ឯកឧត្តម ឈួរ ច័ន្ទឌឿន អញ្ជើញកាន់បិណ្ឌវេនទី១ នៅវត្តអារញ្ញការាម ក្រុងកំពង់ឆ្នាំង

AKP កំពង់ឆ្នាំង ថ្ងៃទី២៦ ខែកញ្ញា​​​​​ ឆ្នាំ២០១៨ –ឯកឧត្តម ឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំង និងលោកជំទាវ ព្រមទាំងមន្រ្ដីក្រោមឱវាទ កាលពីថ្ងៃអង្គារ ១រោច ខែភទ្របទ ឆ្នាំច សំរឹទ្ធិស័ក ព.ស ៥៦២ ត្រូវនឹងថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៨ បានអញ្ជើញចូលរួមក្នុងពិធីបុណ្យកាន់បិណ្ឌវេនទី១ ជាមួយពុទ្ធបរិស័ទនៅវត្តអារញ្ញការាម ស្ថិតក្នុងក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង ដើម្បីរួមចំណែកក្នុងការជួយថែរក្សាទំនៀមទម្លាប់ ប្រពៃណីព្រះពុទ្ធសាសនាឱ្យកាន់តែរុងរឿងរីកចម្រើនបន្ថែមទៀត។

ជារៀងរាល់ឆ្នាំនៅក្នុងរដូវនៃពិធីបុណ្យដាក់បិណ្ឌភ្ជុំបិណ្ឌ ឯកឧត្តម និងលោកជំទាវ តែងតែអញ្ជើញចូលរួមធ្វើបុណ្យធ្វើទាន ជាមួយពុទ្ធបរិស័ទព្រមទាំងបាននាំយកនូវគ្រឿងសក្ការបូជា មានទៀនធូប ផ្កាភ្ញី បូជាចំពោះព្រះពុទ្ធអង្គនិងព្រះរតនត្រ័យ និង ទេយ្យទាន មានគ្រឿងឧបភោគបរិភោគជាច្រើនមុខ រួមនិងបច្ច័យយកមកប្រគេនព្រះសង្ឃ និង រាប់បាត្រ បង្សុកូល  ដើម្បីធ្វើបុណ្យឧទ្ទិសកុសលដល់បុព្វការីជន ជីដូនជីតា ញាតិការ ទាំង៧ស្ដានដែលបានចែកឋានទៅកាន់បរិលោកខាងមុខ សូមឱ្យមកទទួលនូវផល្លានិសង្ឃ ដែលកូន ចៅបានឧទ្ទិសជូនតាមរយៈព្រះសង្ឃ នាបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌនេះ ឱ្យបានទៅសោយសុខ នៅទីស្ថានបរមសុខគ្រប់ៗជាតិ។ មួយចំណែកនៃកុសលផលបុណ្យនេះ ក៏សូមឧទ្ទិសជូនចំពោះដូងវិញ្ញាណក្ខន្ធ អ្នកស្នេហាជាតិគ្រប់ជំនាន់ដែលបានបូជាអាយុជីវិត ក្នុងបុព្វហេតុការពារ និងកសាងជាតិមាតុភូមិ និងប្រជាជន សូមឱ្យដួងវិញ្ញាណក្ខន្ធ អ្នកទាំងនោះចាប់ កំណើតកើតក្នុងឋានសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។

ឯកឧត្តមអភិបាលខេត្ត បានមានប្រសាសន៍ ពាំនាំនូវការសាកសួរសុខទុក្ខពីសម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណចក្រកម្ពុជា ដែលជានិច្ចកាលតែងតែគិតគូរពីសុខទុក្ខរបស់ប្រជាពលរដ្ឋនៅទូទាំងព្រះរាជាណាចក្រកម្ពុជា។ ឯកឧត្តមបានបួងសួងដល់វត្ថុស័្ដិសិទ្ធជូនដល់បងប្អូនប្រជាពលរដ្ឋ និងពុទ្ធបរិស័ទចំណុះជើងវត្តទាំងអស់ សូមបានជួបប្រទះតែព្រះពុទ្ធពរទាំង៤ប្រការ និង សុំតែសេចក្តីសុខ សេចក្តីចម្រើន និង សុភមង្គលគ្រប់ក្រុមគ្រួសារ

នៅក្នុងឱកាសអញ្ជើញចូលរួមធ្វើបុណ្យកាន់បិណ្ឌវេនទី ឯកឧត្តម ឈួរ ច័ន្ទឌឿន និងលោកជំទាវ បាននាំមកនូវទេយ្យទាន និងគ្រឿងឧបភោគបរិភោគជាច្រើនមុខមក ប្រគេនព្រះសង្ឃរួមមាន សាដកទឹកក្រូច ទឹកបរិសុទ្ធ ទឹកដោះគោខាប់ ស្ករស កាកាវ មៀនកំប៉ុង តែ ត្រីខ មី អង្ករ និងបច្ច័យសម្រាប់កសាងវត្ត ២លាន ៤សែនរៀល ព្រមទាំងចែកជូនក្រណាត់ស សារង និងថវិកា ដល់សីលវន្ត សីលវត្តី និងពុទ្ធបរិស័ទដែលអញ្ជើញមកចូលរួមក្នុងពិធីបុណ្យកាន់បិណ្ឌវេនទីនេះ និងបច្ច័យ ៥ពាន់រៀលក្នុងម្នាក់ៗ សរុបចំនួន១០០នាក់ 

ដោយ បៃ ស៊ីថុន