មន្ត្រីជាន់ខ្ពស់មូលនិធិរូបិយវត្ថុអន្តរជាតិសាទរចំពោះរាជរដ្ឋាភិបាលកម្ពុជាក្នុងការបន្ដរក្សានិងជំរុញកំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព

AKP ភ្នំពេញ ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០៨ — មន្ត្រីជាន់ខ្ពស់មូលនិធិរូបិយវត្ថុអន្តរជាតិបានសាទរចំពោះរាជរដ្ឋាភិបាលកម្ពុជាក្នុងការបន្ដរក្សានិងជំរុញកំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព ខណៈការវាយតម្លៃពីស្ថានភាពម៉ាក្រូសេដ្ឋកិច្ច​របស់កម្ពុជា ភាគីកម្ពុជា​ និងក្រុមបេសកកម្មរបស់មូលនិធិរូបិយវត្ថុអន្តរជាតិ មានការយល់ ឃើញដូចគ្នាថា ក្នុងឆ្នាំ២០១៨ នេះ គឺកម្ពុជានឹងសម្រេចបានកំណើនសេដ្ឋកិច្ចខ្ពស់លើសពី ការគ្រោងទុក។

ក្នុងជំនួបសម្ដែងការគួរសម ជាមួយ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ កាលថ្ងៃទី ១៩ ខែ កញ្ញា ឆ្នាំ ២០១៨ នៅទីស្ដីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្នុងអំឡុងពេលចុះបំពេញបេសកកម្មនៅកម្ពុជា ពីថ្ងៃទី ១៩ ខែ កញ្ញា ដល់ថ្ងៃទី ០២ ខែ តុលា ឆ្នាំ ២០១៨ លោក Markus Rodlauer អនុ ប្រធាននាយកដ្ឋានអាស៊ី-ប៉ាស៊ីហិ្វករបស់មូលនិធិរូបិយវត្ថុអន្តរជាតិ(IMF) បានសម្ដែងការកោត សរសើរខ្ពស់ដល់ការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការបន្ដរក្សា និងជំរុញ កំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព។ លោក Markus Rodlauer ក៏សម្ដែងនូវក្តីសង្ឃឹម យ៉ាងមុតមាំថា ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ នឹងបន្តដឹកនាំ និងសម្រេចបាននូវជោគជ័យ និងសមិទ្ធផលសំខាន់ៗថ្មីបន្ថែមទៀតក្នុងអាណត្តិថ្មីនេះ ជូនប្រជាពលរដ្ឋកម្ពុជា។

ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួង សេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានថ្លែងអំណរគុណចំពោះក្រុមការងារ នៃមូលនិធិរូបិយវត្ថុអន្តរជាតិ ដែលតែងតែផ្តល់ការគាំទ្រ និងកិច្ចសហការក្នុងការចុះមកធ្វើការវាយតម្លៃស្ថានភាពសេដ្ឋកិច្ច កម្ពុជា និងផ្តល់អនុសាសន៍គោលនយោបាយ ក្នុងន័យជួយតម្រង់ទិសក្នុងការអភិវឌ្ឍវិស័យ សេដ្ឋកិច្ច និងហិរញ្ញវត្ថុកម្ពុជា ៕

ដោយ គង់ សិរីរ័ត្ន