ឯកឧត្តមបណ្ឌិត ញឹម វណ្ណដា នាំយកអំណោយរបស់អង្កការ Caritas Cambodia ទៅចែកជូនដល់ប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ នៅខេត្តក្រចេះ

AKP ក្រចេះ ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៨ –កឧត្តមបណ្ឌិត ញឹម វណ្ណដា ទេសរដ្ឋមន្ត្រីទទួលបន្ទុកអនុប្រធានប្រចាំការ និងជាប្រធានប្រតិបត្តិ នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បាននាំយកអំណោយរបស់អង្កការ Caritas Cambodia ទៅចែកជូនបងប្អូនប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ទន្លេមេ  គង្គចំនួន ៧៦០គ្រួសារ នៅគឺស្រុកព្រែកប្រសព្វ និងស្រុកចិត្របុរី ខេត្តក្រចេះ កាលពីថ្ងៃចន្ទ ១៥កើត ខែភទ្របទ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៨        

ឯកឧត្តម វ៉ា ថន អភិបាលនៃគណៈអភិបាលខេត្តក្រចេះបានឱ្យដឹងថា ទឹកជំនន់ទន្លេ មេគង្គបានជន់ឡើងលើសកម្រិតប្រកាសអាសន្ន (កម្រិតកម្ពស់ទឹកប្រកាសអាស្នននៅស្ថានីយជលសាស្ត្រខេត្តក្រចេះគឺកម្ពស់២២ម៉ែត្រ) បានបង្កឱ្យលិចលង់ផ្ទះសម្បែង ភូមិឋានប្រជាពល រដ្ឋរាប់ពាន់ខ្នង ស្រូវវស្សារាប់ពាន់ហិកតា ផ្លូវថ្នល់ជាច្រើនកន្លែងត្រូវលិចលង់ និងខូចខាត ឯកឧត្ដមបញ្ជាក់ថា ក្នុងចំណោមក្រុង ស្រុកាំង៦ របស់ខេត្តក្រចេះ គឺមាន ក្រុង ស្រុកចំនួន ៥ ដែលរងផលប៉ះពាល់ដោយទឹកជំនន់ទន្លេមេគង្គ គឺក្រុងក្រចេះ ស្រុកចិត្របុរី ស្រុកសំបូរ ស្រុកព្រែកប្រសព្វ និងស្រុកឆ្លូង ។ 
       កឧត្តមបណ្ឌិតទេសរដ្ឋមន្រ្តី ញឹម វណ្ណដា បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ជូនចំពោះបងប្អូនប្រជាពលរដ្ឋ ដែលជួបគ្រោះមហន្តរាយនានា ជាពិសេសគ្រោះទឹកទំនន់ដែលធ្វើឱ្យប៉ះពាល់និងខូចខាតភូមិករ ផ្ទះសម្បែង ផលដំណាំ និងជីវភាពប្រចាំថ្ងៃរបស់បងប្អូន ។ ឯកឧត្ដមបានបញ្ជាក់ថា ក្នុងពេលជួបគ្រោះមហន្តរាយនេះ រាជរដ្ឋាភិបាលបានខិតខំអំពាវនាវ ស្វែងរកដៃគូក្នុងការដោះស្រាយរកជំនួយ ក្នុងការជួយឱ្យបានទាន់ពេលវេលា និងមានប្រសិទ្ធភា។ ក្នុងនោះដែរមានការគាំទ្រ និងសហការពីអង្គការ ការីតាស ប្រចាំកម្ពុជា (Caritas Cambodia ) ែលអង្គការនេះបានឧបត្ថម្ភគាំទ្រលើវិស័យអប់រំ កសិកម្ម ការងារគ្រប់គ្រង និងឆ្លើយតបគ្រោះមហន្តរាយជាដើម ។ 

ឯកឧត្តមបណ្ឌិតទេសរដ្ឋមន្រ្តី បានបញ្ជាក់ទៀតថា មិនមែនតែប្រទេសកម្ពុជាយើងទេ ដែលមានអ្នកទទួលរងនូវគ្រោះមហន្តរាយពីធម្មជាតិនោះ គឺប្រទេសដទៃទៀតក៏ជួប និងទទួលរងនូវបញ្ហាគ្រោះមហន្តរាយពីធម្មជាតិជាច្រើនប្រភេទផងដែរ ។ ដូច្នេះដើម្បីឆ្លើយតបទៅនឹងបញ្ហាគ្រោះទឹកជំនន់នេះ រាជរដ្ឋាភិបាល រួមនឹងអង្គការដៃគូនានាបានផ្តល់នូវសម្ភារៈមធ្យោបាយ ចុះអន្តរាគមន៍ជួយសង្គ្រោះ ជម្លៀស និងបានផ្តល់ស្បៀងអាហារ គ្រឿងឧបភោគ បរិភោគ ឱសថ និងវ៉ាកសាំងបង្ការ បានទាន់ពេលវេលាផងដែរ ។  ក្នុងនោះរាជរដ្ឋាភិបាល និងអង្គការដៃគូនានា ក៏បានត្រៀមផ្តល់នូវគ្រាប់ពូជស្រូវ រួមនិងពូជបន្លែជាច្រើនប្រភេទ ដើម្បីផ្តល់ជូនក្រោយពេលទឹកជំនន់នេះស្រកទៅវិញផងដែរ ។   
       នៅក្នុងឱកាសនោះដែរ ឯកឧត្តមបណ្ឌិតទេសរដ្ឋមន្រ្តី ក៏បានផ្តាំផ្ញើនិងធ្វើការណែនាំដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ គឺក្រោយពីទឹកស្រកត្រូវធ្វើការជួសជុល និងបោសសម្អាតផ្ទះសម្បែង ប្រកបរបរកសិកម្មដំាដុះនិងស្តារឡើងវិញនូវដំណាំស្រូវវស្សា ព្រមទាំងដំណាំរួមផ្សំដទៃទៀតដើម្បីផ្គត់ផ្គង់ជីវភាពគ្រួសារ ។

អំណោយរបស់អង្គការ Caritas Cambodia ដែលបានផ្តល់ជូនប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ទន្លេមេគង្គទាំង ៧៦០គ្រួសារនាពេលនោះ គឺក្នុងមួយគ្រួសារៗទទួលបាន អង្ករ ២៥គីឡូក្រាម តង់១ មី ១កេស និង មុង ១ ៕ 

ដោយជួន សុជាតិ