លោក អាបេ ទទួលបានអាណត្តិជាប់គ្នាលើកទី៣ ធ្វើជាប្រធានគណបក្ស ដែលកំពុងកាន់អំណាចនៅជប៉ុន

AKP ភ្នំពេញ ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៨ — នាយករដ្ឋមន្ត្រីជប៉ុន លោក ស៊ីន ហ្សូអាបេ ( Shinzo Abe ) ទទួលបានអាណត្តិជាប់គ្នាជាលើកទី៣ ធ្វើជាប្រធានគណបក្សប្រជាធិបតេយ្យសេរី ( LDP ) ដែលកំពុងកាន់អំណាចកាលពីថ្ងៃព្រហស្បតិ៍នេះ ដែល នឹងផ្តល់ឱ្យលោកនូវឱកាសក្លាយទៅជានាយករដ្ឋមន្ត្រី ដែលកាន់តំណែងយូរជាងគេបំផុតរបស់ប្រទេស ជប៉ុន ព្រមទាំងបន្តនូវគោលដៅ នៃការផ្លាស់ប្តូរច្បាប់រដ្ឋធម្មនុញ្ញសន្តិភាពនិយមរបស់លោក ។

នៅក្នុងការបោះឆ្នោតមានបេក្ខជន២រូប ប្រឆាំងនឹងអតីតរដ្ឋមន្ត្រីការពារប្រទេស លោក ស៊ីជេរូ អ៊ីស៊ីបា ( Shigeru Ishiba ) លោក អាបេ ទទួលបានសំឡេងឆ្នោត ៥៥៣ ពីសំឡេងឆ្នោតសរុបយក ជាការបាន ៨០៧ ដែលបានបោះដោយសមាជិកសភា LDP ដោយឡែក លោក អ៊ីស៊ីបា ទទួលបាន ២៥៤ សំឡេង ។

លោក អាបេ ដែលមានវ័យ៦៤ ឆ្នាំនៅថ្ងៃសុក្រនេះបានចុះចេញពីតំណែងជាប្រធាន LDP នឹងជានាយករដ្ឋមន្ត្រីក្នុងឆ្នាំ ២០០៧ ដោយលើកឡើងនូវហេតុផលសុខភាព ។ លោកបានកាន់តំណែងឡើងវិញធ្វើជានាយករដ្ឋមន្ត្រីក្នុងឆ្នាំ ២០១២ បន្ទាប់ពី LDP បានទម្លាក់ ចេញពីអំណាច គណបក្សប្រជាធិបតេយ្យជប៉ុន ដែលឥឡូវលែងមានហើយនោះនឹងត្រូវបានជាប់ឆ្នោត ឡើងវិញដោយគ្មានការជំទាស់ប្រឆាំងនៅក្នុងឆ្នាំ ២០១៥ សម្រាប់អាណត្តិ៣ឆ្នាំជាប់គ្នាលើកទី២ ។

នៅក្នុងប្រទេសជប៉ុនមេដឹកនាំគណបក្សឬក្រុមចម្រុះគណបក្សដែលទទួលបានអាសនៈជាងពាក់ កណ្តាលនៅក្នុងសភាជាន់ទាបនឹងកាន់តំណែងជានាយករដ្ឋមន្ត្រី ហើយគ្មានការកំណត់ណាមួយចំពោះ អាណត្តិរបស់នាយករដ្ឋមន្ត្រីទេ ។ អាណត្តិជាប់គ្នាលើកទីបីរបស់លោក អាបេ ធ្វើជាប្រធាន LDP នឹងចប់នៅខែកញ្ញាឆ្នាំ ២០២១ ហើយនៅពេលដែល LDP និង Komeito ដែលជាដៃគូក្រុមចម្រុះរបស់ខ្លួនមានឥទ្ធិពលលើសភាជាតិនោះ វានឹងមានន័យថា លោក អាបេ ក៏នឹងទទួលបាននូវឱកាស ដើម្បីធ្វើជានាយករដ្ឋមន្ត្រីសម្រាប់អាណត្តិ៣ ឆ្នាំ ជាបន្ទាប់ទៀត ។

ជ័យជម្នះកាលពីថ្ងៃព្រហស្បតិ៍នេះក៏នឹងផ្តល់ឱ្យលោក អាបេ នូវឱកាសដើម្បីជំរុញផែនការធ្វើការ ផ្លាស់ប្តូរច្បាប់រដ្ឋធម្មនុញ្ញសន្តិភាពនិយមរបស់លោក សម្រាប់ពេលជាលើកដំបូងចាប់តាំងពីច្បាប់រដ្ឋ​ ធម្មនុញ្ញនេះ ចូលជាធរមាននៅក្នុងឆ្នាំ ១៩៤៧ ៕

( ប្រភព ស៊ីនហួ បកប្រែដោយលោក ប៉ិន មឿន)