ប្រធានសហព័ន្ធកីឡាការ៉ាតេកម្ពុជា ផ្តាំផ្ញើដល់ក្រុមកីឡាករ កីឡារការិនីទាំងអស់ ពង្រឹង សមត្ថភាពបន្ថែម ដើម្បីជំរុញដល់វិស័យនេះឱ្យកាន់តែរីកចម្រើន

AKP ភ្នំពេញ ថ្ងៃទី២៥ខែកញ្ញា ឆ្នាំ២០១៨ — ប្រធានសហព័ន្ធកីឡាការ៉ាតេកម្ពុជា បានថ្លែងនូវការផ្តាំផ្ញើរដល់គណៈកម្មការ គ្រូបង្វឹក កីឡាករ កីឡារការិនីទាំងអស់ ត្រូវលើកកម្ពស់ស្មារតីប្រកបដោយភាពទទួលខុសត្រូវ នឹងខិត ខំ​យកចិត្តទុកដាក់ពង្រឹងសមត្ថភាពបន្ថែម ដើម្បីអភិវឌ្ឍន៍វិស័យការ៉ាតេកម្ពុជាឱ្យមានការ រីកចម្រើន។   ឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានសហព័ន្ធកីឡាការ៉ាតេកម្ពុជា បានលើកឡើងនៅក្នុងការបិទវគ្គកម្មវិធីប្រកួត ជ្រើសរើសជើងឯក កីឡាការ៉ាតេ ប្រចាំសាលាការ៉ាតេ ដូសូតូកង់កម្ពុជា ឆ្នាំ២០១៨ នៅចុង សប្តាហ៍កន្លងទៅនេះថា ការកសាងមជ្ឈមណ្ឌលហ្វឹកហាត់កីឡាការ៉ាតេ របស់ដូសូតូកង់កម្ពុជា គឺការចូលរួមប្រកួតប្រជែងនូវសមត្ថភាព និងការលើកកម្ពស់វិស័យអប់រំសុខភាព ផ្លូវកាយ ផ្លូវចិត្ត និងការផ្លាស់ប្តូរបច្ចេកទេសដល់កីឡាករ កីឡាការិនី ដែលមានសក្តានុពល ដើម្បី អភិវឌ្ឍន៍វិស័យការ៉ាតេកម្ពុជាឱ្យមានការរីកចម្រើន និងឈានទៅប្រកួតប្រជែងដណ្តើម ជ័យជម្នះក្នុ​ងតំបន់ និងលើឆាកអន្តរជាតិ ។

ដើម្បីពង្រឹងសមត្ថភាព ទទួលបានជោគជ័យ និងមានការគាំទ្រគ្រប់មជ្ឈដ្ឋាន ឯកឧត្តមបានផ្តាំផ្ញើដល់គណៈកម្មការរៀបចំការប្រកួត គណៈ កម្មការបច្ចេកទេស គ្រូបង្វឹក ព្រមទាំងកីឡាករ កីឡាការិនីទាំងអស់ ត្រូវលើកកម្ពស់ស្មារតី ប្រកបដោយការទទួលខុសត្រូវ និងត្រូវខិតខំយកចិត្តទុកដាក់បន្ថែម ដើម្បីបង្កើនសមត្ថភាព របស់ខ្លួនឱ្យកាន់តែល្អប្រសើរ ក្នុងការចូលរួមអភិវឌ្ឍន៍វិស័យកីឡាការ៉ាតេកម្ពុជា ឱ្យកាន់តែ រីកចម្រើន និងដើម្បីត្រៀមចូលរួមប្រកួតប្រជែងដណ្តើមមេដាយ នៅក្នុងការប្រកួតកីឡា SEA GAME ឆ្នាំ២០២៣ខាងមុខ ដែលព្រះរាជណាចក្រកម្ពុជាធ្វើជាម្ចាស់ផ្ទះ។
សូមបញ្ជាក់ថា ការប្រកួតកីឡាការ៉ាតេកម្ពុជាឆ្នាំ២០១៨ ប្រចាំសាលាដូសូតូកង់កម្ពុជា មានក្រុមការ៉ាតេមកពី ២១ក្លិបបានចូលរួមប្រកួតប្រជែង សរុបមានកីឡាករសរុបចំនួន ៣០៥នាក់ ក្នុងនោះមានកីឡាការិនីចំនួន ១០៧នាក់។ នេះជាឱកាសកីឡាការ៉ាតេកម្ពុជា ត្រៀមលក្ខណៈសម្បត្តិ ចូលរួមព្រឹត្តិការណ៍កីឡាផ្សេងៗនៅក្នុងតំបន់ និងអន្តរជាតិផងដែរ ៕

ដោយ គង់ សិរីរ័ត្ន