រដ្ឋមន្រ្តីក្រសួងបរិស្ថានចូលរួមដាំកូនឈើកោងកាង៥ម៉ឺនដើម លើផ្ទៃដី១០ហិចតា នៅដែនជម្រកសត្វព្រៃពាមក្រសោប ក្នុងខេត្តកោះកុង

AKP កោះកុង ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៨ — រដ្ឋមន្រ្តីក្រសួងបរិស្ថាន ឯកឧត្តមសាយ សំអាល់ បានអញ្ជើញចូលរួមដាំកូនឈើកោង កាង ចំនួន២.៥០០ដើម នៅក្នុងក្របខណ្ឌនៃគម្រោងដាំកូនឈើកោងកាងចំនួន៥ម៉ឺនដើម លើផ្ទៃដី ១០ហិកតា នៅក្នុងដែនជម្រកសត្វព្រៃពាមក្រសោប ស្ថិតក្នុងភូមិបឹងកាឆាង ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង កាលពីថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៨។ នេះបើយោងតាមការ ចេញផ្សាយរបស់ក្រសួងបរិស្ថាន។


ឯកឧត្តម សាយ សំអាល់ បានមានប្រសាសន៍ថា ការដាំកូនដើមកោងកាងនេះក្នុង គោលបំណងដើម្បីជួយបង្កើនគម្របព្រៃកោងកាង ការបង្កើនជីវចម្រុះឡើងវិញ និងចូលរួម លើកស្ទួយជីវភាពសហគមន៍។ ឯកឧត្តមបានបញ្ជាក់ថា ព្រឹត្តិការណ៍ដាំកូនឈើកោងកាង នេះ បានបញ្ជាក់អំពីការគាំទ្រ និងចូលរួមអនុវត្តនូវគោលនយោបាយ របស់រាជរដ្ឋាភិបាល អាណត្តិទី៦ ជាពិសេសផែនការយុទ្ធសាស្រ្តស្តីពីការប្រែប្រួលអាកាសធាតុឆ្នាំ២០១៤-២០២៣ ដែលបង្ហាញពីសក្ខីភាព និងសមិទ្ធផល នៃកិច្ចសហការរវាងប្រជាពលរដ្ឋសហគមន៍ អាជ្ញាធរ មូលដ្ឋាន និងវិស័យឯកជន។

ក្នុងក្របខណ្ឌនេះដែរ ក្រសួងបរិស្ថានបានធ្វើកំណែទម្រង់ រចនាសម្ព័ន្ធផ្ទៃក្នុងក្រសួង ដោយបង្កើត ឱ្យមាននាយកដ្ឋានអភិរក្សសមុទ្រ និងតំបន់ឆ្នេរ ដើរតួនាទីរួមចំណែកក្នុងកិច្ចការពារបរិស្ថាន និងការអភិរក្សធនធានតំបន់ឆ្នេរ និងសមុទ្រ ទាំង ថ្នាក់តំបន់ និងសកលលោកផងដែរ ក្នុងការកែទម្រង់រដ្ឋបាលសាធារណៈ ហិរញ្ញវត្ថុ សាធារណៈ និងការធ្វើវិមជ្ឈការ វិសហមជ្ឈការ។
ឯកឧត្តមរដ្ឋមន្រ្ដីបានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមការងារ នាយកដ្ឋាន អភិរក្សសមុទ្រ និងតំបន់ឆ្នេរនៃក្រសួងបរិស្ថាន ក្រុមការងារថ្នាក់ខេត្ត ដែលបានបង្កើត ឱ្យមានព្រឹត្តិការណ៍នេះឡើង ក៏ដូចជាក្រុមហ៊ុន Starlight Apparel Manufacturing Company Limited ក្នុងការគាំទ្រ និងចូលរួមអភិរក្សធនធានធម្មជាតិតំបន់ឆ្នេរ និងការលើកស្ទួយជីវភាព ប្រជាសហគមន៍មូលដ្ឋាន ជាមួយក្រសួងបរិស្ថាន ជាពិសេសលើកទឹកចិត្តដល់សហគមន៍ ដែលបានចូលរួមថែរក្សា និងអភិរក្សធនធានព្រៃកោងកាងតំបន់ឆ្នេរផងដែរ។

ឯកឧត្តមរដ្ឋមន្រ្តីបានគូសបញ្ជាក់ទៀតថា ប្រទេសកម្ពុជាយើងបានចូលរួមកាត់បន្ថយ​ការប្រែ ប្រួលអាកាសធាតុ កាត់បន្ថយការសាយភាយនៃឧស្ម័នផ្ទះកញ្ចក់ តាមរយៈការការពារ ការអភិរក្ស និងការដាំស្តារព្រៃឈើឡើងវិញ ដែលមានតួនាទីសំខាន់ក្នុងការស្រូប យកនូវ ឧស្ម័នកាបូនិច។ លើសពីនេះ ព្រៃកោងកាងមានសក្តានុពលក្នុងការរួមចំណែកស្រូបយក ឧស្ម័នកាបូនិច រក្សាបាននូវតុល្យភាពប្រព័ន្ធអេកូឡូស៊ី ជីវៈចម្រុះ និង មច្ឆាជាតិ ដែលជាធន ធានចាំបាច់ សម្រាប់លើកកម្ពស់ជីវភាពប្រជាសហគមន៍ តាមរយៈការនេសាទ ទេសចរណ៍ ធម្មជាតិ និងការកែច្នៃផលិតផលពីធនធានសមុទ្រ និងតំបន់ឆ្នេរ។
លោកជំទាវ មិថុនា ភូថង អភិបាលខេត្តកោះកុងបានឱ្យដឹងដែរថា ព្រៃកោងកាងពិតជា មានសារៈសំខានណាស់សម្រាប់ជីវចម្រុះនៅក្នុងសមុទ្រ និងជាជម្រកនៃសត្វស្លាបគ្រប់ ប្រភេទ ដែលកន្លងមកថ្នាក់ដឹកនាំខេត្ត និងមន្រ្តីជំនាញ ក៏ដូចជាប្រជាសហគមន៍បាន យកចិត្ត ទុកដាក់ក្នុងការថែរក្សាការពារ ឱ្យបានគង់វង្ស ជាពិសេសទាក់ទាញភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ មកកម្សាន្តកកាន់តែច្រើនថែមទៀត៕

ដោយ អ៊ុន រិទ្ធី រូបថត៖ក្រសួងបរិស្ថាន