អាជ្ញាធរខេត្តកំពង់ឆ្នាំង ដាំដើមឈើរៀបចំកែលម្អសួនច្បារនៅរមណីយដ្ឋានខេត្ត

AKP កំពង់ឆ្នាំង ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៨ –អាជ្ញាធរខេត្តកំពង់ឆ្នាំង បាននាំយកកូនឈើ ដើមផ្កា និងស្មៅពណ៌បៃតងមួយចំនួនមកដាំនៅសួនច្បារ រមណីយដ្ឋានខេត្ត ចាប់ពីមុខផ្សារលើរហូតដល់សួនវិមានឯករាជ្យ និងសួនដំរីស ខេត្តកំពង់ឆ្នាំង ឱ្យកាន់តែស្រស់បំព្រងឡើង ដើម្បីលើកកម្ពស់សោភណភាព និងទាក់ទាញភ្ញៀវទេសចរជាតិ អន្ដរជាតិឱ្យចូលមកទស្សនានៅក្នុងខេត្ត កាលពីថ្ងៃចន្ទ ១៥កើត ខែភទ្របទ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៨ 

ឯកឧត្តម ឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំងបានមានប្រសាសន៍ថា សួនច្បារនេះយើងបានដាំស្មៅ និងធ្វើការកែលម្អ រួចម្ដងហើយ តែត្រូវធ្វើការកែលម្អបន្ថែមទៀតដោយដាំកូនស្លា ដើមក្ងោក ដើមចំប៉ី កូនផ្កា និងស្មៅពណ៌បៃតងផងដែរ។ អាជ្ញាធរខេត្តបានខិតខំកែលម្អសួនច្បារ រួមទាំងការដាំដើមឈើ ដាំផ្កាលម្អសួន ការរៀបការ៉ូឡា ជាការពង្រឹងហេដ្ឋារចនាសម្ព័ន្ធតាមសួនច្បារឱ្យបានកាន់តែប្រសើរឡើង ដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋលើផ្នែកបរិស្ថាន ក៏ដូចជាសម្រស់បៃតងក្នុងខេត្តបន្ថែមទៀត

ឯកឧត្តមអភិបាលខេត្តបានបន្តទៀតថា ការដាំដើមឈើវានឹងបានបង្កើតជាម្លប់បៃតង ដូច្នេះអាជ្ញាធរដែនដីត្រូវធ្វើការផ្សព្វផ្សាយអំពីព្រៃឈើបណ្ដុះបណ្ដាល អភិរក្សព្រៃឈើ  និងត្រូវមានផែនការអប់រំដល់សិស្សានុសិស្សនៅតាមសាលារៀន និងប្រជាពលរដ្ឋឱ្យបានទូលំទូលាយនិងចំគោលដៅ។

ឯកឧត្តមបានបន្តថា ការអភិវឌ្ឍទេសចរណ៍ធម្មជាតិដែលនឹងជួយដល់ការថែរក្សាបរិ ស្ថាន និងជួយដល់ធនធានធម្មជាតិ លើកកម្ពស់ស្មារតីទទួលខុសត្រូវ បង្កើនការត្រួតពិនិត្យ និងកាត់បន្ថយការបំពុលបរិស្ថាន ដែលរួមមានសារធាតុប្រកបដោយគ្រោះថ្នាក់។

ឯកឧត្តមបានណែនាំដល់ភាគីពាក់ព័ន្ធត្រូវយកចិត្តទុកដាក់វាយតម្លៃឱ្យបានហ្មត់ចត់នូវហេតុផលប៉ះពាល់បរិស្ថាន ក្នុងការអនុវត្តគម្រោងអភិវឌ្ឍន៍នានា ដើម្បីធានាការប្រើប្រាស់ធនធានធម្មជាតិសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ប្រកបដោយចីរភាព៕

ដោយ បៃ ស៊ីថុន