មេដឹកនាំកូរ៉េខាងជើងសង្ឃឹមថា នឹងធ្វើកិច្ចប្រជុំកំពូលលើកទី២ ជាមួយលោក ត្រាំ ឱ្យបានលឿន

AKP ភ្នំពេញ ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៨ — ប្រធានាធិបតីកូរ៉េខាងត្បូង លោក មូន ចា – អ៊ីន ( Moon Jae in ) បាននិយាយពីថ្ងៃព្រហស្បតិ៍ថា លោក គីម ជុងអ៊ុន ( Kim Jong un ) មេដឹកនាំកំពូលកូរ៉េខាងជើងបានសំដែងសេចក្តីសង្ឃឹមរបស់លោក ដើម្បីធ្វើកិច្ចប្រជុំកំពូលលើកទី២ របស់លោក ឱ្យបានលឿនជាមួយប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ( Donald Trump ) ក្នុងកិច្ចប្រជុំកំពូលអន្តរកូរ៉េនៅក្រុងព្យុងយ៉ាង ។

លោក មូន បានធ្វើការកត់សម្គាល់នេះ ក្នុងការថ្លែងរបស់លោកទៅកាន់ប្រជាជន នៅឯមជ្ឈមណ្ឌលសារព័ត៌មានក្រុងសេអ៊ូល អំពីកិច្ចប្រជុំកំពូលក្រុងព្យុងយ៉ាង ដែលមានរយៈពេល៣ថ្ងៃចាប់ពីថ្ងៃអង្គារមក។ លោក មូន បានកត់សម្គាល់ថា លោក គីម ក៏មានបំណងផងដែរឱ្យរដ្ឋមន្ត្រីការបរទេសអាមេរិក លោក ម៉ៃ ប៉ុបប៉េវ ( Mike Pompeo ) ធ្វើទស្សនកិច្ចនៅកូរ៉េខាងជើង ។

លោក មូន បានសំដែងសេចក្តីសង្ឃឹមរបស់លោកថា នឹងមានការបន្តឡើងវិញឱ្យបានលឿនកិច្ចចរចាកូរ៉េខាងជើង – អាមេរិក ដោយនិយាយថា ស្ថានភាពនានាត្រូវបានគេបង្កើតឡើងតាមរយៈកិច្ចប្រជុំកំពូលក្រុងព្យុងយ៉ាងដើម្បីស្តារឡើងវិញការសន្ទនាគ្នារវាងកូរ៉េខាងជើង និង ស.រ.អា ។

ប្រធានាធិបតីកូរ៉េខាងត្បូងបាននិយាយថា កូរ៉េខាងជើងបានអំពាវនាវដល់លោក មូន ឱ្យធ្វើជាអាជ្ញាកណ្តាលកិច្ចចរចារវាងក្រុងព្យុងយ៉ាង និងក្រុងវ៉ាស៊ីងតោន ដោយផ្តល់ឱ្យនូវកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធជាមួយកូរ៉េខាងត្បូង សម្រាប់ការធ្វើឱ្យឧបទ្វីបនេះគ្មាននុយក្លេអ៊ែរទាំងស្រុង ។

ក្នុងអំឡុងការហៅទូរស័ព្ទមួយ មុនទស្សនកិច្ចរបស់លោក មូន នៅក្រុងព្យុងយ៉ាងនោះ លោក ត្រាំ បានអំពាវនាវដល់លោក មូន ឱ្យដើរតួនាទីមួយធ្វើដូចជា អ្នកចរចាយ៉ាងសំខាន់រវាងកូរ៉េខាងជើង និង ស.រ.អា សម្រាប់កិច្ចចរចាធ្វើមិនឱ្យមាននុយក្លេអ៊ែរ ។

គេរំពឹងថា លោក មូន នឹងប្រគល់សាររបស់លោក គីម ទៅឱ្យលោក ត្រាំ ក្នុងអំឡុងទស្សនកិច្ចដែលបានគ្រោងទុករបស់លោកទៅកាន់ក្រុងញូវយ៉កនៅសប្តាហ៍ខាងមុខ ដើម្បីចូលរួមមហាសន្និបាត អ.ស.ប។ លោក មូន បម្រុងនឹងធ្វើកិច្ចប្រជុំកំពូលដាច់ដោយឡែកមួយជាមួយលោក ត្រាំ នៅខាងក្រៅមហាសន្និបាត អ.ស.ប ៕

( ប្រភព ស៊ីនហួ បកប្រែដោយលោក ប៉ិន មឿន )