សម្តេចប្រមុខរដ្ឋស្តីទី វាយតម្លៃខ្ពស់ចំពោះបេសកកម្មការទូត របស់ឯកអគ្គរដ្ឋទូតចិនចប់អាណត្តិនៅកម្ពុជា

AKP ភ្នំពេញ ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៨ — ក្នុងព្រះបរមនាមព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រមុខរដ្ឋស្តីទី បានវាយតម្លៃខ្ពស់ ចំពោះបេសកកម្មការទូតរបស់ឯកអគ្គរដ្ឋទូតចិនចប់អាណត្តិការទូតនៅកម្ពុជាថា បានរួមចំណែក យ៉ាងធំធេងក្នុងការពង្រឹងពង្រីកចំណងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការ ដែលបាននាំមកនូវផលប្រយោជន៍ទៅវិញទៅមកសម្រាប់ប្រជាជន និងប្រទេសទាំងពីរ។

នៅក្នុងឱកាសអនុញ្ញាតឱ្យឯកឧត្តម ស្យុង ប៉ (Xiong Bo) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញ សមត្ថភាព នៃសាធារណរដ្ឋប្រជាមានិតចិន ប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្តែងការគួរសម និងជម្រាបលា ក្នុងឱកាសដែលឯកឧត្តមបានបញ្ចប់បេសកកម្មការទូតនៅកម្ពុជា កាលពីព្រឹកថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៨នេះ នៅវិមានព្រឹទ្ធសភា សម្តេចប្រមុខរដ្ឋស្តីទី បានសរសើរឯកឧត្តម ស្យុង ប៉ និងសហការី ដែលបានបំពេញតួនាទីប្រកបដោយវិជ្ជាជីវៈ ក្នុងការទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ ល្អជាមួយនឹងក្រសួង ស្ថាប័ន អាជ្ញាធរ ខេត្ត ក្រុង ជាមួយនឹងថ្នាក់ដឹកនាំ និងមន្រ្តីគ្រប់លំដាប់ថ្នាក់ ជាពិសេសជាមួយនឹងប្រជាជនកម្ពុជា។ សមិទ្ធផលជាច្រើនដូចជា៖ ស្ពាន ផ្លូវ វារីអគ្គិសនី សំណង់ ដែលជាជំនួយដ៏ថ្លៃថ្លារបស់រដ្ឋាភិបាលចិន និងគម្រោងក្រោមកម្ចីសម្បទាន ត្រូវបានសម្ពោធដាក់ឱ្យប្រើ ប្រាស់ជាបន្តបន្ទាប់។

ទន្ទឹមនឹងនេះ ឯកឧត្តមក៏បានជំរុញឱ្យមានកំណើនវិនិយោគ និងទេសចររវាងប្រទេសទាំងពីរ ព្រមទាំងជំរុញឱ្យមានការផ្លាស់ប្តូរវប្បធម៌ សិល្បៈ កីឡា អប់រំ ជាពិសេសការផ្លាស់ប្តូររវាងប្រជាជន និងប្រជាជន និងការផ្លាស់ប្តូររវាងយុវជន និងយុវជនដ៏ទូលំទូលាយ។ សម្តេចប្រមុខរដ្ឋស្តីទី បានបញ្ជាក់ថា សាធារណរដ្ឋប្រជាមានិតចិន បាននឹងកំពុងដើរតួនាទីយ៉ាងសំខាន់នៅក្នុង ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា ដោយបានក្លាយខ្លួនជាដៃគូពាណិជ្ជកម្មដ៏សំខាន់ ជាប្រភពនៃវិនិយោគផ្ទាល់ដ៏ធំ និងជាអ្នកផ្តល់ជំនួយអភិវឌ្ឍន៍ និងកម្ចីសម្បទានធំជាងគេដល់កម្ពុជា។ ជំនួយអភិវឌ្ឍន៍ទាំងអស់ពីសំណាក់មិត្តចិនមិនត្រឹមតែបានចូលរួមវិភាគទានដ៏សំខាន់ដល់ការអភិវឌ្ឍកម្ពុជាប៉ុណ្ណោះទេ តែថែមទាំងជួយពង្រឹងភាពជាម្ចាស់ និងឯករាជ្យភាពរបស់កម្ពុជាទៀតផង។

