ប្រជាពលរដ្ឋ ស្រុកកោះសូទិន ចំនួន៦០០គ្រួសារ បានទទួលអំណោយពីឯកឧត្ដម គួចចំរើន និងលោកជំទាវ ទេព រង្ស៊ី ខៀវ កាញារីទ្ធ

វិទ្យុជាតិកម្ពុជា៖ ដោយ លោក ចន ណារិទ្ធ៖

ឯកឧត្ដម គួច ចំរើន អភិបាលខេត្តកំពង់ចាម និងលោកជំទាវ ទេព រង្ស៊ី ខៀវ កាញារីទ្ធ នៅព្រឹកថ្ងៃទី២៥ខែកញ្ញានេះ បានអញ្ជើញចែកអំណោយជូនដល់គ្រួសារ៦០០ខ្នងផ្ទះមកពី៦ភូមិ ក្នុងឃុំមហាលាភ ស្រុកកោះសូទិន ខេត្តកំពង់ចាម បន្ទាប់ពីបានទទួលជំនួយឧបត្ថម្ភពីសមាគមន៍និកាយសាសនាចក្រ នៃព្រះយេស៊ូគ្រិស្ទថ្ងៃចុងក្រោយ ។

ឯកឧត្តម គួច ចំរើន អភិបាលខេត្តកំពង់ចាម បាននាំនូវប្រសាសន៍ផ្ដាំផ្ញើ និងការសួរសុខទុក្ខ ពីសម្ដេចអគ្គមហាសេនបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុន សែន ជូនចំពោះប្រជាពលរដ្ឋរងគ្រោះដោយគ្រោះទឹកជំនន់ និងសូមឲ្យយកចិត្តទុកដាក់ទៅលើសុខភាព ដោយរក្សាអនាម័យ និងពិសារទឹកឆ្អិន ជានិច្ច ។

ឯកឧត្តម បានថ្លៃងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះបងប្អូនប្រជាពលរដ្ឋដែលបានអញ្ជើញទៅចូលរួមបោះឆ្នោតជ្រើសរើសតំណាងរាស្រ្តនាពេលកន្លងដែលនេះជាការបង្ហាញអោយឃើញពីលទ្ធិប្រជាធិបតេយ្យនៅក្នុងប្រទេសកម្ពុជារបស់យើង។

ឯកឧត្តម គួច ចំរើន អភិបាលខេត្តកំពង់ចាម បានផ្ដាំផ្ញើដល់ប្រជាពលរដ្ឋទាំងអស់ ត្រូវយកចិត្តទុកដាក់បង្កបង្កើនផងនៅពេលទឹកសម្រកវិញ ដើម្បីបង្កើតសេដ្ឋកិច្ចគ្រួសាររបស់បងប្អូនប្រជាពលរដ្ឋមានភាពរីកចំរើនទ្វេរដង ក្នុងគោលដៅកាត់បន្ថយភាពក្រីស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

អំណោយដែលបានចែកជូននាពេលនោះ មានចំនួយ៦០០គ្រួសារ ក្នុងមួយគ្រួសារទទួលបាន អង្ករ២៥គីឡូក្រាម ត្រីខ២យួរ ទឹកស៊ីអ៊ីវ១យួរ មី១កេះតូច និងថ្នាំពេទ្យ១កញ្ចប់(៧មុខ)ផងដែរ ៕