សហរដ្ឋអាមេរិកត្រៀមខ្លួនបន្តចរចាជាមួយកូរ៉េខាងជើងក្នុងការលុបបំបាត់អាវុធនុយក្លេអ៊ែរនៅឆ្នាំ ២០២១

វិទ្យុជាតិកម្ពុជា/ អត្ថបទ ឆាយ វីកាល
ប្រភព រ៉យតឺរ (២០.០៩.១៨)

អាមេរិក៖ សហរដ្ឋអាមេរិកបាននិយាយថាខ្លួនត្រៀមខ្លួនបន្តធ្វើកិច្ចចរចាឡើងវិញជាមួយកូរ៉េខាងជើងបន្ទាប់ពី​ក្រុងព្យុងយ៉ាងបានសន្យាកាលពីថ្ងៃពុធថានឹងរុះរើទីតាំងផលិតមីស៊ីលរបស់ខ្លួនហើយបានសន្យាថាខ្លួននឹងបិទរោងចក្រនុយក្លេអ៊ែរដ៏សំខាន់របស់ខ្លួនប្រសិនបើក្រុងវ៉ាស៊ីនតោន ចាត់វិធានការច្បាស់លាស់។

រដ្ឋមន្ត្រីក្រសួងការបរទេសអាមេរិកលោកម៉ែក ប៉ុមពេអូ បាននិយាយថាលោកអញ្ជើញរដ្ឋមន្រ្តីការបរទេសរបស់កូរ៉េខាងជើងឱ្យទៅជួបនៅទីក្រុងញូវយ៉កនៅសប្តាហ៍ក្រោយក្នុងគោលបំណងពិភាក្សាគ្នា ពីការបញ្ចប់ការលុបបំបាត់អាវុធនុយក្លេអ៊ែររបស់កូរ៉េខាងជើងនាខែមករាឆ្នាំ ២០២១ ខាងមុខ។

សហរដ្ឋអាមេរិកហាក់ដូចជាទទួលយកការសន្យារបស់មេដឹកនាំកូរ៉េខាងជើងលោកគីមជុងអ៊ុន
នៅឯកិច្ចចរចារបស់លោកជាមួយលោកប្រធានាធិបតីកូរ៉េខាងត្បូងលោក ម៉ូនចេអ៊ីន
ទោះបីជាអ្នករិះគន់បាននិយាយថានេះជាជំហានតិចតួចសំរាប់ទីក្រុងព្យុងយ៉ាងក្នុងការលប់បំបាត់អាវុធនុយក្លេអ៊ែ ។