ប្រជាពលរដ្ឋរងគ្រោះ៥១គ្រួសារ ដែលត្រូវបានជំលៀសចេញពីទឹកជំនន់បឹងទន្លេសាប ទទួលអំណោយពីកាកបាទក្រហមកម្ពុជាខេត្តសៀមរាប

AKP សៀមរាប ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៨ — ប្រជាពលរដ្ឋរងគ្រោះចំនួន៥១គ្រួសារ រស់នៅភូមិព្រៃប្រស់ ឃុំសង្វើយ ស្រុកជីក្រែង ខេត្ត សៀមរាប ដែលបានរងគ្រោះដោយទឹកជំនន់បឹងទន្លេសាបនោះ ត្រូវបានអាជ្ញាធរស្រុក ជម្លៀសចេញឱ្យ មករស់នៅបណ្តោះអាសន្នលើទីទួលសុវត្តិភាព។ទន្ទឹមនេះ បងប្អូនរងគ្រោះ ទាំង៥១គ្រួសារនេះ ត្រូវបានកាកបាទក្រហមកម្ពុជាសាខាខេត្តសៀមរាប នាំយកអំណោយ ទៅចែកជូន ដែលអំណោយទាំងនោះផ្ដល់ក្នុង១គ្រួសារៗទទួលបានមុង១ ក្រមា១ ខោអាវ១ កញ្ចប់ ត្រីខ កំប៉ុង១យួរ មី១កេស អង្ករ២៥គក្រ ទឹកសុទ្ធ២យួរ តង់១ និងថវិកាមួយ ចំនួនទៀត។ ពិធីនេះ បានធ្វើឡើង កាលពីថ្ងៃទី១៤កើតខែភទ្របទ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២៣ ខែកញ្ញាឆ្នាំ២០១៨។

ថ្លែងក្នុងពិធីសំណេះសំណាល និងចែកអំណោយជូនដល់គ្រួសាររងគ្រោះទាំង៥១គ្រួសារ លោកជំទាវ គួយ ណាលីន ឃឹម ប៊ុនសុង អនុប្រធានគណកម្មាធិការសាខាកាកបាទក្រហម កម្ពុជាខេត្តសៀមរាប បានមានប្រសាសន៍ថា ទីណាដែលបងប្អូនប្រជាពលរដ្ឋជួបការលំបាក​ដោយវិបត្តិផ្សេងៗ ដែលទាក់ទងទៅនឹងកង្វះខាតក្នុងជីវភាពរស់នៅ ឬរងគ្រោះដោយធម្មជាតិ ដូចជាគ្រោះរាំងស្ងួត គ្រោះទឹកជំនន់ ខ្យល់ព្យុះជាដើមនោះ គឺទីនោះត្រូវតែមានវត្តមានកាក បាទក្រហមកម្ពុជាជានិច្ច។
លោកជំទាវបានបញ្ជាក់ថា នេះគឺជាកំណត់ត្រាឆន្ទៈនៃសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ដែលត្រូវបានបញ្ជ្រាបចូលទៅក្នុងឆន្ទៈ​នៃប្រតិ​បត្តិការលើការងារមនុស្សធម៌ ដើម្បីបញ្ចេញសកម្មភាពលើគ្រប់ផ្នែក រួមទាំងការអំពាវនាវ ស្វែងរកមូលនិធិសប្បុរសធម៌តាមគ្រប់រូបភាព តាមរយៈនៃការបំផុលចលនាវប្បធម៌ចែករំលែក និងការដឹកជញ្ជូនអំណោយទៅកាន់គោលដៅនៃការជួយសង្គ្រោះ។

លោកជំទាវបានបន្ដថា ពាក្យថាអំណោយសង្គ្រោះបន្ទាន់ វាពិតជា​សកម្មភាពមួយ ដើម្បីជួយចម្លងបងប្អូនឆ្លងកាត់ការលំបាកមួយគ្រាតែប៉ុណ្ណោះ។ ដូច្នេះសង្ឃឹមថា បងប្អូន នឹង មាន​ជីវភាពរស់នៅជាប្រក្រតីឡើងវិញ ក្រោយពេលដែលទឹកជំនន់បានដកថយទៅវិញ។
លោកជំទាវក៏បានណែនាំដល់បងប្អូនទាំងអស់ក៏ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ ក្នុងពេលដែល​ភូមិឋានរបស់បងប្អូនទទួលរងការលិចទឹក ពោលគឺកុំឱ្យកូនចៅ កុមារតូចៗ ចុះលេងទឹក ខ្លាចមានកើតនូវប្រការអាក្រក់ណាមួយចំពោះក្រុមគ្រួសាររបស់បងប្អូន។

លោកជំទាវ គួយ ណាលីន ឃឹម ប៊ុនសុង ក៏បានធ្វើការផ្តាំផ្ញើ ដល់បងប្អូនប្រជាពលរដ្ឋ​រងគ្រោះទាំងអស់ ដែលបានមកបោះតង់តាំងលំនៅស្នាក់នៅបណ្តោះអាសន្ន​លើទីទួល​សុវត្ថិភាពនេះ ត្រូវយកចិត្តទុកដាក់លើការថែទាំសុខភាព ដោយបរិភោគទឹកស្អាត មានការ ប្រុងប្រយ័ត្ន និងបង្ការឱ្យបានខ្ពស់ចំពោះសត្វអសិរពឹស ព្រមទាំងធ្វើអនាម័យបរិស្ថាននៅជុំវិញ លំនៅឋានក្រោយពេលទឹកស្រក៕

ដោយ ហង្ស សៀក