ឯកឧត្តម ស សុខា៖ ក្រសួងអប់រំគ្រោងផ្តល់ថិវកាជាតិ២.៩៨០លានរៀល ដល់៤០សហព័ន្ធកីឡា នៅក្នុងឆ្នាំ២០១៩

AKP ភ្នំពេញ ថ្ងៃទី ២១ ខែកញ្ញា ឆ្នាំ២០១៨ — ឯកឧត្តម ស សុខា រដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និង កីឡាបានអះអាងថា ក្រសួងអប់រំ យុវជន និងកីឡា គ្រោងនឹងចំណាយថវិកាជាតិសរុបចំនួន២.៩៨០លានរៀលដល់៤០ សហព័ន្ធកីឡាជាតិ សម្រាប់គម្រោងអភិវឌ្ឍន៍វិស័យកីឡា នាឆ្នាំ២០១៩ខាងមុខ។ ការលើក ឡើងបែបនេះ នៅក្នុងឱកាសបើកការប្រកួតកីឡានិស្សិតឧត្តមសិក្សា និងមធ្យមសិក្សាបច្ចេក ទេសជើង​ឯកថ្នាក់ជាតិ ប្រចាំឆ្នាំសិក្សា២០១៨ កាលពីល្ងាចថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៨។  
ក្នុងនាមតំណាងឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ឯកឧត្តម ស សុខា បានបញ្ជាក់ថា ក្រសួងបានប្រតិភូកម្មការងារ និងគាំទ្រថវិកាដល់ សហព័ន្ធកីឡាជាតិលើការងាររដ្ឋបាល២០ភាគរយ ការងារបណ្តុះបណ្តាល៣៥ភាគរយ និង ការចំណាយលើការរៀបចំព្រឹត្តិការណ៍ប្រកួត ៤៥ភាគរយ ដើម្បីពន្លឿនការអភិវឌ្ឍឆ្ពោះទៅ ទទួល​ធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍កីឡាថ្នាក់តំបន់អាស៊ាន ស៊ីហ្គេម លើកទី៣២ នាឆ្នាំ២០២៣ ខាងមុខ។

គួររម្លឹកថា កាលពីឆ្នាំ២០១៧ ក្រសួងបានចំណាយថិវកាចំនួន១.៦៧០លានរៀល ដល់សហព័ន្ធកីឡាជាតិនានាចំនួន២១។ ការផ្តល់កញ្ចប់ថវិកាសរុបទាំងអស់នេះតាមឆ្នាំនី​មួយៗ គឺត្រូវបានបែងចែកទៅតាមសហព័ន្ធជំនាញនីមួយៗ ដោយសហព័ន្ធបានរៀបចំការ ងារទាំង៣ គឺការងាររដ្ឋបាល ការបណ្តុះបណ្តាល និងការប្រកួតដោយខ្លួនឯង។


ឯកឧត្តម ស សុខា បានលើកឡើងនូវទិសដៅបន្ទាប់របស់ក្រសួងអប់រំ សម្រាប់អាណត្តិ ទី៦ (២០១៨-២០២៣) ដោយនឹងត្រូវបន្តធ្វើកំណែទម្រង់ស៊ីជម្រៅ ដើម្បីលើកកម្ពស់ និង អភិវឌ្ឍន៍ វិស័យអប់រំកាយ និងកីឡា ឆ្ពោះទៅស៊ីហ្គេម ឆ្នាំ២០២៣ ដែលក្នុងនោះរួមមាន៖ បន្តការជួសជុល កែលម្អ និងកសាងហេដ្ឋារចនាសម្ព័ន្ធ កីឡា។ ទន្ទឹមនេះ បណ្តុះបណ្តាលធន ធានមនុស្ស មន្ត្រីកីឡា គ្រូបង្វឹក អាជ្ញាកណ្តាលចៅក្រម កីឡាករ កីឡាការិនីថ្នាល និង ជម្រើសជាតិ។ ក្រៅពីនេះបន្តកែទម្រង់ការប្រកួតកីឡាគ្រប់ប្រភេទ បន្តប្រតិភូកម្មការងារ និងគាំទ្រថវិកាដល់សហព័ន្ធជាតិ។


ជាមួយគ្នានេះ នៅឆ្នាំ២០១៩ខាងមុខ នឹងពង្រឹង និងពង្រីកសកម្មភាពអប់រំកាយ និងកីឡានៅតាមរាជធានី-ខេត្តឱ្យកាន់តែផុសផុល ដែលជាមូលដ្ឋាន និងជាសក្តានុពល ដើម្បី ចូលរួមប្រកួតកីឡាសិស្ស-និស្សិត ថ្នាក់ជាតិ និងថ្នាក់តំបន់ឆ្ពោះ ទៅស៊ីហ្គេម ឆ្នាំ២០២៣។ បន្ថែមពីនេះទៀត ក៏ធ្វើកំណែទម្រង់ការប្រកួតកីឡាសិស្ស-និស្សិត ពីការប្រកួតជ្រើសរើស ជើងឯកថ្នាក់ជាតិ ប្រចាំឆ្នាំទៅជាការប្រកួតពហុកីឡាសិស្សថ្នាក់ជាតិ (National School Games) និងពហុកីឡានិស្សិតថ្នាក់ជាតិ (National University Games) រៀងរាល់២ឆ្នាំម្តងចាប់ពីឆ្នាំ២០១៩ តទៅ៕

ដោយ ហេង ណាលីន