ឯកឧត្តម នាយឧត្តមសេនីយ៍ មាស សុភា អញ្ជើញចូលរួមកាន់បិណ្ឌវេនទី១នៅវត្តគោគបេង ខេត្តព្រះវិហារ

AKP ព្រះវិហារ ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៨ — ឯកឧត្តម នាយឧត្តមសេនីយ៍ មាស សុភា ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានក្រុមការងារថ្នាកកណ្តាលចុះជួយខេត្តព្រះវិហារ រួមជាមួយឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តព្រះវិហារព្រមទាំងថ្នាក់ដឹកនាំខេត្ត បានអញ្ជើញចូលរួមក្នុងពិធីកាន់បិណ្ឌវេនទី១ នៅវត្តប្រាសាទជ័យព្រឹក ហៅ វត្តគោគបេង ស្ថិតនៅក្នុងភូមិគោគបេង សង្កាត់កំពង់ប្រណាក ក្រុងព្រះវិហារ ខេត្តព្រះវិហារ នៅព្រឹកថ្ងៃអង្គារ ១រោច ខែភទ្របទ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃ២៥ ខែកញ្ញា ឆ្នាំ២០១៨។


ឯកឧត្តម នាយឧត្តមសេនីយ៍ មាស សុភា បានមានប្រសាសន៍ថា ដោយប្រទេសជាតិ មានសុខសន្តិភាព និងមានការអភិវឌ្ឍលើគ្រប់វិស័យ ហើយវិស័យព្រះពុទ្ធសាសនា បានដើរ តួនាទីយ៉ាងសំខាន់ក្នុងសង្គមជាតិ ជាពិសេសកាន់តែមានភាពរីកចម្រើនយ៉ាងខ្លាំង នាពេល បច្ចុប្បន្ននេះ។ ជាក់ស្ដែងខេត្តព្រះវិហារ មានវត្តអារាមចំនួនជាង១០០វត្ត ដែលនេះសបញ្ជាក់ យ៉ាងច្បាស់ពីការខិតខំប្រឹងប្រែងរបស់ប្រមុខរាជរដ្ឋាភិបាល ដែលមានសម្ដេចតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំ។


ជាមួយគ្នានេះដែរ ឯកឧត្តម និងថ្នាក់ដឹកនាំខេត្ដព្រះវិហារ ក៏បាននាំយកបច្ច័យ ទេយ្យ ទាន គ្រឿងឧបភោគបរិភោគ ភេសជ្ជៈ ផ្លែឈើ ជាច្រើនមុខប្រគេនដល់ព្រះសង្ឃ រាប់បាត បង្សុកូល ឧទ្ទិស ផល្លាអានិសង្ឃជូនដល់វិញ្ញាណក្ខន្ធបុព្វការីជន ព្រមទាំងជូនដល់វិញ្ញាណ ក្ខន្ធឥស្សរជន វីរជន យុទ្ធជន ដែលបានលះបង់ជីវិត ដើម្បីបុព្វហេតុរំដោះជាតិ៕

ដោយ ទិត ស្រ៊