ធនាគារ ADB អនុម័តកញ្ចប់ថវិកាឥណទានចំនួន ៧,៨ពាន់លានដុល្លារអាម៉េរិក សម្រាប់កំណើនសេដ្ឋកិច្ចរបស់ហ្វីលីពីន

AKP ភ្នំពេញ ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៨ — ក្រុមប្រឹក្សាភិបាលនៃធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានអនុម័តយុទ្ធសាស្រ្តភាពជាដៃគូរយៈពេល ៦ឆ្នាំថ្មីមួយជាមួយប្រទេសហ្វីលីពីន ដែលធនាគារនេះនឹងផ្តល់កញ្ចប់ថវិកាឥណទានដែលមានតម្លៃ ៧,៨ពាន់លានដុល្លារអាម៉េរិកដល់ប្រទេសនៅអាស៊ីអាគ្នេយ៍មួយនេះរហូតដល់ឆ្នាំ ២០២១ ដើម្បីគាំទ្រដល់គម្រោងក្នុងការសម្រេចបាននូវកំណើនសេដ្ឋកិច្ចខ្ពស់។

យោងតាមធនាគារ ​​ADB បានឱ្យដឹងថា កម្មវិធី និងគម្រោងរបស់ខ្លួននៅក្នុងប្រទេសហ្វីលីពីននឹងផ្តោតលើវិស័យជាអាទិភាពចំនួនបី រួមមានការពន្លឿនហេដ្ឋារចនាសម្ព័ន្ធ និងការវិនិយោគរយៈពេលវែង ការជំរុញកិច្ចអភិវឌ្ឍន៍សេដ្ឋកិច្ចក្នុងប្រទេសនៅភាគកណ្តាល និងភាគខាងត្បូង និងការវិនិយោគទៅលើប្រជាជន។

កញ្ចប់ថវិកាឥណទានចំនួន ៧,៨ពាន់លានដុល្លារអាម៉េរិក ឬប្រមាណជិត ២ពាន់លានដុល្លារអាម៉េរិកជារៀងរាល់ឆ្នាំ ដោយគិតចាប់ពីឆ្នាំ ២០១៨ ដល់ឆ្នាំ ២០២១ គឺជាថវិកាឥណទានកម្រិតខ្ពស់បំផុតរបស់ធនាគារក្នុងរយៈពេល ៤ឆ្នាំនេះ។
អនុប្រធានធនាគារ លោក Stephen Groff បាននិយាយថា យុទ្ធសាស្ត្រភាពជាដៃគូមានគោលបំណងលើកស្ទួយជីវភាពប្រជាជនហ្វីលីពីន ជាពិសេសចំនួនពាក់កណ្តាលនៃប្រជាពលរដ្ឋក្រីក្របំផុត ដោយអនុញ្ញាតឱ្យពួកគេទទួលបានអត្ថប្រយោជន៍ពីការរីកចម្រើនសេដ្ឋកិច្ច តាមរយៈឱកាសនៃការអប់រំ ការងារ និងការរកប្រាក់ចំណូល។

លោកបាននិយាយបន្ថែមថា ធនាគារ ADB នឹងធ្វើឱ្យមានតុល្យភាពឡើងវិញនូវហិរញ្ញប្បទានរបស់ខ្លួន ដើម្បីគាំទ្រកម្មវិធីអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ «Build, Build, Build» របស់រដ្ឋាភិបាលហ្វីលីពីន ក្នុងការដោះស្រាយបញ្ហាការភ្ជាប់ទំនាក់ទំនង ដែលអនុញ្ញាតឱ្យប្រទេសនេះអាចស្វែងរកមិត្តភក្តិក្នុងតំបន់របស់ខ្លួន ក្នុងការប្រកួតប្រជែងខាងហេដ្ឋារចនាសម្ព័ន្ធ និងសម្រេចបាននូវគោលដៅក្នុងការឈានទៅដល់ប្រាក់ចំណូលមធ្យម៕

(ប្រភព VNA បកប្រែដោយលោក យា ចិន្តាខន្តី)