ឯកឧត្ដម ឃួង ស្រេង ជំរុញឱ្យអាជ្ញាធរពាក់ព័ន្ធត្រូវបន្ដចុះត្រួតពិនិត្យលើ បញ្ហាជួញដូរ និងការប្រើប្រាស់គ្រឿងញៀននៅតាមក្លឹបកម្សាន្ដនានា

AKP ភ្នំពេញ ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៨ — ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានជំរុញឱ្យអាជ្ញាធរពាក់ព័ន្ធ ត្រូវបន្ដចុះត្រួតពិនិត្យលើបញ្ហាជួញដូរ និងការប្រើប្រាស់គ្រឿងញៀន នៅក្លឹបកម្សាន្ដនានា ដែលកំពុងប្រកបអាជីវកម្មនៅរាជធានីភ្នំពេញ។  គ្រឿងញៀននៅតែជាបញ្ហាស្មុគស្មាញ នៅឡើយ សមត្ថកិច្ចគ្រប់ជំនាញ និងអាជ្ញាធរពាក់ព័ន្ធ ត្រូវតែបន្ដយកចិត្តទុកដាក់ក្នុងការ ប្រយុទ្ធប្រឆាំងលើបញ្ហាគ្រឿងញៀននេះ។ ឯកឧត្ដម ឃួង ស្រេង បានជំរុញបែបនេះ ខណៈឯកឧត្ដមអញ្ជើញជាអធិបតី នៅក្នុង កិច្ចប្រជុំជាមួយអាជ្ញាធរពាក់ព័ន្ធ ដើម្បីរិះរកដំណោះស្រាយ បង្ក្រាបការជួញដូរ និងប្រើប្រាស់ គ្រឿងញៀនឱ្យខាងតែបាន នៅសាលារាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃព្រហ្បតិ៍ ១១កើត ខែភទ្របទ ឆ្នាំច សំរឹទ្ធស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៨។

ឯកឧត្ដម នាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិ ប្រយុទ្ធ ប្រឆាំងគ្រឿងញៀនបានបញ្ជាក់ថា ការបង្កើតឱ្យមានកិច្ចប្រជុំនេះឡើង គឺក្នុងគោល បំណងដើម្បីឱ្យអាជ្ញាធរ និងសមត្ថកិច្ចពាក់ព័ន្ធអនុវត្តន៍ការងារ ប្រយុទ្ធប្រឆាំងគ្រឿងញៀន ឱ្យកាន់តែល្អប្រសើរទៅតាមការណែនាំរបស់អាជ្ញាធរជាតិ ប្រយុទ្ធប្រឆាំងគ្រឿង សំដៅធ្វើយ៉ាងណារក្សា សន្តិសុខឱ្យបានល្អប្រសើរនៅក្នុងរាជធានីភ្នំពេញ។

ឯកឧត្ដមនាយឧត្តមសេនីយ៍ មាស វិរិទ្ធ ក៏បានស្នើឱ្យសមត្ថកិច្ចនៅក្នុងមូលដ្ឋាន ទាំងអស់ ត្រូវតែពង្រឹងមូលដ្ឋានរបស់ខ្លួនឡើងវិញ ព្រោះថា គ្រឿងញៀននេះកំពុង តែចរាចរទៅដល់មូលដ្ឋាន។ ពិសេសនោះនៅតាមបណ្តាក្លឹបកម្សាន្ត និងទីកន្លែងសប្បាយ មួយចំនួន ដែលយើងបានកំណាត់ទីតាំងចំនួន១០កន្លែងរួចហើយ។
ឯកឧត្តមបន្តថា មូលដ្ឋានអាជីវកម្មងាយនឹងកើតបទល្មើសណាស់ ដូច្នេះយើងត្រូវចុះទៅធ្វើកិច្ចសន្យាជាមួយម្ចាស់អាជីវកម្មលើបញ្ហាគ្រឿងញៀននេះ ហើយ យើងក៏នឹងធ្វើការបិទសេចក្តីប្រកាសចំនួន២៣៩៨កន្លែងផងដែរ ដែលមានទាំង ផ្ទះសំណាក់ និងខុនដូរផងដែរ។ ការងារនេះរាជធានីភ្នំពេញត្រូវបានសម្រេចជាគំរូមុនគេ បន្ទាប់មកក្រុងព្រះសីហនុ និងសៀមរាប បើមានបញ្ហានេះកើតមាននៅមូលដ្ឋានណា អាជ្ញាធរមូលដ្ឋាននោះជាអ្នកទទួលខុសត្រូវ។

