ភ្ញៀវទេសចរជាតិ និងអន្តរជាតិប្រមាណជាង៤.០០០នាក់ ទៅទស្សនាព្រះអាទិត្យរះ ចំពីលើកំពូលប្រាង្គកណ្តាលប្រាសាទអង្គរវត្ត

AKP សៀមរាប ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៨ — ចំនួនភ្ញៀវទេសចរជាតិ និងអន្តរជាតិបានទៅទស្សនាព្រះអាទិត្យរះចំពីលើកំពូលប្រាង្គ កណ្តាល​ប្រាសាទអង្គរវត្តនៅខែកញ្ញាឆ្នំា២០១៨នេះមានការថយចុះជាឆ្នំាមុន ដោយសារតែ ភ្ញៀវទេសចរ និងប្រជាពលរដ្ឋខ្មែរឃើញអាកាសធាតុមិនល្អ ទើបមិនសូវមានអ្នកទៅទស្សនា។ នេះបើតាមការបញ្ជាក់របស់ប្រធានមន្ទីរទេសចរណ៍ខេត្ដសៀមរាប។    លោក ង៉ូវ សេងកាក់ ប្រធានមន្ទីរទេសចរណ៍ខេត្តសៀមរាបបានបញ្ជាក់ថា ព្រឹត្តការណ៍ ព្រះអាទិត្យរះចំពីលើកំពូលប្រាង្គកណ្តាលប្រាសាទអង្គរវត្តកាលពីព្រឹកថ្ងៃទី២៣ ខែកញ្ញា ឆ្នំា២០១៨នេះមានភ្ញៀវទេសចរជាតិ និងអន្តរជាតិ បានទៅទស្សនាព្រះអាទិត្យរះចំពីលើកំពូល ប្រាសាទអង្គរវត្តមានប្រមាណ៤.៥០០នាក់ គឺមានការថយចុះប្រមាណ១១.១១ភាគរយ បើ​ប្រៀបធៀប កាលពីខែកញ្ញាឆ្នាំ២០១៧កន្លងទៅ។ទន្ទឹមនេះ ភ្ញៀវទេសចរអន្តរជាតិមានចំនួន ប្រមាណ១.៨០០នាក់ គឺមានការថយចុះប្រមាណ៥.៥៥ភាគរយ ភ្ញៀវទេសចរជាតិមានចំនួន ប្រមាណ២.៧០០នាក់ មានការថយចុះប្រមាណ២៩.៦២ភាគរយ។
លោកប្រធានមន្ទីរបានពន្យល់ថា មូលហេតុដែលធ្វើឱ្យចំនួនអ្នកទេសចរបរទេស​និងពលរដ្ឋខែ្មរមកទស្សនាព្រះអាទិត្យរះចំពីលើកំពូលប្រាសាទអង្គរវត្ត នៅខែកញ្ញាឆ្នំានេះ មានការថយចុះ ដោយសារតែបញ្ហាអាកាសធាតុមានពពកច្រើនរកក​ល់និងភ្លៀងដែលធ្វើភ្ញៀវ ទេសចរបរទេស និងពលរដ្ឋខ្មែរមិនសូវទៅដោយគិតថាថ្ងៃរះមិនល្អ។ លោកបានអះអាងថា ជាក់ស្តែងព្រះអាទិត្យរះចំពីលើកំពូលប្រាង្គកណ្តាលប្រាសាទអង្គរវត្តកាលពីព្រឹកថ្ងៃទី២៣ខែកញ្ញានេះ គឺថ្ងៃរះមិនមូលល្អទេដោយសារពពកខ្មៅបាំង។

