សម្តេចចៅហ្វាំង គង់ សំអុល នាំយកអំណោយមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ចែក ជូនគ្រួសាររងគ្រោះដោយទឹកជំនន់ចំនួន១៩១គ្រួសារនៅខេត្ដកំពង់ឆ្នាំង

AKP កំពង់ឆ្នាំង ថ្ងៃទី ២២ ខែកញ្ញា​ ឆ្នាំ២០១៨​ — សម្តេចចៅហ្វាំង គង់ សំអុល អនុប្រធានអចិន្ត្រៃយ៍កាកបាទក្រហមកម្ពុជា សំណាងដ៏ខ្ពង់ ខ្ពស់របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន​ ប្រធានកាកបាទក្រហមកម្ពុជា អមដំណើរដោយ ឯកឧត្តម គុយ សុផល​ ឧត្តមទីប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ទេសរដ្ឋមន្ត្រី ទទួលបន្ទុកកិច្ចការទូទៅ ឯកឧត្តមវេជ្ជបណ្ឌិត អ៊ុយ សំអាត នាយក នៃនាយកដ្ឋាន គ្រប់គ្រង​គ្រោះមហន្តរាយ កាកបាទក្រហមកម្ពុជា និងថ្នាក់ដឹកនាំខេត្ត​ ប្រធានគណៈកម្មាធិការ​សាខា ក្រុមប្រតិបត្តិសាខា អនុសាខាយុវជនកាកបាទ ក្រហមខេត្ដកំពង់ឆ្នាំង បាននាំអំណោយ មនុស្ស​ធម៌របស់កាកបាទក្រហមកម្ពុជា ចែកជូនដល់គ្រួសាររងគ្រោះដោយទឹកជំនន់បាន ជម្លៀសមកទីទួលសុវត្ថិភាពចំនួន​ ១៩១គ្រួសារក្នុងនោះគឺ ស្រុកកំពង់ត្រឡាច ៨៨គ្រួសារ​ ស្រុកបរិបូណ៌១០៣គ្រួសារ ក្នុងខេត្តកំពង់ឆ្នាំង​។

ក្នុងឱកាសនេះផងដែរ សម្តេចចៅហ្វាំង គង់ សំអុល បានពាំនាំសារអំពាវនាវរបស់​ សម្តេច កិត្តិព្រឹទ្ធបណ្ឌិតប្រធាន​ ដែលផ្តាំផ្ញើឱ្យគិតគូរពីការ​ថែទាំសុខភាព​ ការហូបស្អាត​ រស់នៅស្អាត​ មានអនាម័យ​ គេងក្នុងមុងជានិច្ច​ ជៀសវាងការកើតជំងឺគ្រុនចាញ់​ គ្រុនឈាម និងជំងឺឆ្លង ផ្សេងៗ។ សម្តេចចៅហ្វាំងបានបន្ដថា បងប្អូនទាំងអស់ ត្រូវគិតគូរពីសុវត្ថិភាពចរាចរណ៍​ ដោយ​គោរពច្បាប់ចរាចរណ៍ និងប្រុងប្រយ័ត្នជានិច្ចរាល់ពេលធ្វើដំណើរ។​ ទន្ទឹមនេះ កូនក្មួយ ជាសិស្សានុសិស្សគួរគិតគូរសេពគប់មិត្តភក្តិល្អៗ​ ជៀសឆ្ងាយពីគ្រឿងញៀន​ ចេះរស់នៅ សុខដុមរមនា​ សាមគ្គីភាព​ ស្រឡាញ់គ្នាទៅវិញទៅមក​ និងរួមគ្នាពង្រឹងសុខសន្តិភាព​ ស្ថិរភាព​ និងការអភិវឌ្ឍ។


សម្តេចចៅហ្វាំង គង់ សំអុល ក៏បាននាំអំណោយផ្តល់ជូនដល់គ្រួសារនីមួយៗ ទទួលបានអង្ករ៣០គីឡូក្រាម មីយើង១កេស​ ត្រីខ១យួរ ឃីត១កញ្ចប់​(មុង១ ភួយ១ សារុង១ ក្រមា១ អាវ១)កាដុងចំណុះ២០L ១ ​ផ្ដល់ជូនតង់ដល់ភូមិត្រពាំងចាន់(៤៥)​​ ទឹកសុទ្ធ១ដប នំប៉័ង១ដើម និងថវិកា​ ២០.០០០រៀល៕

ដោយ សោម ឬទ្ធី