ពលរដ្ឋកូរ៉េខាងត្បូងប្រមាណ៧២ភាគរយ​គាំទ្រលទ្ធផល កិច្ចប្រជុំកំពូលអន្តរកូរ៉េ

AKP ភ្នំពេញ ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៨ — ការស្ទង់មតិមួយបានបង្ហាញឱ្យដឹងនៅថ្ងៃសុក្រនេះថា ប្រជាពលរដ្ឋ៧នាក់ក្នុងចំណោម​ប្រជាពលរដ្ឋ​១០នាក់ បានសំដែងការគាំទ្រសម្រាប់លទ្ធផលនៃកិច្ចប្រជុំ​កំពូលកាលពីពេលថ្មីៗ​នេះ​របស់ប្រធានាធិបតីលោក មូន ចា-អ៊ីន ជាមួយមេដឹកនាំកូរ៉េខាងជើង​លោក​ គីម ជុង-អ៊ុន។

នៅក្នុងការស្ទង់មតិមួយ​ទៅលើមនុស្សពេញវ័យចំនួន៥០១នាក់​ ដែលបានធ្វើឡើង​តាម​ការស្ទង់មតិជាក់ស្តែងមួយ ដោយមានប្រមាណ ៧១.៦ភាគរយនៃ​អ្នកឆ្លើយទៅនឹងសំណួរ​ គឺ​គាំទ្រ​ទៅនឹង​លទ្ធផលនៃកិច្ចប្រជុំកំពូលអន្តរកូរ៉េលើកទីបី នៅទីក្រុងព្យុងយ៉ាង​ ខណៈដែល​ប្រមាណ​២២.១ភាគរយ​បានផ្តល់ជម្រើសជាអវិជ្ជមានមួយ។

ប្រធានាធិបតីលោក មូន បានធ្វើទស្សនកិច្ចនៅទីក្រុងព្យុងយ៉ាង​ ចាប់ពីថ្ងៃអង្គារ​រហូត​ដល់​ថ្ងៃព្រហស្បតិ៍កន្លងទៅនេះ សម្រាប់កិច្ចប្រជុំកំពូលលើកទី៣របស់លោក ជាមួយលោក គីម ដែលបានធ្វើឡើងបន្ទាប់ពីកិច្ចចរចាកំពូល​កាលពីខែមេសា និងខែឧសភាកន្លងមកនេះ។

លោក គីម បានព្រមព្រៀង​ក្នុងការរុះរើកន្លែងសាកល្បងមីស៊ីលដ៏សំខាន់មួយ​ជា​អចិន្រ្តៃយ៍ ស្ថិតនៅក្រោមការឃ្លាំមើលរបស់ពួកអ្នកជំនាញអន្តរជាតិ។ លោកបានសង្កត់ធ្ងន់​ផងដែរថា ប្រទេសរបស់លោកគឺត្រៀមរួចជាស្រេច ដើម្បីបិទមិនឱ្យដំណើរការនៅក្នុងតំបន់​នុយ​ក្លេអ៊ែរ​របស់ខ្លួន​នៅ Yongbyon ដោយអាស្រ័យលើសកម្មភាពដែលមានការត្រូវគ្នា​ជាមួយ​ទីក្រុងវ៉ាស៊ីងតោន៕

( ប្រភព យន់ហាប់ បកប្រែដោយលោក មាស សំអុល )