មន្រ្តីជាន់ខ្ពស់ក្រសួងពាណិជ្ជកម្មជំរុញឱ្យពាណិជ្ជករ និងផលិតករ ធ្វើឱ្យកាន់តែមាន ប្រសិទ្ធភាពខ្ពស់លើសុវត្ថិភាពចំណីអាហារ និងការវេចខ្ចប់ប្រកបដោយគុណភាព

AKP សៀមរាប ថ្ងៃទី២១ ខែកញ្ញា ឆ្នំា២០១៨ — ដើម្បី​ឱ្យ​ទី​ផ្សារ​ពិភព​លោក​មាន​ទំនុកចិត្តមក​លើផលិតផលរបស់ខ្មែរ មន្រ្តីជាន់ខ្ពស់ ក្រសួងពាណិជ្ជកម្មបានជំរុញឱ្យពាណិជ្ជករ និងផលិតករទាំងអស់ធ្វើឱ្យកាន់តែមាន ប្រសិទ្ធភាពខ្ពស់លើសុវត្ថិភាពចំណីអាហារ ក៏ដូចជាការវេចខ្ចប់ប្រកបដោយគុណភាព ស្របតាមស្តង់ដារជាតិ និងអន្តរជាតិ ជាពិសេសគឺសម្រាប់ការ​នំាំចេញ។


ថ្លែងនៅក្នុង​សិក្ខាសាលាស្តីពីសុវត្ថិភាពចំណីអាហារ គុណភាពវេចខ្ចប់ ស្តង់ដារស្លាកសញ្ញា និងការដឹកជញ្ជូននៅខេត្តសៀមរាប​នៅ​ព្រឹក​ថ្ងៃទី២១ ខែកញ្ញា ឆ្នំា២០១៨នេះ ឯកឧត្តម ម៉ៅ ថូរ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្មបាន​មាន​ប្រសាសន៍ថា បច្ចុប្បន្ននេះ​កម្ពុជា​មាន​ទី​ផ្សារ​អន្តរជាតិសំខាន់ៗក្រៅពី​សហគមន៍សេដ្ឋកិច្ចអាស៊ានតាម ប្រព័ន្ធអនុគ្រោះពាណិជ្ជកម្ម​ដូចជាទីផ្សារនៅសហគមអឺរ៉ុប អាម៉េរិក កាណាដា និងជប៉ុន។ កន្លងមកនេះ​ កម្ពុជាក៏បាន​ចុះ​អនុស្សរណៈ​យោគយល់គ្នា​ជាមួយប្រទេសចិន លើការនំាចេញដំឡូងមី និងអង្ករ​ទៅកាន់ប្រទេសចិន ​​និងអនុស្សរណៈ​យោគយល់គ្នា លើការនំាចេញផ្លែស្វាយកម្ពុជាទៅកាន់ ប្រទេសកូរ៉េផងដែរ។

ឯកឧត្តមបន្តថា បច្ចុប្បន្ននេះ​ក្រសួង​ពាណិជ្ជ​កម្ម​ ក៏កំពុង​តែ​ខិតខំចរចាបើក​ច្រក​ទី​ផ្សារ​បន្ថែមទៀត​ក្រោម​ក្រប​ខ័ណ្ឌ​ភាព​ជាដៃ​គូ​សេដ្ឋកិច្ច​ទូលាយ​ដើម្បី​ឱ្យ​ទំនិញ​កម្ពុជាអាច ជ្រៀតចូលទីផ្សារ អន្តរជាតិបានកាន់តែធំទូលាយ ប៉ុន្តែអ្វីដែលសំខាន់គឺពាណិជ្ជករ និងផលិតករដែលកំពង់​ផលិតផលិតផលរបស់ខ្មែរទំាងអស់​ត្រូវវេចខ្ចប់ប្រកបដោយ​គុណភាព​និង​អនាម័យខ្ពស់ជាមុនសិន។


លោក ទៀ សីហា អភិបាលរងខេត្តសៀមរាប​បាន​មានប្រសាសន៍ថា ការរៀបចំ ឱ្យមានសិក្ខាសាលាស្តីពី«សុវត្ថិភាពចំណីអាហារ និងគុណភាពវេចខ្ចប់ ស្តង់ដារស្លាកសញ្ញា និងការដឹកជញ្ជូន» នាពេលនេះ គឺជាប្រធានបទដ៏សំខាន់មួយ ដែលថ្នាក់ដឹកនាំ និងប្រជាពលរដ្ឋកម្ពុជា​ត្រូវ​គិតគូឱ្យ​បាន​ដិតដល់ ខណៈចំនួននៃអ្នកពុល អាហារបានកើនឡើងជាបន្តបន្ទាប់ ​ដោយ​សារចំណីអាហារភាគច្រើនផ្ទុកនូវសារធាតុគីមី។ បច្ចុប្បន្ន​អាហា​រ​​ខូចគុណ​ភា​ព និងអាហារដែលមានសារធាតុគីមី បានក្លាយជាក្តីព្រួយ​បារម្ភ​យ៉ាងខ្លាំង​ចំពោះ​​​​សុខភាពសាធារណៈ។

លោកបានបន្តថា ការជួបគ្នារបស់ពាណិជ្ជករ និងផលិតករនៅពេលនេះ និងជួយឱ្យ​ពួកគាត់យល់កាន់តែច្បាស់អំពីសារៈសំខាន់ ​នៃ​ការប្រើប្រាស់​ផលិតផលខ្មែរ ចំពោះការ អភិវឌ្ឍកំណើនសេដ្ឋកិច្ច និងផ្តល់​នូវ​ពុទ្ធិថ្មីៗ ទាក់​ទងសុវត្ថិភាពទំនិញម្ហូបអាហារ ដែលកំពុងចរាចរណ៍លក់​នៅ​លើទីផ្សារ សំដៅ​​​ទប់ស្កាត់ និងបង្កាមិនឱ្យមានហានិភ័យ ឬផលប៉ះ​ពា​ល់​​​ផ្សេងៗ​ដល់សុខុ​មា​ល​ភាព។ ជាពិសេសរបៀបនៃការវេចខ្ចប់ទំនិញ​ប្រកប​ដោយ​​​សោភណភាព មានគុណភាព និងអនាម័យខ្ពស់ ស្របតាមបទដ្ឋាន​​ស្តង់​​ដារ​​ជាតិ និងអន្តរជាតិ ដែលអាចទាក់ទាញទំនុកចិត្ត និងការគាំទ្រកាន់​តែ​ច្រើនពី​អ្នកប្រើប្រាស់៕

ដោយ ឃុត សៅ