ចិនថ្កោលទោសទូរទស្សន៍ស៊ុយអែត SVT ពីបទធ្វើឱ្យប្រទេសចិនអាម៉ាស់មុខ

AKP ភ្នំពេញ ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៨ — អ្នកនាំពាក្យក្រសួងការបរទេសបាននិយាយពីថ្ងៃចន្ទនេះថា ប្រទេសចិនបានថ្កោលទោសយ៉ាងខ្លាំង ព្រមទាំងបានធ្វើការតវ៉ាដល់ទូរទស្សន៍ស៊ុយអែត SVT ចំពោះការធ្វើឱ្យប្រទេសចិនអាម៉ាស់មុខនៅក្នុងកម្មវិធីព័ត៌មានរបស់ខ្លួន ។

អ្នកនាំពាក្យ លោក ជេង សួង ( Geng Shuang ) បានធ្វើការកត់តសម្គាល់នេះនៅពេលដែលគេស្នើឱ្យធ្វើអត្ថាធិប្បាយ ស្តីពីកម្មវិធីព័ត៌មានស៊ុយអែតមួយ​ធ្វើឡើងដោយ SVT ដែលបានធ្វើឱ្យប្រទេសចិនអាម៉ាស់មុខយ៉ាងខ្លាំង កាលពីល្ងាចថ្ងៃសុក្រនោះ ។

លោក ជេង បាននិយាយថា កម្មវិធីនេះបានធ្វើឱ្យអាម៉ាស់មុខ ព្រមទាំងវាយប្រហារប្រទេសចិន និងប្រជាជនចិនដោយមានគំនិតព្យាបាទ​ដោយលោកនិយាយបន្ថែមថា ការកត់សម្គាល់របស់អន្តរការីកម្មវិធីនេះ គឺពោរពេញដោយការរើសអើង , លំអៀង ​ព្រមទាំងបង្កហេតុប្រឆាំងនឹងប្រទេសចិន និងក្រុមជនជាតិភាគតិចដទៃទៀត ដែលប្រាស់ចាកទាំងស្រុងពីសីលធម៌វិជ្ជាជីវៈប្រព័ន្ធផ្សព្វផ្សាយ ។

លោកបាននិយាយថា យើងថ្កោលទោសយ៉ាងខ្លាំងកម្មវិធីនេះ ដោយឡែកក្រសួងការបរទេសចិន និងស្ថានទូតចិនក្នុងទីក្រុងស្តុកខុលបានធ្វើការតវ៉ាយ៉ាងម៉ឺងម៉ាត់ដល់ភាគីស៊ុយអែត ទាំងនៅក្រុងប៉េកាំង ទាំងនៅទីក្រុងស្តុកខុល ។

តាមអ្នកនាំពាក្យនោះឱ្យដឹងថា ប្រទេសចិនក៏បានទទូចផងដែរដល់មនុស្សដែលទទួលខុសត្រូវកម្មវិធីនេះ ឱ្យចាត់វិធានការជាបន្ទាន់ ដើម្បីលុបបំបាត់នូវឥទ្ធិពលដ៏អាក្រក់នេះ ហើយប្រទេសចិននឹងរក្សាសិទ្ធិចាត់វិធានការថែមទៀត៕

( ប្រភព ស៊ីនហួ បកប្រែដោយលោក ប៉ិន មឿន )