រុស្ស៊ីនឹងផ្គត់ផ្គង់ប្រព័ន្ធការពារអាកាស S-300 ទៅឱ្យប្រទេសស៊ីរី

AKP ភ្នំពេញ ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៨ — រដ្ឋមន្ត្រីការពារប្រទេសរុស្ស៊ី លោក ស៊ែរហ្គេ សយហ្គូ ( Sergei Shoigu )បាននិយាយពីថ្ងៃចន្ទថា ប្រទេសរុស្ស៊ីនឹងផ្គត់ផ្គង់ប្រព័ន្ធការពារអាកាស S-300 ព្រមទាំងគ្រឿងបរិក្ខាអត្តសញ្ញាណកម្ម ,មិត្ត ឬសត្រូវ ( IFF ) ទៅឱ្យប្រទេសស៊ីរី បន្ទាប់ពីយន្តហោះឈ្លបយកការណ៍ IL-200 របស់ខ្លួនត្រូវបានបាញ់ទម្លាក់ ដោយច្រឡំដោយប្រព័ន្ធ S-200 របស់ស៊ីរីនោះ ។

លោក សយ ហ្គូ បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍តាមទូរទស្សន៍មួយថា កងកម្លាំងប្រដាប់ អាវុធស៊ីរីនឹងទទួលបានក្នុងរង្វង់ពេល២សប្តាហ៍នូវប្រព័ន្ធមីស៊ីលពីដីទៅអាកាស S-300 ដ៏ទំនើប ដែលមាន សមត្ថភាពស្ទាក់ចាប់មធ្យោបាយវាយប្រហារពីអាកាសក្នុងរយៈចម្ងាយជាង២៥០ គីឡូម៉ែត្រ ព្រមទាំង ប្រហារដំណាលគ្នាទៅលើគោលដៅអាកាសជាច្រើន ។
លោក សយហ្គូ បានរំលឹកឡើងវិញថា ក្នុងឆ្នាំ ២០១៣ ប្រទេសរុស្ស៊ី បានផ្អាកការផ្គត់ផ្គង់ S-300 ទៅឱ្យស៊ីរី តាមសំណើរបស់អ៊ីស្រាអែល ។

លោក សយហ្គូ បាននិយាយថា ឥឡូវនេះស្ថានការណ៍បានផ្លាស់ប្តូរមិនមែនដោយសារកំហុស របស់យើងទេ ។ លោកក៏បាននិយាយថា ប៉ុស្តិ៍បញ្ជាការកងនិម្មិតកម្មនិងការពារអាកាសស៊ីរីនឹងត្រូវគេបំពាក់ដោយ ប្រព័ន្ធត្រួតត្រាស្វ័យប្រវត្តិ ដែលបច្ចុប្បន្ន គេបានផ្គត់ផ្គង់ទៅឱ្យតែកងកម្លាំងប្រដាប់អាវុធរុស្ស៊ីប៉ុណ្ណោះ ។

តាមលោករដ្ឋមន្ត្រីឱ្យដឹងថា ប្រការនេះនឹងធានាបាននូវអត្តសញ្ញាណកម្ម នៃយន្តហោះរុស្ស៊ីទាំង អស់ ព្រមទាំងធានាបាននូវការគ្រប់គ្រង ដែលបានប្រមូលផ្តុំនៃកងកម្លាំងនិងសេវាកម្មការពារអាកាសស៊ីរី ទាំងអស់ ។ លោក សយហ្គូ បាននិយាយថា នៅក្នុងតំបន់ដែលនៅជាប់គ្នាលើសមុទ្រមេឌីតេរ៉ាណេ រុស្ស៊ីនឹងធ្វើការទប់ស្កាត់ដោយវិទ្យុអេឡេចត្រូនិច ការស្ទង់រកទិសផ្កាយរណប, រ៉ាដាយន្តហោះ និងប្រព័ន្ធគមនាគមន៍នៃយន្តហោះប្រយុទ្ធដែលប៉ុនប៉ងធ្វើការវាយប្រហារមូលដ្ឋាននានា និងនៅលើទឹកដីស៊ីរី ។

លោកបាននិយាយថា យើងជឿថា ការអនុវត្តនូវវិធានការទាំងនេះនឹងបង្ក្រាបបានមនុស្សដែល ក្រអឺតក្រទម ព្រមទាំងធ្វើឱ្យញញើតសកម្មភាពដែលមិនសមហេតុផល ដែលគំរាមកំហែងដល់យោធា របស់យើង ។ ម្យ៉ាងវិញទៀតយើងត្រូវតែឆ្លើយតបឱ្យស្របទៅតាមស្ថានការណ៍ដែលរីកឡើងនេះ ៕

( ​ប្រភព ស៊ីនហួ បកប្រែដោយលោក ប៉ិន មឿន )