ក្រសួងផែនការ និង អង្គការFAO គ្រោងនឹងចុះកិច្ចព្រមព្រៀងស្តីពីគម្រោងអនុវត្តន៍ អង្កេតកសិកម្មនៅកម្ពុជាឆ្នាំ២០១៩

AKP ភ្នំពេញ ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០៨ — ក្រសួងផែនការ និងអង្គការFAO គ្រោងនឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្តីពីគម្រោង អនុវត្តន៍អង្កេតកសិកម្មនិងការអង្កេតចន្លោះជំរឿនកសិកម្មនៅកម្ពុជាឆ្នាំ២០១៩ ដើម្បីអនុវត្តន៍ ឱ្យសម្រេចបានជោគជ័យ។ នេះបើតាមការចេញផ្សាយតាមគេហទំព័រហ្វេស ប៊ុករបស់ក្រសួង ផែនការ។


ក្នុងជំនួបពិភាក្សាការងារជាមួយ ឯកឧត្តម ឆាយ ថន ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង ផែនការ កាលថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៨ នាទីស្តីការក្រសួងផែនការ លោក Alexandre Huynh ប្រធានអង្គការFAO ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា បានលើកឡើងថា កិច្ចសហ ប្រតិបត្តិការរវាងក្រសួងផែនការ និងអង្គការFAO ក្នុងកិច្ចព្រម ព្រៀងស្តីពីគម្រោងអនុវត្តន៍ អង្កេតកសិកម្ម និងការអង្កេតចន្លោះជំរឿនកសិកម្មនៅកម្ពុជាឆ្នាំ២០១៩នេះ នឹងជំរុញការ អនុវត្តឱ្យសម្រេចបានជោគជ័យ។

លោកបានឱ្យដឹងទៀតថា ក្រៅពីការ ផ្តល់ជំនួយថវិកា និង បច្ចេកទេសនេះ អង្គការFAO នឹងខិតខំព្យាយាមប្រឹងប្រែងបន្ថែមទៀត ស្វែងរកដៃគូផ្តល់ ជំនួយអភិវឌ្ឍន៍ដទៃទៀត ដើម្បីជួយដល់ក្រសួងផែនការក៏ដូចជារាជរដ្ឋាភិបាលកម្ពុជាក្នុងកិច្ច អភិវឌ្ឍន៍ប្រទេសជាតិរបស់ខ្លួនឱ្យរីកចម្រើនថែមទៀត។

ជាមួយគ្នានេះ ក្នុងសហប្រតិបត្តិការអនុវត្តន៍គម្រោងអង្កេតខាងលើនេះ វិទ្យាស្ថានជាតិ ស្ថិតិ នៃក្រសួងផែនការ បានទទួលគោលការណ៍អនុញ្ញាត ចុះហត្ថលេខាកិច្ចព្រមព្រៀង ស្តីពីការអនុវត្តអង្កេតចន្លោះជំរឿនកសិកម្មកម្ពុជាសម្រាប់ឆ្នាំ២០១៩ ជាមួយអង្គការFAO ដោយពន្ធ និងអាករផ្សេងៗ ជារបស់រដ្ឋ និងការធានាចំណាយឥណទាន ថវិកាបដិភាគ ចំនួន២៦៦.០០០ដុល្លារអាម៉េរិក របស់រាជរដ្ឋាភិបាលកម្ពុជា២០ភាគរយ សម្រាប់គាំទ្រការ អនុវត្តអង្កេតចន្លោះជំរឿនកសិកម្មកម្ពុជាឆ្នាំ២០១៩។

សូមបញ្ជាក់ថា គម្រោងអនុវត្តអង្កេតចន្លោះជំរឿនកសិកម្មកម្ពុជាឆ្នាំ២០១៩ ត្រូវបាន គ្រោងចំណាយថវិកាសរុបចំនួន១.៣១៥.៨៦៧ ដុល្លារអាម៉េរិក ក្នុងនោះអង្គការFAO ចូលរួម ថវិកាចំនួន១.០៤៩.៨៦៧ដុល្លារ សម្រាប់ជំហានដំបូងនេះ។ ការអនុវត្តគម្រោងអង្កេតកសិកម្ម ខាងលើ គឺចាំបាច់ត្រូវការសហប្រតិបត្តិការបច្ចេកទេស ពីអង្គការ FAO ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងដៃគូអភិវឌ្ឍន៍ពាក់ព័ន្ធនានា ដើម្បីឱ្យលទ្ធផលទិន្នន័យអង្កេត កសិកម្មមានប្រសិទ្ធភាព ប្រកបដោយគុណភាពខ្ពស់ ដែលអាចជឿជាក់បាន សម្រាប់ប្រើ ប្រាស់ក្នុងការរៀបចំគោលនយោបាយអភិវឌ្ឍន៍ជាតិ គាំទ្រគោលដៅអភិវឌ្ឍន៍ប្រកបដោយ ចីរភាព។

ឯកឧត្តម ឆាយ ថន ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងផែនការបានមានប្រសាសន៍ស្វាគមន៍ ក្នុងនាមក្រសួងផែនការ ចំពោះការផ្តល់ការគាំទ្រពីសំណាក់ អង្គការFAO ក៏ដូចជារាជរដ្ឋាភិ បាលកម្ពុជា ដែលបានគាំទ្រដល់គម្រោងអនុវត្តន៍ ជំរឿនកសិកម្ម និងការអង្កេតចន្លោះជំរឿន កសិកម្មនៅកម្ពុជាឆ្នាំ២០១៩ខាងមុខនេះ៕

ដោយ គង់ សិរីរ័ត្ន