កញ្ញា វុធ ប៉ូលីកា ជាប្រជាពលរដ្ឋរស់នៅនៅក្នុង ខេត្តសៀមរាបក្នុងចំណោមមនុស្ស រាប់ពាន់នាក់ដែលបានមកទស្សនាព្រះអាទិត្យរះចំពីលើកំពូលប្រាសាទអង្គរវត្ត​ បានឱ្យដឹងថា ថ្ងៃនេះពិតជាមានការសប្បាយរីរាយយ៉ាងខ្លំាងដែលមកទស្សនាព្រះអាទិត្យរះចំពីលើកំពូលប្រាសាទអង្គរវត្តជាក្រុមគ្រួសារក៏ដូចជាអ្នកទេសចរជាតិ និងអន្តរជាតិរាប់ពាន់អ្នកផ្សេងទៀត។ កញ្ញាបន្តថា បើទោះបីថ្ងៃនេះព្រះអាទិត្យរះមិនសូវល្អក៍ពិតមែនតែវាជាថ្ងៃមួយដ៏ អស្ចារ្យ សម្រាប់កូនខ្មែរយើង។កញ្ញាបានបន្ថែមថា បើទោះបីជាមើលមិនបានឃើញច្បាស់យ៉ាងណាក្ដី ប៉ុន្ដែនៅខែមីនាឆ្នំាក្រោយកញ្ញា និងក្រុមគ្រួសារនឹងមកទស្សនាព្រះអាទិត្យរះចំពីលើកំពូល ប្រាសាទអង្គរនេះទៀតព្រោះនៅខែមីនាព្រះអាទិត្យនឹងរះល្អជាងនេះ។
សូមបញ្ជាក់ថា ព្រះអាទិត្យរះចំពីលើកំពូលកណ្តាលនៃប្រាសាទអង្គរវត្ត ឬ(ព្រឹត្តិការណ៍ សមរាត្រី)តាមការសិក្សារបស់អ្នកស្រាវជ្រាវរបស់មជ្ឈមណ្ឌលស្រាវជ្រាវ និងតម្កល់ឯកសារ អង្គរនៃអាជ្ញាធរជាតិអប្សរាបានបង្ហាញថា ជារៀងរាល់ឆ្នាំសមរាត្រី (Equinox) តែងតែកើត​មានពីរដង គឺនៅរដូវប្រាំង(VernalEquinox)​កើតទ្បើងនៅខែមីនា​និងសមរាត្រីរដូវវស្សា​(Autumnal Equinox) កើតទ្បើងនៅខែកញ្ញា។ សមរាត្រីជាវេលាដែលថ្ងៃ និងយប់មានរយៈ ពេលស្ទើរតែស្មើគ្នា។ ក្រៅពីនេះ ខែខ្លះថ្ងៃមានរយៈពេលវែងជាងយប់ ហើយខ្លះទៀតយប់ មានរយៈពេលវែងជាងថ្ងៃវិញ ជាករណីពិសេសនៅអង្គរវត្តវេលាថ្ងៃ និងយប់មានរយៈពេល ស្មើគ្នានេះ ដែលព្រះអាទិត្យតែងតែរះទ្បើងចំកំពូលកណ្តាលនៃអង្គរវត្ត នាព្រឹកព្រលឹម ស្រាងៗ។ដោយឡែកចំពោះសមរាត្រីរដូវវស្សានៅថ្ងៃទី២៣ ខែកញ្ញានេះ ព្រះអាទិត្យរះ​ទ្បើងចំកំពូលកណ្តាល ដែលយើងអាចមើលឃើញពីក្លោងទ្វារកណ្តាលនៃគុកតារាជ (ក្លោងទ្វារធំខាងលិច)ចាប់ម៉ោង៥និង៥០នាទី ដល់ម៉ោងប្រហែល៧ព្រឹក។ តែទៅបីយ៉ាង ណាក្ដី ព្រឹត្តិការណ៍ដ៍អស្ចារ្យនេះ គឺអាស្រ័យលើអាកាសធាតុធាតុដែរបើអាកាសធាតុ អំណោយផលល្អអ្នកទេសចរអាចផ្តិតយករូបភាពរបស់ថ្ងៃរះជាមួយប្រាសាទអង្គរវត្តដ៏ស្អាត អស្ចារ្យនេះបាន។ ប៉ុន្ដែ បើអាកាសធាតុមិនល្អយើងមិនអាចទស្សនាថ្ងៃរះ​កំពូលអង្គរដូចដែល យើងចង់ឃើញបាននោះទេ ហើយសម្រាប់ខែកញ្ញាឆ្នំានេះគឺមិនអាចទស្សនាថ្ងៃរះ កំពូលអង្គរ ដ៏ស្រស់ស្អាតនេះបានទេដោយសាបញ្ហាអាកាសធាតុ៕

ដោយ ឃុត សៅ