ឯកអគ្គរាជទូតបែលហ្សិកថ្លែងថា កម្ពុជា គឺជាប្រទេសដែលមានស្ថិរភាព និងអំណោយផលសម្រាប់ការធ្វើធុរកិច្ច និងវិនិយោគ

AKP ភ្នំពេញ ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៨ –ក្នុងខណៈអញ្ជើញចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយ ឯកឧត្ដម ប៉ា​ន​ សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម  នារសៀលថ្ងៃទី ២០ ខែកញ្ញា ឆ្នាំ២០១៨ នៅទីស្ដីការ​ក្រ​សួង ឯកឧត្តម ហ្វីលីព គ្រីដេលកា (Phillippe Kridelka) ឯកអគ្គរាជទូតនៃរាជាណាចក្រ​បែល​ហ្សិក និង ឯកឧត្ដម ហ្វីលីព កូអាទេស (Philip Coates) នាយកប្រតិបត្តិសភាពាណិជ្ជកម្ម​បែល​ហ្សិក-លុចហ្សំបួរ-ថៃ មានប្រសាសន៍ថា កម្ពុជា គឺជាប្រទេសដែលមានស្ថិរភាព​នយោ​បា​យ​ និងលក្ខណៈអំណោយផលជាងគេក្នុងតំបន់ ហើយវិនិយោគិនបែលហ្សិកជាច្រើន កំពុង​ស​ម្លឹ​ង​រកមើលឱកាស ដើម្បីចូលមកវិនិយោគ និងធ្វើធុរកិច្ចនៅកម្ពុជា។ នេះបើយោងតាមប្រភព​ពីក្រ​សួងពាណិជ្ជកម្ម។

ក្នុងជំនួបនោះដែរ ឯកឧត្តម ហ្វីលីព គ្រីដេលកា និងឯកឧត្ដម ហ្វីលីព កូអាទេស បាន​កោត​សសើរ អំពីលក្ខណៈពិសេសនៃទីតាំងភូមិសាស្ត្រ និងវឌ្ឍនភាពរបស់កម្ពុជា ជាពិសេស ហេ​ដ្ឋា​រចនាសម្ព័ន្ធរូបវន្ត និងបរិយាកាសវិនិយោគដ៏គួរឱ្យទាក់ទាញ។ ឯកឧត្ដមក៏បានគោរព​អញ្ជើ​ញ​ឯកឧត្តមរដ្ឋមន្ត្រី ចូលរួមវេទិកាធុរកិច្ចកម្ពុជា-បែលហ្សិក ដែលគ្រោងធ្វើនៅ​ដើម​ខែធ្នូ​ខាង​មុខ ដើម្បីជំរុញកិច្ចសហការរវាងវិស័យឯកជននៃប្រទេសទាំងពីរ។

ជាការឆ្លើយតប ឯកឧត្តមរដ្ឋមន្ត្រី ប៉ាន សូរស័ក្តិ បានឯកភាពចូលរួម និងបាន​ថ្លែង​អំ​ណរ​គុណចំពោះ ឯកឧត្តម ហ្វីលីព គ្រីដេលកា និងឯកឧត្ដម ហ្វីលីព កូអាទេស ដែលបាន​គាំ​ទ្រ​ និងផ្តល់ភាពជឿជាក់មកលើកម្ពុជា។ ឯកឧត្តមរដ្ឋមន្ត្រី បានជម្រាបជូនគណៈប្រតិភូ អំពីកំ​ណើ​ន​សេដ្ឋកិច្ចដ៏រឹងមាំរបស់កម្ពុជា គោលនយោបាយវិនិយោគ និងគោលការណ៍លើកទឹកចិត្ត​ផ្សេងៗ​​របស់រាជរដ្ឋាភិបាល ចំពោះវិនិយោគិនបរទេស។ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានលើកឡើង​ពី​អត្ថ​ប្រយោជន៍ តំបន់សេដ្ឋកិច្ចពិសេស និងសួនឧស្សាហកម្ម Techno Park ដែលអនុញ្ញាត​ឱ្យ​ក្រុម​ហ៊ុន ធ្វើការផលិតគ្រឿងបង្គុំរថយន្ត ដើម្បីនាំចេញទៅកាន់ទីផ្សារក្នុងតំបន់ និងពិភព​លោ​ក​ នៅក្រោមប្រព័ន្ធអនុគ្រោះពន្ធ ផ្តល់ដោយប្រទេសចំនួន ៣២ រួមទាំងសហគមន៍អឺរ៉ុបផង​ដែ​រ​។​ លើសពីនេះ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានចែករំលែកចក្ខុវិស័យរបស់រាជរដ្ឋាភិបាល ក្នុងការ​ប្រែ​ក្លា​យកម្ពុជា ឱ្យទៅជាប្រទេសមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងប្រទេស​មា​ន​ប្រាក់ចំណូលមធ្យមកម្រិតខ្ពស់ នៅឆ្នាំ២០៥០ ព្រមទាំងទស្សនៈទាន ក្នុងការ​ត្រៀមខ្លួ​ន​រប​ស់​កម្ពុជា ដើម្បីទប់ទល់ផលប៉ះពាល់ដែលបណ្តាលមកពីសង្គ្រាមពាណិជ្ជកម្ម និងការប្រែប្រួល​នៃ​សេដ្ឋកិច្ចពិភពលោក។

គួរបញ្ជាក់ដែរថា  ព្រះរាជាណាចក្រកម្ពុជា និង រាជាណាចក្របែលហ្សិក បានភ្ជាប់​ទំ​នា​ក់​​ទំនង​ការទូតជាមួយគ្នាឡើងវិញ នៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ១៩៩២ ដែលបច្ចុប្បន្ន ប្រទេ​ស​ទាំ​ង​​ពីរ បានក្លាយជាដៃគូសេដ្ឋកិច្ច និងពាណិជ្ជកម្ម ហើយបានកំពុងគាំទ្រគ្នាទៅវិញទៅមក​លើ​ឆា​ក​​អន្តរជាតិ។ កាលពីឆ្នាំ២០១៧ ទំហំពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា និងបែលហ្សិក សម្រេច​បា​ន ៤១១លានដុល្លារសហរដ្ឋអាមេរិក ហើយសម្រាប់រយៈពេល៧ខែនៃឆ្នាំ២០១៨នេះ ទំហំ​ពា​​ណិជ្ជកម្មប្រទេសទាំងពីរ មានចំនួន ២៩២លានដុល្លារសហរដ្ឋអាមេរិក៕

ជឹម ណារី