សហព័ន្ធសូហ្វតេន្នីសកម្ពុជារំពឹងទទួលបានលទ្ធផលល្អជូនជាតិក្នុងការប្រកួតជើងឯក អាស៊ីអាគ្នេយ៍ នៅប្រទេសហ្វីលីពីន នាដើមខែតុលា

AKP ភ្នំពេញ ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៨ — សហព័ន្ធ​កីឡា​សូហ្វេតេន្នីស​កម្ពុជាបានត្រៀមកីឡាករ កីឡាការិនីជម្រើសជាតិវ័យក្មេង ចំនួន១៨នាក់ រួមទាំងប្រតិភូ និងគ្រូបង្វឹកទៅចូលរួមប្រកួតនៅក្នុងព្រឹត្តិការណ៍ជើងឯក អាស៊ី អាគ្នេយ៍ នៅ​ទីក្រុងម៉ានីល ​ប្រទេសហ្វីលីពីន ចាប់ពីថ្ងៃទី០៥ ដល់ថ្ងៃទី០៧ ខែតុលា ឆ្នាំ២០១៨។ 
ឯកឧត្តម ជា ហ៊ុនហេង អនុប្រធានទី១សហព័ន្ធកីឡាសូហ្វតេន្នីសកម្ពុជា បានមាន ប្រសាសន៍នៅក្នុងសន្និសីទសារព័ត៌មានថា ជើងឯកអាស៊ីអាគ្នេយ៍កីឡាសូហ្វតេន្នីសឆ្នាំ២០១៨​ ​មាន​ប្រទេស​ខ្លាំង​ៗ​ជាង​​ឆ្នាំ​មុន ដូចជាប្រទេស​ថៃ និង​ឥណ្ឌូណេស៊ី ដែលពីរប្រទេសនេះគឺជា ក្រុមខ្លាំង និងជាឧបសគ្គធំសម្រាប់​កម្ពុជា។ ប៉ុន្តែ​យ៉ាងនេះក្តី ឯកឧត្តមបានប្តេជ្ញាចិត្តថា ​​ក្រុម​អត្តពលិក​កម្ពុជានឹង​ប្រឹងប្រែងឱ្យ​អស់​ពី​សមត្ថភាព​ ដើម្បី​ការពារ​ជើង​ឯក​​ក្រុម​ផ្នែក​​បុរសឱ្យ​​ទទួលបានលទ្ធផលដ៏គាប់ប្រសើរយកមកជូនជាតិ។ ឯកឧត្ដមបានបន្ដថា ក្រុមសូហ្វតេន្នីស កម្ពុជាឆ្នាំនេះត្រូវប្រកួតនៅលើ៦វិញ្ញាសា ហើយទទួលបានលើកទឹកចិត្ត និងឧបត្ថម្ភពីសម្តេច ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ។

ឯកឧត្តមលើកឡើងទៀតថា បណ្តាប្រទេសក្នុង​តំបន់​អាស៊ីអាគ្នេយ៍ដែលខ្លាំងៗ មានដូចជា ឥណ្ឌូណេស៊ី ថៃ ហ្វីលីពីន និង​កម្ពុជា។ ទន្ទឹមនេះ សូហ្វេតេន្នីស​កម្ពុជា​ធ្លាប់បាន​ចូល​រួមការ ប្រកួតថ្នាក់តំបន់នេះពីរដងរួចមកហើយ ដោយ​កាលពីលើក​ទី​១ ឈ្នះមេដាយ​ប្រាក់ជា​ក្រុម​ ដែល​បាន​ធ្វើ​ឡើង​នៅ​ប្រទេស​ម៉ាឡេស៊ី​ កាលពីឆ្នាំ២០១៦។ រីឯកាលពី​លើក​ទី​២ ឆ្នាំ២០១៧ នៅប្រទេសហ្វីលីពីន គឺ​ដណ្ដើម​បាន​មេដាយ​មាស​ផ្នែក​បុរសជា​ក្រុម ខណៈលើក​ទី​៣ នៅឆ្នាំ២០១៨នេះ គឺធ្វើឡើងនៅប្រទេសហ្វីលីពីនដដែល ដោយក្រុមអត្តពលិកសូហ្វតេន្នីស​កម្ពុជាក៏មានក្តីរំពឹងខ្ពស់ផងដែរក្នុងការឈ្នះប្រជែងមេដាយ៕

ដោយ ហេង ណាលីន