ឯកឧត្ដមនាយឧត្តមសេនីយ៍ ម៉ក់ ជីតូ អគ្គស្នងការរងនរគបាលជាតិ ក៏បាន ជំរុញឱ្យសមត្ថកិច្ចបន្តអនុវត្តន៍ធ្វើយ៉ាងណាឱ្យភូមិ សង្កាត់ មានសុវត្ថិភាព។ ការអនុវត្តការងារ រហូតឈានដល់ការបង្ក្រាបជាច្រើនករណីកន្លងមកនេះ វាពិតជាបង្ហាញឱ្យឃើញ ពីការចូលរួមសហការគ្នាបានយ៉ាងល្អជាមួយប្រជាពលរដ្ឋ ។


ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា ជាក់ស្តែង សម្រាប់ពេលនេះ ពាក់ព័ន្ធនឹងការប្រយុទ្ធប្រឆាំងលើបញ្ហាគ្រឿងញៀននេះ អាជ្ញាធរមានសមត្ថកិច្ចចម្រុះ ត្រូវបន្ដចុះត្រួតពិនិត្យលើបញ្ហាជួញដូរ និងការប្រើប្រាស់គ្រឿងញៀន នៅតាមកន្លែង ក្លឹបកម្សាន្ដសប្បាយនៅក្នុងរាជធានីភ្នំពេញ បន្ដទៀត។ ឯកឧត្ដម ឃួង ស្រេង ក៏បានជំរុញឱ្យសង្កាត់ ខណ្ឌទាំង១២ ត្រូវបន្ដ អនុវត្តតាមសេច ក្តីណែនាំរបស់ក្រសួងមហាផ្ទៃឱ្យបានល្អ។ ប្រទេសកម្ពុជារីកចម្រើន គឺពឹងលើធនធានមនុស្ស ហើយបើធនធានមនុស្សក្លាយជាមនុស្សញៀនថ្នាំ តើយើងធ្វើម៉េចឱ្យ ប្រទេសកម្ពុជារីកចម្រើនជឿនលឿនទៅបាននោះ ។

ឯកឧត្ដមបានបន្តថា បញ្ហាគ្រឿងញៀនជាបញ្ហាធំ ដូច្នេះសង្កាត់ និងខណ្ឌទាំង១២ ត្រូវធ្វើការចុះត្រួតពិនិត្យនៅតំបន់ស្មុគស្មាញ និងតំបន់ដែលយើងមិនធ្លាប់ចុះទៅដល់ ហើយបើចូលមិនចុះត្រូវរាយការណ៍មកអាជ្ញាធររាជធានីភ្នំពេញ ដើម្បីចាត់ការបន្ត។ ឯកឧត្តមបន្តថា បទល្មើសនានាគឺវាកើតចេញពីបញ្ហាគ្រឿងញៀននេះឯង បើយើងបង្ក្រាប គ្រឿងញៀនបាន នោះបទល្មើសផ្សេងៗទៀតក៏ត្រូវបានកាត់បន្ថយ ដើម្បីឱ្យភូមិ ឃុំ មានសុវត្ថិភាព។

ឯកឧត្ដម ឃួង ស្រេង បានបន្តទៀតថា ជាទិសដៅខាងមុខនេះក្នុងនាម គណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ យើងនឹងបើកវេទិកាសាធារណៈ ជាមួយខណ្ឌទាំង១២ ដើម្បីបម្រើប្រជាពលរដ្ឋឱ្យចំគោលដៅដែលប្រជាពលរដ្ឋចង់បាន ពេលនេះ គឺពេលដែលត្រូវ បម្រើប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលា និងមានប្រសិទ្ធភាពហើយ៕

ដោយ សួស សំរិត