ឯកឧត្ដម វ៉ា ថន អញ្ជើញជាអធិបតីក្នុងពិធីប្រារព្ធទិវាមនុស្សចាស់កម្ពុជា និងទិវាមនុស្សចាស់អន្តរជាតិ ១ តុលា នៅខេត្តក្រចេះ

AKP ក្រចេះ ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៨ — ឯកឧត្ដម វ៉ា ថន អភិបាលនៃគណៈអភិបាលខេត្ត បានអញ្ជើញជាអធិបតីក្នុងពិធី ប្រារព្ធទិវាមនុស្សចាស់កម្ពុជា និងទិវាមនុស្សចាស់អន្តរជាតិ ១ តុលា នៅខេត្តក្រចេះ កាលពី ព្រឹកថ្ងៃព្រហស្បតិ៍ ១១កើត ខែភទ្របទ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២០ ខែ កញ្ញា ឆ្នាំ២០១៨ ។


ទិវាមនុស្សចាស់កម្ពុជា និងទិវាមនុស្សចាស់អន្តរជាតិ ១តុលា ឆ្នាំ២០១៨ នេះប្រារព្ធឡើង ក្រោមប្រធានបទ “សមាគមមនុស្សចាស់ជាយន្តការដ៏សំខាន់ក្នុងការថែរក្សាវប្បធម៌គ្រួសារ និងសង្គមជាតិ” ដោយមានការអញ្ជើញចូលរួម ពីឯកឧត្ដម លោកជំទាវ លោក លោកស្រី ប្រធាន អនុប្រធានមន្ទីរជុំវិញខេត្ត និងលោកតា លោកយាយ បុរស ស្រី្តជាមនុស្សចាស់ក្នុងក្រុងក្រចេះប្រមាណជាង ២៧០នាក់។

លោក ចាន់ សុគុណ ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្តបានបញ្ជាក់ពីសមិទ្ធផលនៃការអនុវត្តការងារសម្រេចបានកន្លងមក ពិសេសការងារដើម្បីមនុស្សចាស់ក្នុងខេត្ត ដែលមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានរៀបចំបង្កើតសមាគមមនុស្សចាស់នៅតាមបណ្ដា ស្រុក ក្រុងទាំង ៦ បាន ១២ សមាគម ស្មើនឹង ១២ ឃុំសង្កាត់ ក្នុងឆ្នាំ២០១៦ និងបង្កើតបានចំនួន ៣៥ សមាគម ក្នុង ៣៥ ឃុំ សង្កាត់ បន្ថែមទៀត សរុបទាំងអស់មានចំនួន ៤៧ សមាគម ក្នុង ៤៧ ឃុំ សង្កាត់ គឺបានរួចរាល់ទូទាំងខេត្តស្របតាមផែនការថ្នាក់ជាតិ ដែលបានកំណត់។ លោកបាន ប្រធានមន្ទីរបញ្ជាក់ថា ឆ្លងតាមសកម្មភាពទាំងនេះគឺជាការឆ្លើយតប ទៅនឹងការរម្លឹក នូវគុណូបការៈដែលមិនអាចកាត់ថ្លៃបានព្រោះមនុស្សចាស់គឺជាធនធានដ៏មានសារៈ សំខាន់បំផុត។


ក្រោយពីបានជ្រាបពីអត្ថន័យសារលិខិតសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលអានដោយលោក ជាក់ ម៉េងហ៊ាង អភិបាល រងខេត្តរួចមក ឯកឧត្តម វ៉ា ថន អភិបាលនៃគណៈអភិបាលខេត្តក្រចេះ បានមានប្រសាសន៍ថា ការប្រារព្ធទិវាមនុស្សចាស់នេះឡើង គឺជាការបង្ហាញឱ្យ ឃើញពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំដ៏ឈ្លាសវៃ របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ចំពោះមនុស្សវ័យចាស់ ដែលមនុស្សចាស់បានបង្កើតធនធានដ៏មានប្រយោជន៍ ព្រមទាំងបាន ផ្ដល់និងបន្សល់ទុកនូវចំណេះដឹង និងបទពិសោធន៍យ៉ាងច្រើនឥតគណនា សម្រាប់មនុស្សជំនាន់ក្រោយ។

ឯកឧត្តមបញ្ជាក់ថា ជាការពិតណាស់ ការប្រារព្ធទិវាមនុស្សចាស់កម្ពុជា និងទិវាមនុស្ស ចាស់អន្តរជាតិ១តុលា គឺស្របទៅនឹងគោលនយោបាយរបស់់រាជរដ្ឋាភិបាលកម្ពុជា និងស្រម តាមសេចក្ដីសម្រេចរបស់អង្គការសហប្រជាជាតិ ហើយការប្រារព្ធទិវាមនុស្សចាស់ឆ្នាំនេះ ស្ថិតក្រោមប្រធានបទ “សមាគមមនុស្សចាស់ជាយន្តការដ៏សំខាន់ក្នុងការ ថែរក្សាវប្បធម៌ គ្រួសារ និងសង្គមជាតិ” សំដៅលើកកម្ពស់មនសិការ ចូលរួមកាន់តែសកម្មដើម្បីឱ្យកូនចៅ ជំនាន់ក្រោយៗទៀតមើលឃើញពីតម្លែឥតគណនារបស់មនុស្សចាស់ ព្រោះមនុស្សចាស់ បានធ្វើពលិកម្មគ្រប់ បែបយ៉ាងដើម្បីរក្សាទុកនូវសមិទ្ធផលជាតិ ស្នាដៃប្រវត្តិសាស្ត្រទាំង ឡាយសម្រាប់មនុស្សជាតិទូទៅ ដូច្នេះហើយទើបយើងនៅតែចាត់ទុកមនុស្សចាស់ គឺជាគ្រឹះនៃបញ្ញាញាណ មនុស្សចាស់ជាគតិបណ្ឌិត មនុស្សចាស់គឺជាសម្បត្តិវប្បធម៌ មនុស្សចាស់គឺជាកេរមរតកមនុស្សជាតិដ៏ប្រសើរថ្លៃថ្លាបំផុត៕

ដោយ ជួន សុជាតិ