ក្រសួងរៀបចំដែនដី អំពាវនាវឲ្យប្រជាពលរដ្ឋ ត្រួតពិនិត្យឲ្យបានច្បាស់លាស់មុននឹងទិញឬលក់ដី(មានវីដេអូ))

វិទ្យុជាតិកម្ពុជា៖ ដោយ លោក ចន ណារិទ្ធ និងលោក អ៊ូ កាណែល៖

  ឯកឧត្តម ប៉ែន សុផល រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និង​សំណង់ និងជា​អគ្គលេខាធិការគណៈកម្មាធិការរៀបចំដែនដី នគរូបនីយកម្មថ្នាក់ជាតិ បាន​ធ្វើ​ការអំពាវ​នាវបែប​នេះ ក្នុងឱកាសដែលឯកឧត្តម អញ្ជើញជាអធិបតី ក្នុងសិក្ខា​សាលាផ្សព្វផ្សាយប្រកាស​ស្តី​ពី​ការ​អភិវឌ្ឍដី នៅព្រឹកថ្ងៃទី២៥ ខែកញ្ញា បន្ទាប់ពីក្រសួងបានពិនិត្យឃើញថា ការពុះដីឡូតិ៍លក់​ហាក់​មាន​ភាព​អនា​ធិប​តេយ្យ​យ៉ាងខ្លាំង និងមិនត្រឹមត្រូវតាមច្បាប់ឡើយ ។

ឯកឧត្តម ប៉ែន សុផល បានថ្លែងថា បន្ទាប់ពីក្រសួង​រៀប​ចំដែនដី បានអនុម័តប្រកាស​ត្រូវ​អនុ​វត្តការអភិវឌ្ឍដី​ទាំង​អស់​​​​​រួមទាំងការពុះដីឡូតិ៍ ជាគម្រោងមួយនៅក្នុងការអភិវឌ្ឍដីត្រូវតែសុំច្បា​ប់ អនុញ្ញាតពីក្រសួង​រៀប​ចំដែនដី ឬពីសាលារាជធានី-ខេត្ត ក្រុង-ស្រុក-ខណ្ឌ ទៅតាមទំហំ​សមត្ថ​កិច្ច ។ឯកឧត្តមបន្តថា ក្នុងប្រកាសនឹងបទដ្ឋានគតិយុត្តិជាច្រើនទៀត របស់ក្រសួង ​​ជា​បទដ្ឋានគ​តិយុត្ត ទាក់​ទង​ទាំងអស់ ទាំងវិស័យឯកជន និងវិស័យវិជ្ជាជីវៈ ហើយគ្រប់សាធារណៈ និងឯក​ជន ត្រូវតែ​គោរព​​តាមគោលការណ៍ច្បាប់ និងបទដ្ឋានគតិយុត្តជាធរមាន ក្នុងករណីដែលមិន​គោ​រពតាមក្រសួង គឺមានតែការដាក់ទណ្ឌកម្ម ដល់អ្នក​លក់ដី​ឡូតិ៍​បោក​ប្រាស់តែម្តង ។

ឯកឧត្តម ​ ប៉ែន សុផល បានឲ្យដឹងទៀតថា ជាគោលការណ៍ច្បាប់ភូមិបាលបានផ្តល់កម្មសិទ្ធិ ហើយ​​រាជរដ្ឋាភិបាលបានរៀបចំប្រព័ន្ធចុះបញ្ជីជាប្រព័ន្ធ និងដាច់ដោយដុំ ដូចនេះប្រជាពលរដ្ឋ​ត្រូវតែ​ពិនិត្យ​​​មើលមុននឹងទិញ ថាដីនោះពិតជាបានចុះបញ្ជីត្រឹមត្រូវ និងជាដីរបស់អ្នកដែល​បាន​លក់ ពិត​ប្រាកដ​ឬអត់ ។