វិទ្យុផ្សាយសំឡេងប្រជាជនទីក្រុងហូជីមិញ សហការជាមួយក្រសួងព័ត៌មាន នឹងរៀបចំកម្ម វិធីប្រណាំងកង់ ចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី២២ ខែធ្នូខាងមុខ

AKP ភ្នំពេញ ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៨ — វិទ្យុផ្សាយសំឡេងប្រជាជនទីក្រុងហូជីមិញ ដោយមានការសម្របសម្រួលសហការជាមួយ ក្រសួងព័ត៌មាន នឹងរៀបចំកម្មវិធីប្រណាំងកង់ Nam Ky Khoi Nghia ពានរង្វាន់ VOH (The Voice of Ho Chi Minh City) លើកទី២១ ឆ្នាំ២០១៨ ដែលរយៈពេល១២ថ្ងៃ ដែលនឹងប្រព្រឹត្ត ទៅពីថ្ងៃទី១១ដល់ថ្ងៃទី២២ខែធ្នូ ឆ្នាំ២០១៨។ នេះបើ យោងតាម សេចក្ដីប្រកាសព័ត៌មានរបស់ វិទ្យុផ្សាយសំឡេងប្រជាជនទីក្រុងហូជីមិញផ្ញើជូនមកក្រសួងព័ត៌មាន។

ក្នុងសេចក្ដីប្រកាសបានបញ្ជាក់ថា កម្មវិធីប្រណាំងកង់ របស់វិទ្យុផ្សាយសំឡេងប្រជាជនទីក្រុង ហូជីមិញនេះ ដោយមានការចូលរួមពីកីឡាករប្រណាំងកង់មកពីប្រទេសវៀតណាម កម្ពុជា ឡាវ និងប្រទេសថៃ ហើយនឹងជិះកង់ឆ្លងកាត់ខេត្តក្រចេះ និងខេត្តស្ទឹងត្រែង នៅក្នុងប្រទេស កម្ពុជា មុននឹងឆ្លងចូលទៅទឹកដីឡាវ រួចបន្ដចូលទៅប្រទេសថៃ។

យោងតាមសំណើសុំរៀបចំកម្មវិធីប្រណាំងកង់ Nam Ky Khoi Nghia បានឱ្យដឹងថា គណៈកម្មការរៀបចំកម្មវិធីនេះ ក៏ស្នើសុំអាជ្ញាធរខេត្តទាំងពីរខាងលើ អនុញ្ញាតឱ្យវិទ្យុផ្សាយ សំឡេងប្រជាជនទីក្រុងហូជីមិញបានរៀបចំកម្មវិធីប្រណាំងកង់ឆ្លងកាត់ខេត្តទាំងពីរ ដើម្បីជួយ សម្រួលការងារពាក់ព័ន្ធផ្សេងៗ។

សូមបញ្ជាក់ថា កម្មវិធីប្រណាំងកង់ Nam Ky Khoi Nghiaពានរង្វាន់ VOH លើកទី២១​ឆ្នាំ២០១៨ នឹងចាប់ផ្តើមពីថ្ងៃទី ១១ ខែធ្នូ ឆ្នាំ២០១៨ ដោយចេញដំណើរ ពីទីក្រុង ហូជីមិញ ឃុំ Binh Long ខេត្ត Binh Phuoc ដោយឆ្លងកាត់ ខេត្តក្រចេះ និងខេត្ដស្ទឹងត្រែង ហើយបន្ដចូល ខេត្ត Attapeu ប្រទេសឡាវ ដោយបញ្ចប់នៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៨ នៅទីក្រុងហូជីមិញ ដែលមានចម្ងាយផ្លូវសរុបប្រវែង១.៧៥០គីឡូម៉ែត្រ៕

ដោយ គង់ សិរីរ័ត្ន