មន្ទីរបរិស្ថានខេត្តកំពង់ធំ ពង្រឹងសមត្ថភាពមន្ត្រីឧស្យាននុរក្សដើម្បីការពារតំបន់ធម្មជាតិ

វិទ្យុជាតិកម្ពុជា៖ ដោយ លោក ហោ សេងគ្រី៖

មន្ទីរបរិស្ថានខេត្តកំពង់ធំ បើកវគ្គបណ្តុះបណ្តាលតម្រង់ទិស ស្តីពីការពង្រឹងប្រសិទ្ធភាពនៃការអនុវត្តច្បាប់ និងការកសាងសំណុំរឿងបទល្មើសលើធនធានធម្មជាតិ ដល់មន្ត្រីឧស្យាននុរក្ស ទាំង៦គោលដៅ ដើម្បីបង្កើនប្រសិទ្ធភាពក្នុងការទប់ស្កាត់និងបង្ក្រាបបទល្មើសនៅដែនតំបន់កាពារធម្មជាតិ ។

ថ្លែងក្នុងពិធីបើកវគ្គបណ្តុះបណ្តាលតម្រង់ទិសស្តីពី ការពង្រឹងប្រសិទ្ធភាពនៃការអនុវត្តច្បាប់ និងការកសាងសំណុំរឿងបទល្មើសធនធានធម្មជាតិ កាលពីថ្ងៃទី២៥ខែកញ្ញានេះ នៅមន្ទីរបរិស្ថានខេត្ត លោក តុប កក្កដា ប្រធានមន្ទីរបរិស្ថានខេត្តកំពង់ធំ បានលើកឡើងថា នៅក្នុងខេត្តកំពង់ធំ មានតំបន់ការពារធម្មជាតិចំនួន០៦កន្លែង ដែលមានវិសាលភាពធំទូលាយ តែមានមន្រ្តីឧទ្យានុរក្ស នៅមានកម្រឹតមានកម្លាំងត្រឹមតែ៨៥នាក់ រីឯការគ្រប់គ្រងតំបន់ការពារធម្មជាតិមានការចន្លោះប្រហោងច្រើនដែរទាមទាឲ្យមានការបង្កើនចំនួនមន្រ្តីឧទ្យានុរក្ស និងបង្កើនជំនាញ និងចំណេះដឹងរបស់ពួកគាត់ បន្ថែមពីលើអ្វីដែលពួកគាត់មាន។

លោកបន្តថាចំពោះមន្ត្រីដែលមានសមត្ថភាព កសាងសុំណុំរឿង បទល្មើសធនធានធម្មជាតិ មានតែជាង១០នាក់ប៉ុណ្ណោះ ក្រៅពីនេះពុំធ្លាប់បានអនុវត្តនៅឡើយ។ លោកបញ្ជាក់ថា បទល្មើសធនធានធម្មជាតិដែលកើតឡើងនៅក្នុងតំបន់ការពារ ដោយសារការអនុវត្តនិងការពង្រឹងច្បាប់នៅមានភាពធូររលង់ ហើយចំនួនមន្ត្រីឧស្យានុរក្សមិនទាន់គ្រប់គ្រាន់។

ឯកឧត្តម សុខលូ អភិបាលខេត្តកំពង់ធំបានថ្លែងថា វគ្គបណ្តុះបណ្តាលនេះនឹងជួយសិក្ខាកាមទាំងអស់ ទទួលបាននូវចំណេះដឹងថ្មីៗបន្ថែមទៀត ជាពិសេសពាក់ព័ន្ធនឹងការកសាងសំណុំរឿងបទល្មើសធនធានធម្មជាតិ និងចូលរួមទប់ស្កាត់ បង្រ្កាបបទល្មើសធនធានធម្មជាតិដែលកំពុងកើតមានគ្រប់ទីកន្លែងនៅក្នុងតំបន់ការពារធម្មជាតិរួមទាំងនៅក្នុងសហគមន៍ ប្រកបដោយប្រសិទ្ធភាព ។

ឯកឧត្តម បានណែនាំដល់មន្រ្តីទ្យានុរក្សទាំងអស់ ត្រូវគោរពនូវតួនាទី សិទ្ធិ និងកាតព្វកិច្ចរបស់ខ្លួនឲ្យបានត្រឹមត្រូវ ស្របទៅតាមច្បាប់ និងគោលការណ៍ណែនាំ របស់ក្រសួងបរិស្ថាន កុំឲ្យមានពាក្យបណ្តឹងពីប្រជាពលរដ្ឋ ថាខ្លួនជាអ្នកកាន់ច្បាប់ហើយរំលោភច្បាប់ ៕