ក្នុងនាមអង្គការនីតិប្បញ្ញត្តិ នីតិប្រតិបត្តិ និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ សម្តេចប្រមុខរដ្ឋស្តីទី បានថ្លែងអំណរគុណចំពោះថ្នាក់ដឹកនាំបក្ស រដ្ឋ និងរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន ដែលបានផ្តល់ការគាំទ្រចំពោះការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៦ នៅព្រះរាជាណាចក្រ កម្ពុជា និងបានអបអរសាទរចំពោះសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលជានាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា សម្រាប់រដ្ឋសភានីតិកាលទី៦នេះ បន្តតទៅទៀត។ ក្នុងនាមព្រឹទ្ធសភា និងក្នុងនាមសម្តេចផ្ទាល់ សម្តេចប្រមុខរដ្ឋស្តីទី បានបញ្ជាក់អំពីជំហរត្រៀម ខ្លួនជា ស្រេច ដើម្បីបន្តកិច្ចសហប្រតិបត្តិការឱ្យបានល្អប្រពៃជាមួយនឹងឯកអគ្គរដ្ឋទូតថ្មី និងស្ថានទូតនៃ សាធារណ រដ្ឋប្រជាមានិតចិនប្រចាំកម្ពុជា ដើម្បីរួមចំណែកក្នុងពង្រឹងពង្រីកទំនាក់ទំនង មិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការរវាងប្រជាជន និងប្រទេសទាំងពីរ ឱ្យកាន់តែរឹងមាំ និងខ្លាំងក្លាថែមទៀត។

នៅក្នុងឱកាសនោះ ឯកឧត្តម ស្យុង ប៉ បានថ្លែងនូវអំណរគុណចំពោះសម្តេចប្រមុខរដ្ឋស្តីទី ដែលបានគាំទ្រយ៉ាងពេញទំហឹងចំ​ពោះ​បេសក​ក​ម្ម​​ការទូតរបស់ឯកឧត្តម ក្នុងរយៈពេល២ឆ្នាំនៅកម្ពុជា។ ក្នុងរយៈពេល ២ឆ្នាំចុងក្រោយនេះ ​ទំនាក់ទំនង មិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការ រវាងប្រទេស និងប្រជាជនទាំងពីរ ត្រូវបានពង្រឹងពង្រីក និងអភិវឌ្ឍន៍យ៉ាងខ្លាំងក្លាឈានដល់ កម្រិតកំពូល គឺជាកិច្ចសហប្រតិបត្តិការជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ។ ក្នុងនោះ វិស័យសេដ្ឋកិច្ច និងវប្បធម៌ នៃប្រទេសទាំងពីរមានការផ្លាស់ប្តូរ និងមានកិច្ចសហប្រតិបត្តិការគ្នាទៅវិញ ទៅមកយ៉ាងល្អប្រសើរ។ ជាមួយគ្នានេះដែរ ព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងសភាប្រឹក្សានយោ- បាយប្រជាជនចិន មានទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការយ៉ាងល្អប្រពៃ។

ឯកឧត្តមឯកអគ្គរដ្ឋទូត បានជម្រាបជូនសម្តេចប្រមុខរដ្ឋស្តីទីថា ក្នុងបេសកកម្មរយៈពេល២ឆ្នាំនេះ ឯកឧត្តមបានចូលរួមកម្មវិធីសំខាន់ៗ ដូចជាការសម្ពោធដាក់ឱ្យប្រើប្រាស់នូវសមិទ្ធផល និងបើកការដ្ឋាននានាជាច្រើន ក្នុងនោះក៏បានចូលរួមបើកសម្ពោធអគារខុទ្ទកាល័យ ថ្នាក់ដឹកនាំព្រឹទ្ធសភាផងដែរ។ ឯកឧត្តមឯកអគ្គរដ្ឋទូត បានសម្តែងនូវការស្វាគមន៍ ចំពោះសម្តេចវិបុលសេនាភត្តី សាយ ឈុំ ដែលនឹងអញ្ជើញទៅបំពេញទស្សនកិច្ចនៅប្រទេសចិន នាខែតុលា ឆ្នាំ២០១៨ ខាងមុខនេះ ហើយឯកឧត្តមមានជំនឿជឿជាក់ថា ដំណើរបំពេញទស្សនកិច្ចនេះ នឹងពិតជានាំមកនូវការជំរុញទំនាក់ទំនងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការរវាងប្រជាជន ក៏ដូចជាសភានៃប្រទេសទាំង​ពីរឱ្យកាន់តែប្រសើរថែមទៀត។

ឯកឧត្តម ស្យុង ប៉ បានម្តែងនូវការអបអរ និងវាយតម្លៃខ្ពស់ចំពោះការបោះឆ្នោតជ្រើស តាំងតំ ណាងរាស្ត្រ នីតិកាលទី៦ ដែលបានប្រព្រឹត្តទៅកាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ កន្លងទៅនេះ ទទួលបានជោគជ័យ និងប្រកបដោយឆន្ទៈពិតប្រាកដនៃការចូលរួមរបស់ប្រជាជនកម្ពុជា៕

ដោយ ប៉ាល់ សុង