ក្រុមហ៊ុនមួយនឹងវិនិយោគទុនទឹកប្រាក់ប្រមាណ២.លាន៥សែន ដុល្លារ បង្កើត កសិដ្ឋានផលិតទឹកដោះគោ នៅខេត្តព្រះវិហារ

វិទ្យុជាតិកម្ពុជា៖ ដោយ លោក ហោ សេងគ្រី៖

ក្រុមហ៊ុនមួយគ្រោងនឹងបើកកសិដ្ឋានផលិតទឹកដោះគោ និងវេចខ្ចប់យកមកលក់ក្នុងទីផ្សារកម្ពុជា ដែលអាចនឹងដំណើរការនៅអំឡុងខែធ្នូឆ្នាំ២០១៨ខាងមុខនេះ។

ឯកឧត្តមបណ្ឌិត សុខ ទូច ប្រធានរាជបណ្ឌិតសភាកម្ពុជា មានប្រសាសន៍ ថា៖ក្រុមហ៊ុនមួយដែលសហការជាមួយនិងឯកឧត្តម មានគំរោងដឹកជញ្ជូនគោញី ជាពូជដាណាម៉ាក(Danamark) មកពីប្រទេសថៃចំនួន២០០ក្បាល ដើម្បីសាកល្បងចិញ្ចឹមនៅក្នុងកសិដ្ឋាន ស្ថិតនៅស្រុកឆែប ខេត្តព្រះវិហារ។

ឯកឧត្តមបន្តថា ការនាំយកពូជគោញី មកដាក់ក្នុងកសិដ្ឋាននោះ គឺអាចនៅក្នុងអំឡុងខែធ្នូឆ្នាំ២០១៨នេះ ដោយនៅរង់ចាំតែការដាំស្មៅ ដែលជាចំណីគោ ឱ្យដុះលូតលាស់គ្រប់គ្រាន់ប៉ុណ្ណោះ។ ឯកឧត្តបណ្ឌិតសុខ ទូច បន្ថែមទៀតថា៖ក្រុមហ៊ុនផលិតទឹកដោះគោនៅខេត្តព្រះវិហារនេះ គ្រោងចំណាយប្រាក់វិនិយោគ ប្រមាណ២.លាន៥សែន ដុល្លារសហរដ្ឋអាមេរិក ក្នុងការទិញមេគោ និងSperm របស់គោបា យកមកបង្កាត់ពូជក្នុងស្រុក ព្រមទាំងទិញម៉ាស៊ីនសម្រាប់វេចខ្ចប់ផលិតផលទឹកដោះគោ ដែលចេញពីកសិដ្ឋាន បញ្ជូនមកលក់តាមទីផ្សារ។

ឯកឧត្តមអះអាងថា ប្រសិនបើការសាកល្បងលើមេគោចំនួន២០០ក្បាលដំបូង ដែលគេយកមកដាក់នៅខេត្តព្រះវិហារទទួលបានជោគជ័យ គឺជំហានបន្ទាប់ ក្រុមហ៊ុនមានគំរោងធ្វើធនាគារគោ ដោយបង្កាត់ពូជនិងទិញមេគោជាច្រើនប្រវាស់ ឱ្យប្រជាពលរដ្ឋនៅតំបន់ជុំវិញ ជាអ្នកចិញ្ចឹម។ ឯក្រុមហ៊ុនជាអ្នកដើរប្រមូលទិញទឹកដោះគោស្រស់ពីកសិករ ហើយវេចខ្ចប់សម្រាប់នាំយកទៅលក់នៅទីផ្សារបន្ត។

ឯកឧត្តមបណ្ឌិត សុខ ទូច ឱ្យដឹងថា៖ក្នុងមេគោ១ក្បាល បើផ្ដល់ចំណីឱ្យវាបានត្រឹមត្រូវ គឺវាអាចផ្ដល់ទឹកដោះបានពី២០ទៅ៣០លីត្រក្នុង១ថ្ងៃ ហើយប្រសិនបើកសិករ១គ្រួសារ អាចចិញ្ចឹមគោបាន១០ក្បាល គឺអាចរកចំណូលបានប្រមាណជា១០០ដុល្លារអាមេរិក ក្នុង១ថ្ងៃៗ។ ពីព្រោះក្រុមហ៊ុនអាចទទួលទិញទឹកដោះគោឆៅ ថ្លៃប្រមាណ២០០០រៀល ក្នុង១លីត្រ។ ឯកឧត្តមបណ្ឌិត យល់ថាប្រសិនបើគំរោងចិញ្ចឹមមេគោ យកទឹកដោះនៅខេត្តព្រះវិហារបានទទួលជោគជ័យនោះ គឺវាជាជ្រុងមួយដែលជួយលើកកំពស់ជីវភាពប្រជាពលរដ្ឋ ស្របតាមគោលនយោបាយរបស់រដ្ឋាភិបាល ដែលកំណត់ថា៖នៅឆ្នាំ២០៣០ខាងមុខ រដ្ឋាភិបាលនឹងធ្វើឱ្យប្រជាពលរដ្ឋមានចំណូលលើកស្ទួយជីវភាពប្រាក់មធ្យមក្នុងកំរិតខ្ពស់ ៕