ក្រុមណាហ្គាវើលគ្រងជើងឯកលីគកំពូលកម្ពុជា ២០១៨

AKP ភ្នំពេញ ថ្ងៃទី ២៤ ខែកញ្ញា ឆ្នាំ២០១៨ — ក្រុមណាហ្គាវើលបានគ្រងដំណែងជើងឯកលីគកំពូលកម្ពុជា រដូវកាល២០១៨ ក្រោយពីរក បាន៣ពិន្ទុបន្ថែមពីក្រុមវិសាខា នៅក្នុងការប្រកួតសប្តាហ៍ទី២១ កាលពីថ្ងៃអាទិត្យ ទី២៣ ខែកញ្ញា ឆ្នាំ២០១៨ នៅពហុកីឡដ្ឋានស្តាតចាស់ ទោះបីជា គ្រប់ក្រុមទាំងអស់នៅសល់១ ប្រកួតទៀតចុង ក្រោយដូចគ្នាទើបបញ្ចប់ក៏ដោយ។

ក្រុមណាហ្គាវើលធ្វើសម្រេចបាន២គ្រាប់ ដោយកីឡាករ Bisan George នៅនាទីទី៧ និងនាទី៥៤ ហើយ១គ្រាប់របស់វិសាខារកបានដោយកីឡាករ Cheo Myong Ho នៅនាទី៥៩។ ជ័យជម្នះ៣ពិន្ទុបន្ថែម នេះបានធ្វើឱ្យក្រុមណាហ្គាវើលក្លាយជាម្ចាស់ដំណែងជើងឯកជាលើក ទី៣មុនបញ្ចប់រដូវកាល ខណៈក្រុមបឹងកេត ដែលឈរនៅចំណាត់ថ្នាក់លេខ២នោះរកបាន ត្រឹម១ពិន្ទុប៉ុណ្ណោះ នាសប្តាហ៍ទី២១នេះ ជាមួយក្រុមអង្គរ ថាយហ្គឺរ ២ទល់២ ហើយបាន បាត់បង់ឱកាសប្រជែងជើងឯកជាមួយណាហ្គាវើល។

ចំពោះ២១ប្រកួតរបស់ណាហ្គាវើល ឈ្នះ១៧ ស្មើ២ និងចាញ់២ មាន៥៣ពិន្ទុ ខណៈគូប្រជែង ដ៏សំខាន់ គឺ ក្រុមការពារម្ចាស់ដំណែងជើងឯករដូវកាល២០១៧ បឹងកេតបានខកចិត្ត ដោយ ២១ ប្រកួតរបស់នេះ ឈ្នះ១៥ ស្មើ៤ និងចាញ់២ មាន៤៩ពិន្ទុ។សម្រាប់លទ្ធផល៤ប្រកួតផ្សេងទៀត នាសប្តាហ៍ទី២១នេះដែរ គឺក្រុមភ្នំពេញក្រោយ ឈ្នះក្រុមបាតតារាងវេស្ទើនភ្នំពេញ នៅក្នុងលទ្ធផល ៦-០ ខណៈសូលទីឡូអង្គរឈ្នះ​អគ្គិសនី កម្ពុជា ៤-០។ រីឯក្រុមអគ្គស្នងការដ្ឋាននគរបាលជាតិស្មើគ្នាជាមួយអាស៊ីអឺរ៉ុប ២-២ ហើយក្រុម​ក្រសួងការពារជាតិប្រកួតចាញ់ ព្រះខ័នរាជ ស្វាយរៀង ដោយលទ្ធផល ០-១៕

ដោយ ហេង ណាលីន