កីឡាករកីឡាការិនីថ្នាល៤៤នាក់ ទទួលបានការតំឡើងខ្សែក្រវាត់តាមកម្រិតនីមួយៗ

AKP ភ្នំពេញ ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៨ — កីឡាករ កីឡាការិនីថ្នាលចំនួន៤៤នាក់ ទទួលបានការបំពាក់ ខ្សែក្រវាត់តាមកម្រិតនីមួយៗ ពីសហព័ន្ធកីឡាហាប់គីដូកម្ពុជា បន្ទាប់ពីបានខិតខំហ្វឹកហាត់យ៉ាងសកម្ម និងប្រឹងប្រែងអស់ ពីសមត្ថភាពនៅក្នុងការប្រឡងឡើងខ្សែក្រវាត់ កាលពីពេលថ្មីៗនេះ នៅពហុកីឡដ្ឋានជាតិ។


អគ្គលេខាធិការសហព័ន្ធកីឡាហាប់គីដូកម្ពុជា លោក គង់ ចាន់ធីណា បានថ្លែងថា ការប្រឡងខ្សែក្រវាត់លើកនេះមានកីឡាករ-កីឡាការិនីថ្នាលចំនួន៤៤នាក់ ក្នុងនោះមានខ្សែ ក្រវាត់សឡើងសឆ្នូត គឺមាន៩នាក់, លឿង ឆ្នូតឡើងពណ៌ទឹកក្រូច១២នាក់, ទឹកក្រូចឆ្នូតឡើង បៃតង១០នាក់, បៃតងឡើងបៃតងឆ្នូត ៧នាក់, ខៀវ ឆ្នូតឡើង ខ្សែក្រវាត់ពណ៌ក្រហម។ លោកបានបញ្ជាក់ថា ការ​ផ្តល់ជូននេះ គឺជាការលើកទឹកចិត្តដល់ថ្នាលយុវជនរបស់ខ្លួនទៅ តាមកម្រិតនីមួយៗ ដែល​ខិតខំហ្វឹកហាត់បញ្ចប់តាមវគ្គនានា។

លោកបន្ថែមទៀតថា នេះគឺជាគោលដៅអភិវឌ្ឍន៍បច្ចេកទេស ក្នុងការបណ្តុះបណ្តាលថ្នាលឱ្យ មានធនធានកាន់តែសម្បូរបែប។ ចំពោះការតំឡើងកម្រិតខ្សែក្រវាត់នីមួយៗត្រូវបានធ្វើឡើង ក្នុងចន្លោះ១ខែ ឬរៀងរាល់៣ខែម្តង។ បច្ចុប្បន្ននេះ ថ្នាលយុវជនកីឡាហាប់គីដូនៅក្លិបពហុ កីឡដ្ឋានជាតិ ដែលសហព័ន្ធជំនាញមួយនេះកំពុងបណ្តុះបច្ចេកទេសមានចំនួន៦០នាក់ និង នៅក្លិបសុវណ្ណភូមិជាង៤០នាក់ រីឯនៅខេត្តបាត់ដំបងក៏មានមួយចំនួនទៀតដែរ។ ដោយឡែក ធនធានគ្រូបង្វឹករបស់សហព័ន្ធមានចំនួនតិចតួចនៅឡើយ ត្រឹម៥-៦នាក់ប៉ុណ្ណោះ ដែល កង្វះ ខាតផ្នែកគ្រូបង្វឹក និងធនធានថវិកានេះ គឺជាឧបសគ្គធំ ក្នុងការអភិវឌ្ឍវិស័យកីឡាហាប់គីដូ នៅតាមបណ្តា ខេត្តនានាទូទាំងប្រទេស។


ប៉ុន្តែទោះយ៉ាងនេះក្តី លោក គង់ ចាន់ធីណា ក៏បានបង្ហាញឱ្យឃើញនូវឆន្ទៈខ្ពស់របស់ ថ្នាក់ដឹកនាំសហព័ន្ធ ក្នុងការខិតខំបណ្តុះបណ្តាលធនធានក្មេងៗ ជាជំហានៗ ដើម្បីឱ្យបានរីក ចម្រើន នាថ្ងៃអនាគតផងដែរ៕

ដោយ ហេង ណាលីន