អ្នកសារព័ត៌មានកម្ពុជាប្រមាណ៣០ នាក់ បង្កើន​​ចំណេះដឹងវិជ្ជាជីវៈ​សារព័ត៌មានបន្ថែម ក្នុងសម័យទំនើបជីឌីថល នៅប្រទេសវៀតណាម

វិទ្យុជាតិកម្ពុជា៖ ដោយ លោក អ៊ួង វុធ និង លោក អ៊ូ កាណែល៖

ក្រុម អ្នកសារព័ត៌មានអាជីពកម្ពុជា នៃស្ថាប័នរដ្ឋប្រមាណ៣០នាក់ មកពីមន្ទីរតាមបណ្តាខេត្ត មានវិទ្យុ ទូរទស្សន៍ អ្នករាយការណ៍ព័ត៍មាន បានមកទទួលចំណេះដឹងផ្នែកព័ត៍មានពីក្រសួងព័ត៍មាននិងផ្សព្វផ្សាយវៀតណាម ដើម្បីលើកកំពស់សមត្ថភាព ក្នុងព្រឹតិកាណ៍រាយណ៍ធំៗឲ្យបានកាន់លឿន និងល្អ។

ក្នុងវគ្គបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈសរសេរព័ត៍ដល់អ្នកព័ត៍មានកម្ពុជា នៅទីក្រុងហូជីមិញ ប្រទេសវៀតណាម កាលពីព្រឹកថ្ងៃទី២៤ កញ្ញាឆ្នាំ ២០១៨

លោក ង្វៀន វ៉ាន់ហ៊ីវ អគ្គនាយករងនៃអគ្គនាយកដ្ឋានព័ត៌មាន នៃក្រសួងព័ត៌មាន និងផ្សព្វផ្សាយវៀតណាម បានលើកឡើងថា វគ្គបណ្ដុះបណ្ដាលនាថ្ងៃនេះ ធ្វើឡើងក្នុង​គោល​បំណង ពង្រឹង​ និងពង្រីកកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរនិង បានផ្លាស់ប្តូរ​បទពិសោធន៍​នៃការសរសេរព័ត៌មានរបស់អ្នកកាសែតកម្ពុជា និងវៀតណាម។
ម្យ៉ាងទៀតវាជាការចូលរួមផ្លាស់ប្តូរយោបល់បទពិសោធន៍ នៃការសរសេរព័ត៍រវាងអ្នកកាសែតកម្ពុជា និងអ្នកកាសែតវៀតណាម ក៍ដូចក្រសួងព័ត៍មានកម្ពុជានិងក្រសួងព័ត៍មាន និងផ្សព្វផ្សាយវៀតណាម ឲ្យកាន់តែល្អបន្ថែមទៀត ។
លោកបន្ថែមថា វគ្គបណ្ដុះបណ្ដាលនេះ ធ្វើឡើងតាមរយៈក្រសួងព័ត៍មានកម្ពុជានិងក្រសួងព័ត៍មាននិងផ្សប្វផ្សាយវៀតណាម បានចុះអនុស្សរណៈជាមួយគ្នាតាំងពីឆ្នាំ២០១៦ ដល់ឆ្នាំ២០២០ ដើម្បី ពង្រឹងជំនាញអ្នកសារព័ត៍មានកម្ពុជាឲ្យកាន់តែខ្លាំង  ។

លោកជឿរជាក់ថា ក្រោយវគ្គបណ្ដុះបណ្ដាលនេះ អ្នកសារព័ត៌មានកម្ពុជា នឹងកាន់​តែមាន​សមត្ថភាព​ក្នុងការសរសេរ និងរាយការណ៍ព័ត៌មាន ពីព្រឹត្ថិការណ៍​ផ្សេងៗ ឲ្យកាន់តែ​មាន​ភាពល្អប្រសើរជាងមុន ដែលនឹងអាចឈានទៅបំរើបាននូវប្រយោជន៍ជាសាធារណៈ​ដល់​ប្រជាពលរដ្ឋទូទៅ។

លោក ងឿន ច័ន្ទលីន ប៉ូឡែន អគ្គនាយករងរដ្ឋបាល និងហិរញ្ញវត្ថុ នៃក្រសួងព័ត៍មាន បានលើកឡើងថា វគ្គបណ្ដុះបណ្ដាលនេះ នឹងអាច​ផ្ដល់ជា​អត្ថប្រយោជន៍ថ្មីបន្ថែមមួយទៀត ​សម្រាប់បង្កើន​នូវចំណេះដឹង​វិជ្ជាជីវៈ​សារព័ត៌មាន ក្នុងសម័យទំនើបជីឌីថល ពិសេសរបៀបនៃការសរសេរនូវអត្ថបទព័ត៌មាន ឲ្យកាន់តែ ឆាប់រហ័ស និងល្អជាងមុន។

គួរបញ្ជាក់ថា៖   នេះគឺជាលើកទី២ហើយ  ដែលក្រុមអ្នកសារព័៍ត៍មាន កម្ពុជាទទួលបានវគ្គបណ្តុះបណ្តាយពីក្រសួងព័ត៍មាន និងផ្សព្វផ្សាយវៀតណាម  វគ្គនេះមានរយៈពេល៥ថ្ងៃចាប់ថ្ងៃទី២៤ ដល់២៨កញ្ញាឆ្នាំ២០១៨៕