ក្រុមកីឡាករកម្ពុជាចំនួន២០រូប នឹងចូលរួមហ្វឹកហាត់ហែលទឹកជាមួយកីឡាករជប៉ុន សម្រាប់កម្មវិធីផ្លាស់ប្តូរយុវជ​ន JENESYS 2018

AKP ភ្នំពេញ ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៨​ — តាមរយៈការអញ្ជើញរបស់ក្រសួងការបរទេសជប៉ុន កីឡាករកម្ពុជានៃសហព័ន្ធខ្មែរ កីឡាហែលទឹកចំនួន២០រូប នឹងធ្វើដំណើរទស្សនកិច្ចទៅកាន់ប្រទេសជប៉ុនចាប់ពីថ្ងៃទី២៤ ខែកញ្ញា ដល់ថ្ងៃទី០២ ខែតុលា ឆ្នាំ២០១៨ ក្រោមកម្មវិធីបណ្តាញផ្លាស់ប្តូរសិស្ស និស្សិត​​និងយុវជនរវាងប្រទេសជប៉ុន និងបណ្តាប្រទេសអាស៊ីខាងកើត ដែលហៅកាត់ថាJENESYS 2018។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានរបស់ស្ថានទូតជប៉ុនប្រចាំនៅកម្ពុជា។


ក្នុងសេចក្ដីប្រកាសព័ត៌មានបានបញ្ជាក់ថា ក្រុមកីឡាករកម្ពុជា នឹងចូលរួមហ្វឹកហាត់ ហែលទឹកជាមួយកីឡាករជប៉ុននៅក្លិបកីឡាហែលទឹកនៃសាកលវិទ្យាល័យតុកៃ ព្រមទាំងទៅ ទស្សនកិច្ចនៅខេត្តតុគឹស៊ីម៉ា ដែលត្រៀមជាម្ចាស់ផ្ទះទទួលកីឡាករកម្ពុជានៅក្នុងការប្រកួត កីឡាអូឡាំពិក និងកីឡាផារ៉ាឡាំពិក នៅឆ្នាំ២០២០។ ក្រៅពីនេះ ក្រុមកីឡាករកម្ពុជា នឹងចូល រួមហ្វឹកហាត់ហែលទឹកជាមួយក្រុមកីឡាករហែលទឹកនៃខេត្តតុគឹស៊ីម៉ា ព្រមទាំងចូលរួមការ ផ្លាស់ប្តូរជាមួយសិស្សនៃវិទ្យាល័យពាណិជ្ជតុគឹស៊ីម៉ា។

សូមបញ្ជាក់ថា កម្មវិធីJENESYS មានគោលបំណងជំរុញការយល់ដឹង និងការ កសាងទំនុកចិត្តទៅវិញទៅមកក្នុងចំណោមប្រជាជនជប៉ុន និងបណ្តាប្រទេសចូលរួម និង ដើម្បីកសាងមូលដ្ឋានគ្រឹះនៃកិច្ចសហប្រតិបត្តិការ និងចំណងមិត្តភាពនាពេលអនាគត។​ តាម រយៈកម្មវិធីនេះ ក្រសួងការបរទេសជប៉ុនបានអញ្ជើញយុវជនកម្ពុជាចំនួនជាង២.០០០នាក់ ហើយតាំងពីឆ្នាំ២០០៧មក។

ជាមួយគ្នានេះ ស្ថានទូតជប៉ុនសង្ឃឹមថា អ្នកចូលរួម​នឹងអាចយល់ដឹងអំពីប្រទេស ជប៉ុនកាន់តែស៊ីជម្រៅថែមទៀត ព្រមទាំងចែករំលែកនូវបទពិសោធន៍របស់ខ្លួនឱ្យបានទូលំ ទូលាយទៅកាន់ប្រជាជនកម្ពុជាបន្ទាប់ពីវិលត្រឡប់មកវិញ៕

ដោយ អ៊ុន រិទ្ធី