​អាជ្ញាធរមីនជំរុញគ្រប់ភាគីពាក់ព័ន្ធឱ្យបន្តបង្កើនការអប់រំផ្សព្វផ្សាយយល់ដឹង បញ្ហាគ្រោះថ្នាក់​មីននិងគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះដល់​ប្រជាពលរដ្ឋ

AKP បន្ទាយមានជ័យ ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៨ — អគ្គលេខាធិការរងអាជ្ញាធរមីនកម្ពុជា ឯកឧត្តម ចៅ ឡាយ បានជំរុញដល់សមត្ថកិច្ច​​ជំនាញអាជ្ញាធរដែនដី និងក្រុមអ្នកស្ម័គ្រចិត្តឱ្យបង្កើនការយកចិត្តទុកដាក់បន្តធ្វើការអប់រំ ផ្សព្វផ្សាយយល់ដឹងអំពីបញ្ហាគ្រោះថ្នាក់ដោយសារមីននិងគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទះឱ្យបានទូលំទូលាយដល់ប្រជាពលរដ្ឋដើម្បីជៀសវាងការ​រងគ្រោះបាត់បង់អាយុជីវិតនោះ។

ឯកឧត្តមបានមានប្រសាសន៍យ៉ាងដូច្នេះក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការ​យុទ្ធសាស្ត្រ​ជាតិសកម្មភាពមីន២០១៨-២០២៥ នៅថ្នាក់ក្រោមជាតិដល់អាជ្ញាធរដែនដីសមត្ថកិច្ច ពាក់ព័ន្ធ នៅព្រឹកថ្ងៃអង្គារ​ ១រោច​ ខែភទ្របទ​ ឆ្នាំច​ សំរឹទ្ធិស័ក​ ព.ស​២៥៦២​ ត្រូវនឹងថ្ងៃទី​២៥​ ខែកញ្ញា​ ឆ្នាំ២០១៨នេះនាសាលប្រជុំក្រុមប្រឹក្សាខេត្តបន្ទាយមានជ័យ។​​

ឯកឧត្តម ចៅ ឡាយ បានលើកឡើងថា គ្រាប់មីននិងសំណល់ជាតិ ផ្ទុះដែល បានបន្សល់​ទុកពីសម័យសង្គ្រាមស៊ីវិលនៅក្នុងប្រទេសយើងកាលពីកន្លងមក ហើយ រហូតដល់បច្ចុប្បន្ននេះវានៅតែជាអាវុធលាក់មុខជាបញ្ហាប្រឈមគ្រោះថ្នាក់ចំពោះអាយុជីវិតរបស់ប្រជាពលរដ្ឋយើងនៅឡើយជាពិសេសនោះនៅខេត្តបន្ទាយមានជ័យមានដូចជាស្រុកស្វាយចេក ,ថ្មពួក​,អូរជ្រៅ​ម៉ាឡៃជាដើម។

ឯកឧត្តមបន្តទៀតថា រាជរដ្ឋាភិបាលកម្ពុជាយើងបានរួមជាមួយបណ្តាប្រទេស ផ្តល់ជំនួយ បានបន្តយកចិត្តទុកដាក់ប្រឹងប្រែងជំរុញលើប្រតិបត្តិការធ្វើការបោស សម្អាត ដែលបានធ្វើ​​និងកំពុងធ្វើនៅ​តំបន់​​នៅសេសសល់បានជាច្រើនមកហើយដែល​បានធ្វើ​ ពិធី​ផ្ទេរ​ប្រគល់​ដី​ដោះមីន​រួច​ទៅដល់​អាជ្ញាធរ​មូល​ដា្ឋ​នចែកជូនប្រជាពលរដ្ឋជា បន្តបន្ទាប់សម្រាប់ ប្រកប​របរ​កសិកម្ម​ចិញ្ចឹមសត្វ ដាំ​ដំណាំ បន្លែបង្ការ សម្រាប់​ផ្គត់ផ្គង់​​ការ​អ​ភិ​វឌ្ឍសេដ្ឋកិច្ច​គ្រួសារ​របស់​ ពួកគាត់​និង​ផ្តល់ឱកាស​ដល់​​​អាជ្ញាធរដែនដីដើ​ម្បី​រៀបចំ​អភិវឌ្ឍ​​ន៍​មូលដ្ឋានក្នុងការ រៀបចំកសាង​ហេដ្ឋារចនាសម្ព័ន្ធ​រូបវ័ន្ត​និង​ជាពិសេស​ដើម្បី​ កាត់បន្ថយ​អត្រា​គ្រោះថ្នាក់​ដោយសារ​គ្រាប់មីន សំណល់​ជាតិ​ផ្ទុះ​សល់​ពីស​ង្គ្រា​មនោះ​។​​

ឯកឧត្តមបានក្រើនរម្លឹកដល់អាជ្ញាធរដែនដីអង្គភាពបោសសម្អាតគ្រាប់មីននិងក្រុមអ្នកស្ម័គ្រចិត្តត្រូវបន្តយកចិត្តទុកដាក់អប់រំដល់បងប្អូនប្រជាពលរដ្ឋយើងដែលចេញចូលប្រកបរបរកសិកម្មរកស៊ីចិញ្ចឹមជីវិតក្នុងតំបន់ដែលសង្ស័យមានគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះសូមមេត្តាមានការប្រុងប្រយ័ត្នខ្ពស់​ហើយបើ​ឃើញ​មាន​គ្រាប់​ឬ​វត្ថុ​ណា​ដែល​សង្ស័យនោះ​សូម កុំ​ប៉ះ​ឬ​យកដៃ​ចាប់​កាន់​ត្រូវ​រាយ​ការណ៍ដល់​អាជ្ញាធរ​មូលដ្ឋាន​ឬ​អង្គ​ភាព​ មីន​ដែលមាន​ទីតាំង​នៅក្បែរនោះ​ជាបន្ទាន់​។

របាយការណ៍គណៈកម្មាធិការបោសសម្អាតមីនខេត្តបានឱ្យដឹងថានៅខេត្តបន្ទាយមានជ័យក្នុងរយៈពេល៨ខែដើមឆ្នាំ២០១៨នេះបានបោសសម្អាតគ្រាប់មីនលើផ្ទៃចំនួនជាង៩០០​ហិកតាដោយបានរកឃើញនិងកម្ទេចចោលមីនប្រឆាំងមនុស្ស១៩៥១គ្រាប់មីនប្រឆាំងរថក្រោះចំនួន២៨គ្រាប់និងសំណល់ជាតិផ្ទុះ១៨​៦៥គ្រាប់។

របាយការណ៍នេះឱ្យដឹងទៀតថានៅក្នុងរយៈពេលនេះដែរក្នុងខេត្តបន្ទាយមានជ័យ​មានគ្រោះថ្នាក់ដោយគ្រាប់មីនចំនួន៤ករណីបង្កឱ្យមនុស្សស្លាប់ម្នាក់និងរបួសធ្ងន់ស្រាល២​នាក់ងាប់សត្វគោ២ក្បាលនិងខូតខាតគ្រឿងចក្រមួយចំនួនទៀត៕

ដោយ ឈុន សារ៉ាត