មេដឹកនាំកូរ៉េខាងត្បូង​ និងអាមេរិក​ស្វាគមន៍ការត្រួតពិនិត្យឡើងវិញ ចំពោះកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគី(FTA)

AKP ភ្នំពេញ ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៨ — ប្រធានាធិបកូរ៉េខាងត្បូង លោក មូន ចា-អ៊ីន​ និងប្រធានាធិបតីអាមេរិក លោក ដូណាល់ ​ត្រាំ បានស្វាគមន៍សេចក្តីសន្និដ្ឋាននៃការចរចាគ្នាដើម្បីកែសម្រួលកិច្ចព្រមព្រៀងពាណិជ្ជកម្ម​សេរីទ្វេភាគី(FTA) របស់ប្រទេសទាំងពីរកាលពីថ្ងៃចន្ទ ដោយសន្យាពីកិច្ចខិតខំប្រឹងប្រែង​ក្នុង​ការ​អនុវត្ត​វាឱ្យបានឆាប់រហ័ស។

មេដឹកនាំទាំងពីរបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍រួមគ្នាមួយដែលបានចេញផ្សាយនៅពេលបញ្ចប់នៃកិច្ចប្រជុំកំពូលទ្វេភាគីរបស់ពួកគេនៅទីក្រុងញ៉ូវយ៉កថា យើង ប្រធានាធិប​កូរ៉េ​ខាង​​ត្បូង និងប្រធានាធិបតីអាមេរិកសូមបញ្ជាក់ម្តងហើយម្តងទៀតពីសម្ព័ន្ធមិត្តិដ៏ជិតស្និទ្ធ និង​សារសំខាន់នៃការថែរក្សាដ៏រឹងមាំនូវផលប្រយោជន៍ពាណិជ្ជកម្មឱ្យគ្នាទៅវិញទៅមក ព្រមទាំង​ចំណង​ទាក់ទង​ខាងសេដ្ឋកិច្ច រវាងប្រជា-ពលរដ្ឋយើងទាំងពីរ​។

ពួកគេបានបន្ថែមទៀតថា យើងសូមស្វាគមន៍ចំពោះការសន្និដ្ឋាននៃកិច្ចចរចា​ប្រកប​ដោយភាពជោគជ័យនេះ រវាងរដ្ឋាភិបាលរបស់យើងទាំងពីរ​ដែលបានទទួលលទ្ធផល​នៅក្នុង​ការ​កែសម្រួល​ និងការធ្វើទំនើបកម្ម ដើម្បីធ្វើឱ្យប្រសើរឡើងនូវកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី​កូរ៉េខាងត្បូង-អាមេរិក​នេះ៕

( ប្រភព យន់ហាប់ បកប្រែដោយលោក មាស សំអុល )