ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នឹងបើកឱ្យសាធារណជន​ទូទៅចូល​ទស្សនាវត្ថុបុរាណ នៅអភិរក្សដ្ឋានអង្គរខេត្តសៀមរាប

AKP សៀមរាប ថ្ងៃទី២៥ ខែកញ្ញា ឆ្នំា២០១៨ — ដើម្បីឱ្យប្រជាពលរដ្ឋទូទៅ ជាពិសេសយុវជនបានឈ្វេងយល់អំពីវត្ថុបុរាណ របស់ជាតិ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងបើកឱ្យសាធារណជន​ទូទៅចូល​ទស្សនា វត្ថុបុរាណដែល អភិរក្សនៅអភិរក្សដ្ឋានអង្គរខេត្តសៀមរាបនៅថ្ងៃទី២៩ខែកញ្ញាខាងមុខនេះ។ 
លោក គឹម សុធិន ប្រធាន​នាយកដ្ឋានគាំពារ និង​អភិរក្សសំណង់បុរាណនៃក្រសួង វប្បធម៌ និង​វិចិត្រសិល្បៈបាន​ឱ្យដឹងនៅព្រឹកថ្ងៃទី២៥ ខែកញ្ញា ឆ្នំា២០១៨នេះថា ដើម្បី​អបអរ​ថ្ងៃ​ប្រារព្ធ​ខួប​បេតិកភណ្ឌ​អឺរ៉ុបថ្ងៃទី​២៩ ខែកញ្ញា ក្រសួងវប្បធម៌ និង​វិចិត្រសិល្បៈបានបើកទូលាយ ឱ្យ​សាធារណជន​ទាំងអស់ចូល​ទស្សនា ​និងសិក្សាឈ្វេងយល់ទុក​វត្ថុ​បុរាណដែលរក្សាទុក នៅ អភិរក្សដ្ឋានអង្គរ​នៅថ្ងៃទី២៩ខែកញ្ញាខាងមុខនេះ ចាប់ពី​ម៉ោង ៨​ព្រឹក ដល់​ម៉ោង ៤​រសៀល​។

លោកបានបន្តថា នៅក្នុងឱកាសនេះប្រជាពលរដ្ឋជាពិសេសយុវជន​អាច​ឈ្វេងយល់​អំពី​បេតិកភណ្ឌ​ជាតិ និង​ការងារ​របស់​រាជរដ្ឋាភិបាល អាជ្ញាធរខេត្ត​គ្រប់លំដាប់​ថ្នាក់ និង​សមត្ថកិច្ច ដែល​បាន​ខំ​ប្រមូលការពារ និង​ថែរក្សា​សុវត្ថិភាព​វត្ថុ​សិល្បៈ​ក្នុង​ឃ្លាំង​អភិរក្ស​ដ្ឋា​ន​អង្គរ រហូតមកដល់​សព្វថ្ងៃ​នេះ​។ហើយប្រជាពលរដ្ឋដែលធ្លាប់​បានប្រគល់វត្ថុបុរាណ ផ្សេងៗ មកអភិរក្សដ្ឋានអង្គរក៏អាចមកពិនិត្យបានថាវត្ថុទាំងនោះមានការរក្សាទុកត្រឹមត្រូវឬមានសភាពដូចដើមឬអត់។ លោកបន្តទៀតថា បច្ចុប្បន្ននេះ​នៅ​ក្នុង​អភិរក្សដ្ឋានអង្គរមាន​វត្ថុបុរាណដែលប្រមូល​មកពីបណ្តា ខេត្តទាំងអស់នៅទូទាំងប្រទេសយកមករក្សា ទុកនៅទីនេះមាន​ប្រមាណជិត១ម៉ឺនវត្ថុបុរាណ។ ក្នុងនោះមាន​ចម្លាក់ថ្ម និង​ចម្លាក់ឈើ។លោក គឹម សុធិន បាន​បញ្ជាក់ថា នៅក្នុង១ឆ្នាំក្រសួង​វប្បធម៌និង​វិចិត្រសិល្បៈបានបើក ទូលាយឱ្យសាធារណជនទូទៅបាន​ចូល​ទស្សនា និង​សិក្សាឈ្វេងយល់ពីវត្ថុបុរាណដែល​រក្សា ទុកនៅ​អភិរក្សអង្គរនេះចំនួន២ដង គឺនៅថ្ងៃទី២៩ ខែកញ្ញានេះម្តង និងនៅខែមេសា ក្នុងឱកាសចូលឆ្នំាខ្មែរម្តង។ ក្រៅពីនេះថ្ងៃធម្មតាក៏ប្រជាពលរដ្ឋអាចចូលសិក្សាឈ្វេង យល់ពី វត្ថុបុរាណបានផងដែរដោយប្រជាពលរដ្ឋគ្រាន់តែស្នើសុំទៅមន្រ្តីដែលការពារនៅទីនោះប៉ុណ្ណោះ ដោយគ្មានការចំណាយថវិកាអ្វីទេ។

លោកបន្តថា នៅពេលប្រជាពលរដ្ឋជាពិសេសយុវជនដែលចូលទៅទស្សនាវត្ថុបុរាណ ទាំងនេះ អាចកត់ត្រាឬសួរបន្ថែមបានព្រោះនៅក្នុងអភិរក្សដ្ឋានអង្គរនេះមានមន្រ្តីជំនាញ​សម្រាប់ ពន្យល់ ដល់ប្រជាពលរដ្ឋឱ្យបានយល់ពីប្រវត្តិនៃរូបចម្លាក់នីមួយៗ។
សូមបញ្ជាក់ថា ​អភិរក្ស​ដ្ឋា​ន​អង្គរ មាន​ទីតាំង​ស្ថិតនៅតាម​បណ្ដោយ​មាត់​ស្ទឹង​សៀមរាប ឬ​នៅមុខ​វត្ត​ព្រះឥន្ទ​កោ​សី​យ៍(​វត្ត​លើ​)​ស្ថិតនៅក្នុងសង្កាត់ស្លក្រាម ក្រុងសៀមរាប៕

ដោយ ឃុត សៅ