ប្រជាពលរដ្ឋ១៦១គ្រួសារ ទទួលបានជំនួយពីសាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប

AKP សៀមរាប ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៨ — ប្រជាពលរដ្ឋចំនួន១៦១គ្រួសារ រស់នៅក្នុងឃុំអន្លង់សំណរ និងឃុំជីក្រែង ស្រុកជីក្រែង ដែលទទួលរងគ្រោះដោយជំនន់ទឹកភ្លៀងនិងទឹកបឹងទន្លេសាបនោះ ត្រូវបានអាជ្ញាធរជម្លៀស ឱ្យមករស់នៅទីទួលសុវត្ថិភាពនៃខ្នងទំនប់៧៨ ហើយត្រូវបានសាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយមនុស្សធម៌ទៅចែកជូន។ ពិធីនេះបានធ្វើឡើង កាលពីថ្ងៃ ១១កើត ខែភទ្របទ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនិងថ្ងៃទី ២១ ខែកញ្ញាឆ្នាំ២០១៨។


លោក ពៅ ប៊ុនធឿន ប្រធានអនុសាខាកាកបាទក្រហមស្រុក និងជាអភិបាលនៃ​គណៈអភិបាលស្រុកជីក្រែង បានឱ្យដឹងថា ចាប់ពីថ្ងៃទី១៣ ដល់ទី១៩ខែកញ្ញាកន្លងមកនេះ នៅភូមិសាស្ត្រស្រុកជីក្រែងបានទទួលរងឥទ្ធិពលទឹកភ្លៀង ខ្យល់កន្ទ្រាក់ បាតុភូតផ្គររន្ទះ ព្រមទាំងធ្វើឱ្យមានជំនន់ទឹកភ្លៀងលិចផ្ទះសម្បែង និងដំណាំស្រូវរបស់ប្រជាពលរដ្ឋ ដែលក្នុង នោះរួមមានរន្ទះបាញ់រងរបួសកុមារ៣នាក់ លំនៅឋានប្រជាពលរដ្ឋលិចទឹកមានចំនួន ៨៤១ ខ្នង មានក្នុងឃុំជីក្រែង អន្លង់សំណរ គោកធ្លកលើ គោកធ្លកក្រោម និងឃុំសង្វើយ ហើយក្នុង នោះដែរលំនៅដ្ឋានដែលលិចទឹកធ្ងន់ធ្ងរមានចំនួន២០៧គ្រួសារ។ រីឯផលដំណាំពោលគឺលិច ស្រូវចំនួន៧៣៩ហិកតា និងធ្វើឱ្យខូចខាតហេដ្ឋារចនា សម្ព័ន្ធជាច្រើនកន្លែងទៀតផង។


ឯកឧត្តមបណ្ឌិត ឃឹម ប៊ុនសុង ប្រធានគណៈកម្មាធិការសាខាកាកបាទ ក្រហមកម្ពុជា ខេត្ត និងជាអភិបាលខេត្តសៀមរាប បានមានប្រសាសន៍ថា អំណោយដែលលោកតា លោកយាយ បងប្អូន ពូមីង ទទួលបាននៅពេលនេះ ក្រោមការយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់ របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជា និច្ចកាលសម្ដេចបានយកចិត្តទុកដាក់ខ្ពស់ចំពោះទុក្ខលំបាក និងជីវភាពខ្វះខាតរបស់បងប្អូន ដោយមិនបានទុកឱ្យជនណាម្នាក់ស្លាប់ដោយអត់អាហារនោះឡើយ។ ឯកឧត្តមបានបន្ដថា ដោយសារនៅថ្ងៃខាងមុខនេះ បងប្អូនប្រជាពលរដ្ឋខ្មែរយើង ប្រារព្ធពិធីបុណ្យភ្ជំបិណ្ឌ និង ដោយទទួលបានសេចក្តីរាយការណ៏ពីអាជ្ញាធរមូលដ្ឋាន អំពីករណីទឹកជំនន់ធ្វើឱ្យប៉ះពាល់ ដល់ជីវភាពរស់នៅរបស់បងប្អូន។ ទន្ទឹមនេះ គណៈកម្មាធិការសាខាកាកបាទក្រហម កម្ពុជា ខេត្ត បាននាំយកនូវអំណោយមនុស្សធម៌ មកចែកជូនដល់បងប្អូនដោយមិនបានប្រកាន់នូវ​និន្នាការនយោបាយណាឡើយ ដើមី្បបានបងប្អូនយកទៅប្រើប្រាស់ ក្នុងពេលបុណ្យភ្ជំបិណ្ឌ​និងនៅពេលដែលបងប្អួនជួបនូវជីវភាពខ្វះខាត សំខាន់ជនចាស់ជរាគ្មានទីពឹង និងជនពិការ។


ឯកឧត្តមបណ្ឌិត ក៏បានធ្វើការណែនាំចំពោះបងប្អូនប្រជាពលរដ្ឋគ្រប់រូប សំខាន់បង ប្អូនស្ត្រីមានកូនតូចនិងមានផ្ទៃពោះ ត្រូវយកចិត្តទុកដាក់ថែទាំសុខភាពទាំងម្តាយនិងកូន និង ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ ក្នុងពេលដែលផ្ទះសម្បែងរបស់បងប្អូនរងការលិចទឹក ចំពោះ​កូនចៅ កុមារតូចៗ កុំឱ្យចុះលេងទឹក ខ្លាចមានកើតនូវប្រការអាក្រក់ណាមួយចំពោះ ក្រុម គ្រួសាររបស់បងប្អូន។ ចំណែកការមកបោះតាំងលំនៅស្នាក់នៅបណ្តោះអាសន្នលើ ទីទួល សុវត្ថិភាពនេះក៏ត្រូវយកចិត្តទុកដាក់លើការថែទាំសុខភាព ដោយបរិភោគទឹកស្អាត សំខាន់ ត្រូវមានការប្រុងប្រយ័ត្ន និងបង្ការឱ្យបានខ្ពស់ចំពោះសត្វអសិរពឹស ត្រូវចេះធ្វើអនាម័យ បរិស្ថាននៅជុំវិញលំនៅឋានក្រោយពេលទឹកស្រកចុះ។ គួរបញ្ជាក់ថា អំណោយមនុស្សធម៌ដែលបានផ្ដល់ជូនក្នុង១គ្រួសារៗទទួលបានមុង១ ក្រមា១ និងខោអាវ១កញ្ចប់ ត្រីខ១យួរ មី១កេស អង្ករ២៥គីឡូក្រាម ទឹកសុទ្ធ២យួរ តង់១ និងថវិកា៥ម៉ឺនរៀល៕

ដោយ ហង្ស សៀក