អាជ្ញាធរខេត្តកំពង់ឆ្នាំងនឹងបំលាស់ទីផ្ទះបណ្តែតទឹកជនជាតិវៀតណាមជិត១ពាន់គ្រួសារឡើងរស់នៅលើគោកឲ្យអស់នៅចុងឆ្នាំនេះ

វិទ្យុជាតិកម្ពុជា ដោយ លោក ហោ សេងគ្រី៖

អាជ្ញាធរខេត្តកំពង់ឆ្នាំងបានអោយដឹងថានៅថ្ងៃទី០១ ខែតុលាឆ្នាំ២០១៨ ខាងមុខនេះ អាជ្ញាធរខេត្តកំពង់ឆ្នាំងនឹងបំលាស់ទីផ្ទះបណ្តែតទឹករបស់ជនជាតិវៀតណាមជិត១ពាន់គ្រួសារនៅក្នុងក្រុងកំពង់ឆ្នាំងឲ្យមករស់នៅលើគោកវិញ ឲ្យអស់នៅចុងឆ្នាំ២០១៨នេះ។

លោកស៊ុនសុវណ្ណរិទ្ធអភិបាលរងខេត្តកំពង់ឆ្នាំងបានឱ្យដឹងថា៖ នៅថ្ងៃទី24ខែកញ្ញាឆ្នាំ2018អាជ្ញាធរខេត្ត ផ្សព្វផ្សាយសេចក្តីជូនដំណឹងពីផែនការខាងលើនេះដល់ប្រជាពលរដ្ឋដែលកំពុងរស់នៅលើផ្ទះ បណ្តែតទឹកក្នុងទន្លេ ដើម្បីចូលរួមអនុវត្តន៍ផែនការ៥ឆ្នាំរបស់ខេត្ត គឺពីឆ្នាំ២០១៥ ដល់២០១៩ អោយទទួលបានជោគជ័យ។

លោក បានបន្តថា៖ នៅក្នុងផែនការនេះ អាជ្ញាធរខេត្ត បានបង្កើតគណៈកម្មការ ៦ក្រុម គឺក្រុមទី១ដឹកនាំដោយលោកផ្ទាល់ ធ្វើបំលាស់ទីផ្ទះបណ្តែតទឹក នៅក្នុងក្រុងកំពង់ឆ្នាំង អោយឡើងមករស់នៅលើកគោកអោយរស់នៅចុងឆ្នាំ២០១៨នេះ ។

ចំណែកគណកម្មការ៥ក្រុមទៀត គឺមានលោកស្នងការ នគបារលខេត្តជាប្រធាន និងអភិបាលស្រុកពាក់ពន្ធ័ជាអនុប្រធាន ដោយត្រូវធ្វើការបំលាស់ទីផ្ទះបណ្តែតទឹកទាំងអស់ដែលមានទាំងវៀតណាម ទាំងខ្មែរ និងទាំងខ្មែរឥស្លាមមានចំនួនជាង២ពាន់គ្រួសារ នៅតាមស្រុកក្នុងខេត្តកំពង់ឆ្នាំង អោយឡើងមករស់នៅលើគោកទាំងអស់នៅក្នុងឆ្នាំ២០១៩។

ប្រជាពលរដ្ឋជាង២ពាន់គ្រួសារនោះបានផ្តិមេដៃយល់ព្រមរួចហើយ ហើយអាជ្ញាធរខេត្តក៏បានបញ្ជូនមេដៃទាំងនោះជូនប្រមុខរាជរដ្ឋាភិបាលរួចហើយដែរ ។

លោកបន្ថែមថានៅក្រុងកំពង់ឆ្នាំងមានផ្ទះបណ្ដែតទឹករបស់ជនជាតិវៀតណាមចំនួន៩៩៦គ្រួសារ ដែលត្រូវបម្លាស់ទីអោយឡើងមករស់នៅលើគោកនៅលើដីទំហំជាង៤០ហិកតា ក្នុងឃុំស្វាយជ្រុំ ស្រុករលាប្អៀរ ដែលអាជ្ញាធរខេត្តបានធ្វើគំរោងសុំអនុប្រយោគពីរាជរដ្ឋាភិបាលសុំកាត់ចេញពីតំបន់ដីលិចទឹក។

ក្នុងវគ្គ១ ត្រូវបំលាស់ទីផ្ទះបណ្តែតទឹក ដែលគ្មានបែចិញ្ចឹមត្រីអោយឡើងមកមុនគេ និងវគ្គ២ តម្រូវអោយអ្នកមានបែត្រីឡើងមកក្រោយគេ គឺអនុញ្ញាតអោយទុកបែត្រីនៅក្នុងទន្លេនៅចំណុចទឹកជ្រៅដែលខេត្តនិងអ្នកជំនាញបានកំណត់ តែមិនអនុញ្ញាតអោយ ផ្ទះធ្វើបង្គន់អនាម័យស្នាក់នៅលើបែត្រីនោះឡើយ៕