មានប្រសាសន៍ថា រដូវវស្សាឆ្នាំ២០១៨នេះ មានភ្លៀងធ្លាក់បន្តឥតឈប់ឈរធ្វើឱ្យផ្លូវថ្នល់នៅទូទាំងប្រទេសមានការខូចខាត ពិសេសផ្លូវក្នុងក្រុងព្រះសីហនុ មានការខូចខាតយ៉ាងច្រើនម្យ៉ាងទៀតអូរ ប្រឡាយនានានៅក្នុងក្រុងព្រះសីហនុ រងនូវជំនន់ទឹកភ្លៀងជនលិចតំបន់មួយចំនួនផងដែរ ដោយសារតែស្ថានភាពទឹកភ្លៀងបានធ្លាក់ជាប់ៗគ្នា ។ 
   

ឯកឧត្តមអភិបាលខេត្ត ក៏បានជំរុញឱ្យសាលាក្រុងព្រះសីហនុ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត  និងមន្ទីរពាក់ព័ន្ធនានាសហការគ្នា ពិនិត្យស្ថានភាពជាក់ស្តែងថា តើផ្លូវ អូរ ប្រឡាយណា ត្រូវធ្វើការជួសជុលឱ្យបានទាន់ពេលវេលាធានាបានបរិមាណ គុណភាព ចំពោះអូរ ប្រឡាយរៀបចំស្តារឡើងវិញឱ្យបានធំទូលាយ ដើម្បីរំដោះជំនន់ទឹកភ្លៀងកុំឱ្យជន់លិចផ្ទះ ផ្លូវរបស់បងប្អូនប្រជាពលរដ្ឋនៅតំបន់មួយចំនួន ដើម្បីបង្កលក្ខណងាយស្រួលក្នុងការធ្វើចរាចរនៅក្នុងឱកាសបុណ្យភ្ជុំបិណ្ឌខាងមុខនេះ 
  

ឯកឧត្តម យន្ត មីន បញ្ជាក់ថា ដើម្បីធ្វើឱ្យប្រសើរឡើងវិញ ជាក្រុងទេសចរណ៍ ឧស្សាហកម្ម ពាណិជ្ជកម្ម យើងត្រូវរៀបចំប្លង់គោលបញ្ចៀសនូវផលប៉ះពាល់ដល់ប្រជាពលរដ្ឋ ក៏ដូចជាភ្ញៀវទេសចរជាតិ អន្តរជាតិ មកលេងកម្សាន្តនៅខេត្តព្រះសីហនុ កាន់តែច្រើនឡើងនៅពេលខាងមុខ យើងត្រូវចូលរួមសហការពីគ្រប់ភាគីពាក់ពន្ធ វិស័យឯកជន និងប្រជាពលរដ្ឋក្នុងមូលដ្ឋាន ក្នុងការថែរក្សាក្រុងរបស់យើងឱ្យមានបរិស្ថានល្អ មានសោភណភាព ស្ដិសមជាតារារះនាទិសនិរតី 

ដោយ ងូ សុមុនី